ការរួបរួម

ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង។ អេភេសូរ ៤:៣

ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី បាន​បែក​បាក់​គ្នា នៅ​ទសវត្សរ៍​ឆ្នាំ១៨០០ ដោយសារ​រឿង​ភ្លៅ​មាន់​មួយ​ដុំ។ គេ​បាន​ដំណាល​រឿង​នេះ ដោយ​សាច់​រឿង​ខុស​គ្នា តែ​សមាជិក​ម្នាក់​របស់​ពួក​ជំនុំ​នេះ ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដំណាល​ថា មាន​បុរស​ពីរ​នាក់​បាន​ឈ្លោះ​ប្រកែក​គ្នា រឿង​ភ្លៅ​មាន់​មួយ​ដុំ ក្នុង​កម្មវិធី​ប្រកប​គ្នា នៅ​ព្រះ​វិហារ។ បុរស​ទីមួយ​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់​ញាំ​ភ្លៅ​មាន់​នោះ។ បុរស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា ព្រះ​ទ្រង់​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ ហើយ​ខ្លួន​ពិត​ជា​ចង់​ញាំ​ភ្លៅ​មាន់​នោះ​ណាស់។ ពួកគេ​ក៏​មាន​ការ​ខឹង​សម្បា​ចំពោះ​គ្នា​ខ្លាំង​ណាស់ បាន​ជា​ម្នាក់​បាន​ផ្លាស់​ទៅ​រស់​នៅ​ចម្ងាយ​រាប់​គីឡូ ពី​កន្លែង​ចាស់ ហើយ​ក៏​បាន​បើក​ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី​ទី២។ អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ពួក​ជំនុំ​នេះ​បាន​ផ្សះផ្សា​គ្នា​វិញ ហើយ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា ពួក​គេ​បាន​បែក​បាក់​គ្នា ដោយសារ​មូល​ហេតុ​ដែល​គួរ​ឲ្យ​អស់​សំណើច។

ការ​រួប​រួម​គ្នា​ គឺជា​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ។ នៅ​ពេល​យប់ មុន​ពេល​ព្រះ​អង្គ​សុគត ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ពួក​សិស្ស​ថា សូម “គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន”(យ៉ូហាន ១៧:២១-២៣។

សាវ័ក​ប៉ុល​ក៏​បាន​ជំរុញ​យើង ឲ្យ “​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង មាន​រូបកាយ​តែ​១ ហើយ​ព្រះវិញ្ញាណ​តែ​១” (អេភេសូរ ៤:៣-៤) ហើយ​មិន​ត្រូវ​មាន​ការ​បែក​បាក់​គ្នា​ឡើយ។​

ព្រះ​កាយ​ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​លោះ​បាប​យើង តែ​យើង​​ជា​អ្នក​ជឿ​ព្រះ​អង្គ មិន​ត្រូវ​បំបែក​បំបាក់​ពួក​ជំនុំ ដែល​ជា​រូប​កាយ​ព្រះ​អង្គ ដោយ​កំហឹង ការ​និយាយ​ដើម និង​ជម្លោះ​នោះ​ឡើយ។ ចូរ​យើង​គិត​ប្រយោជន៍​រួម ដើម្បី​កុំ​ឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ព្រះវិហារ​របស់​យើង។ ចូរ​យើង​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន!—Mike Wittmer

តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ជា​ការ​រួម​ចំណែក ដល់​ការ​រួប​រួម​នៃ​ព្រះ​វិហារ​របស់​អ្នក? តើ​មាន​អ្វី​ទៀត​ដែល​អ្នក​អាច​ធ្វើ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្វែង​រក​សន្តិ​ភាព​ជា​មួយ​អ្នក​ដទៃ ដោយ​អស់​ពី​ចិត្ត។ សូម​កុំ​ឲ្យ​មាន​ការ​បែក​បាក់ ដោយសារ​ទូល​បង្គំ​ឡើយ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ដានីយ៉ែល ៨-១០ និង ៣យ៉ូហាន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles