បានសង្រ្គោះឲ្យរួចពីខ្មំាងសត្រូវ

ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំងសត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ។ ២សាំយ៉ូអែល ២២:១៨

កាល​ពី​ឆ្នាំ​២០១០ ពេល​ដែល​លោក​ចច វូជណូវិជ(George Vujnovich) មាន​អាយុ​៩៤​ឆ្នាំ គាត់​បាន​ទទួល​រង្វាន់​ផ្កាយ​សំរឹត សម្រាប់​ការ​រៀប​ចំ​ការ​ជួយ​សង្រ្គោះ​មួយ ដែល​សារព័ត៌មាន​ញូយ៉ក​ថែម​បាន​ហៅ​ថា “ការ​ជួយ​សង្រ្គោះ​មួយ ក្នុង​ចំណោម​ការ​ជួយ​សង្រ្គោះ​អស្ចារ្យ​បំផុត ក្នុង​សម័យ​សង្រ្គាម លោក​លើក​ទី​២។ លោក​វូជណូវិជ ជា​កូន​ជន​ជាតិ​សឺបៀ ដែល​បាន​ផ្លាស់​មក​រក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គាត់​បាន​ចូល​បម្រើ​ការ​ក្នុង​ជួរ​ទ័ព​អាមេរិក។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ពួក​ទ័ព​អាកាស​របស់​អាមេរិក ដែល​​ធ្លាក់​យន្ត​ហោះ កំពុង​ស្ថិត​ក្រោម​ការ​ការពារ​របស់​ពួក​ឧទាម​នៅ​ប្រទេស​យូហ្គោស្លាវី គាត់​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ក្រុម​គ្រួសារ​គាត់​វិញ ដោយ​លោត​ឆ័ត្រ​យោង ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ស្វែង​រក​ទីតាំង​របស់​ពួក​អ្នក​បើក​យន្ត​ហោះ​ទាំង​នោះ។ គាត់​បាន​ចែក​ពួក​គេ​ជា​ក្រុម​តូច​ៗ ហើយ​បង្រៀន​ពួក​គេ អំពី​របៀប​រស់​នៅ​ជា​មួយ​ជនជាតិ​សឺបៀ(ដោយ​ស្លៀក​ពាក់​ខោអាវ និង​បរិភោគ​អាហារ​ជនជាតិ​សឺបៀ)។ បន្ទាប់​មក គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​នាំ​ពួក​គេ​ចេញ​ម្តង​មួយ​ក្រុម​ៗ ទៅ​រក​យន្ត​ហោះ​ដឹក​ជញ្ជូនC-47 ដែល​កំពុង​រង់​ចាំ នៅ​លើ​ផ្លូវ​សម្រាប់​ចុះ​ចត ដែល​គេ​បាន​បង្កើត​ឡើង ដោយ​ការ​កាប់​ឆ្ការ​ព្រៃ។ លោក​វូជណូវិជ​ក៏​បាន​សង្រ្គោះ​ពួកទ័ពអាកាស៥១២នាក់ ដែល​សុទ្ធ​តែ​មាន​ពេញ​ដោយ​អំណរ។

ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​កើត​មាន ពេល​ដែល​ព្រះ​បាន​សង្រ្គោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ដែល​បានឡោម​ព័ទ្ធ​ជុំជិត។ ស្តេច​ដាវីឌ​មាន​បន្ទូល​ថា ព្រះ​ទ្រង់ “​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​មក​ចាប់​ទូលបង្គំ​ស្រង់​ចេញ​ពី​ទឹក​ធំ”(២សាំយ៉ូអែល ២២:១៧)។ ស្តេច​សូល​ក៏​មាន​ព្រះទ័យ​ក្រោធ ដោយ​ការ​ច្រណែន។ ទ្រង់​បាន​តាម​សម្លាប់​ដាវីឌ ដោយ​គ្មាន​ត្រា​ប្រណី។ តែ​ព្រះ​ទ្រង់​មាន​ផែនការ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា “ទ្រង់​បាន​ដោះ​ឲ្យ​ទូលបង្គំ​រួច​ពី​ខ្មាំងសត្រូវ​យ៉ាង​ខ្លាំង​របស់​ទូលបង្គំ គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ ដ្បិត​គេ​មាន​កំឡាំង​ច្រើន​ជាង​ទូលបង្គំ”(ខ.១៨)។

ព្រះ​ទ្រង់​បាន​សង្រ្គោះ​ដាវីឌ​ឲ្យ​រួចពី​ស្តេច​សូល។ ទ្រង់​សង្គ្រោះ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​នគរ​អេស៊ីព្ទ។ ហើយ​ក៏​បាន​សង្រ្គោះ​យើង​រាល់​គ្នា តាម​រយៈ​ព្រះ​យេស៊ូវ។ ព្រះយេស៊ូវ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប ការ​អាក្រក់ និង​សេចក្តី​ស្លាប់។ ព្រះ​អង្គ​មាន​អំណាច​លើ​ខ្មាំង​សត្រូវ​គ្រប់​យ៉ាង។—Winn Collier

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ទាល់​ច្រក ដោយ​មិន​អាច​គេច​ចេញ​ពី​ការ​កុហក ឬ​អំពើ​បាប​ដែល​បាន​ចង​រឹត​អ្នក​ឬទេ? តើ​ព្រះ​យេស៊ូវ​បាន​ជួយ​រំដោះ​អ្នក​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ទូល​បង្គំ​ត្រូវ​ការ​ការ​សង្រ្គោះ។ បើ​គ្មាន​ជំនួយ​ពី​ព្រះ​អង្គ​ទេ ទូល​បង្គំ​នឹងពិបាក​ជា​​ខាន។ ទូល​បង្គំ​ទាល់​ច្រកហើយ។ ដូចនេះ ទូល​បង្គំ​សូម​ងាក​មក​រក​ព្រះ​អង្គ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ផង​។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហូសេ ១-៤ និង វិវរណៈ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles