មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ។ ទំនុកដំកើង ៣១:១២
ឡានក្រុងបានដឹកយើងទៅដល់គោលដៅ ដែលយើងរំពឹងចង់បាន គឺកន្លែងកំណាយបុរាណវត្ថុវិទ្យា នៅប្រទេសអ៊ីស្រាអែល ដែលនៅទីនោះ យើងអាចធ្វើកំណាយខ្លះៗ ដោយផ្ទាល់ដៃ។ ប្រធាននៅទីតាំងកំណាយនោះ បានពន្យល់ថា វត្ថុដែលយើងអាចរកឃើញ មិនទាន់មានគេប៉ះពាល់ជាច្រើនពាន់ឆ្នាំមកហើយ។ ពេលយើងជីកបានអំបែងក្អមឆ្នាំង យើងមានអារម្មណ៍ថា ដៃរបស់យើងកំពុងតែប៉ះប្រវត្តិសាស្រ្ត។ បន្ទាប់ពីនៅកន្លែងនោះអស់ពេលយូរបន្តិច គេក៏បាននាំយើងទៅកន្លែងមួយទៀត ដែលនៅទីនោះ បំណែកនីមួយៗ របស់ផើង ឬថូដែលបានបែក តាំងពីយូរមកហើយ ត្រូវគេយកមកផ្គុំចូលគ្នាវិញ។
ការដែលសិល្បករជួសជុលគ្រឿងស្មូនដែលមានអាយុកាលជាច្រើនសតវត្សរ៍ បានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះដែលចូលចិត្តជួសជុលអ្វីដែលប្រេះបែក។ ក្នុងបទគម្ពីរទំនុកដំកើង ៣១:១២ ស្តេចដាវីឌបានសរសេរថា “មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពីមនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ”។ ស្តេចដាវីឌច្រើនតែរៀបរាប់អំពីទុក្ខលំបាករបស់ទ្រង់ ក្នុងបទទំនួញ ដូចក្នុងបទគម្ពីរទំនុកដំកើងនេះជាដើម។ បទចម្រៀងនេះបានពិពណ៌នាថា ជីវិតទ្រង់ប្រេះបែក ដោយសារគ្រោះថ្នាក់ ខ្មាំងសត្រូវ និងភាពអស់សង្ឃឹម។
ដូចនេះ តើទ្រង់ងាកទៅរកជំនួយ នៅទីណា? ក្នុងខ.១៦ ស្តេចដាវីឌបានស្រែករកព្រះថា “សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្តីសប្បុរសនៃទ្រង់”។
ព្រះដែលស្តេចដាវីឌជឿ នៅតែជាព្រះដែលបន្តជួសជុលអ្វីដែលប្រេះបែក ក្នុងពេលសព្វថ្ងៃផងដែរ។ ហើយព្រះអង្គគ្រាន់តែសព្វព្រះទ័យ ឲ្យយើងស្រែករកព្រះអង្គ ហើយទុកចិត្តលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ។—Bill Crowder
តើអ្នកមានភាពប្រេះបែក នៅត្រង់ផ្នែកណាខ្លះនៃជីវិតអ្នក? តើព្រះទ្រង់បានជួយអ្នក ឲ្យឆ្លងកាត់ពេលដ៏ពិបាកនោះ ដោយរបៀបណា?
ឱព្រះដ៏ជាជំនួយ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការស្អាងទូលបង្គំឡើងវិញ រៀងរាល់ពេលដែលទូលបង្គំដួលចុះ ហើយមានភាពប្រេះបែក។
For further study, read Understanding the Bible: The Wisdom Books at DiscoverySeries.org/Q0422.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេម៉ុស ៧-៩ និង វិវរណៈ ៨