ត្រីវិស័យដែលព្រះបានប្រទាន

ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង។ ទំនុកដំកើង ១១៩:១០៥

ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២​ លោក​វ៉ាលដេម៉ារ សេមេណូវ(Waldemar Semenov) កំពុង​បម្រើ​ការ​ជា​វិស្វករ​ជាន់​ទាប នៅ​លើ​នាវា SS Alcoa Guide ។ ពេល​ដែល​នាវា​នោះ ស្ថិត​នៅ​ចម្ងាយ​ជាង​៥០០គីឡូម៉ែត្រ​ ពី​ឆ្នេរ​នៃ​រដ្ឋ​ខារ៉ូឡាញណា​ខាង​ជើង នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​ក៏​បាន​ងើប​ឡើង​ពី​ក្នុង​ទឹក​សមុទ្រ ហើយ​ក៏​បាន​បាញ់​ប្រហារ​មក​លើ​នាវា​នោះ។ នាវា​ក៏​បាន​ត្រូវ​គ្រាប់​បណ្តាល​ឲ្យ​ឆេះ ហើយ​ក៏​ចាប់​ផ្តើម​លិច។ លោក​សេមេណូវ និង​ក្រុម​នាវិក​របស់​គាត់​ក៏​បាន​សម្រូត​ទូក​សុវត្ថិភាព​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ប្រើ​ត្រី​វិស័យ​របស់​នាវា ដើម្បី​ធ្វើ​ដំណើរ​ទៅ​រក​កំពង់​ផែ។ បី​ថ្ងៃ​ក្រោយ​មក យន្ត​ហោះ​ល្បាត​មួយ​គ្រឿង បាន​ប្រទះ​ឃើញ​ទូក​សុវត្ថិភាព​របស់​ពួក​គេ  ហើយ​នាវា USS Broome ក៏​បាន​ជួយ​សង្រ្គោះ​ពួក​គេ នៅ​ថ្ងៃ​បន្ទាប់។ ដោយសារ​ត្រី​វិស័យ​នោះ លោក​សេមេណូវ និង​ពួក​នាវិក​២៦​នាក់ ក៏​បាន​រួច​ជីវិត។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​ទ្រង់​បាន​បំពាក់​ពួកគេ​ដោយ​ព្រះ​គម្ពីរ ដែល​ប្រៀប​ដូច​ជា​ត្រី​វិស័យ​សម្រាប់​ជីវិត។ គាត់​បាន​ប្រៀប​ធៀប​ព្រះ​គម្ពីរ ទៅ​នឹង “ចង្កៀង” (ទំនុក​ដំកើង ១១៩:១០៥) ដែល​បំភ្លឺ​ផ្លូវ​នៃ​ជីវិត សម្រាប់​អ្នក​ដែល​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ។ ពេល​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ​ បាន​រសាត់​អណ្តែត ក្នុង​ទឹក​សមុទ្រ​ដ៏​វឹកវរ​នៃ​ជីវិត គាត់​ដឹង​ថា ព្រះ​ទ្រង់​អាច​ប្រើ​ព្រះ​គម្ពីរ ដើម្បី​ផ្តល់​ឲ្យ​នូវ​ទិសដៅ​ខាង​វិញ្ញាណ ដែល​ជួយ​ឲ្យ​គាត់​រួច​ជីវិត។ ដូច​នេះ គាត់​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បញ្ចេញ​ពន្លឺ​ទ្រង់ ដើម្បី​ដឹក​នាំ​គាត់ ក្នុង​ការ​រស់​នៅ ហើយ​នាំ​គាត់​ទៅ​ដល់​ត្រើយ​នៃ​ព្រះ​វត្ត​មាន​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ដោយ​សុវត្ថិភាព​(៤៣:៣)។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ពេលណា​យើង​វង្វេង​ផ្លូវ ព្រះ​ទ្រង់​អាច​ដឹក​នាំ​យើង ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ទិសដៅ ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ សូម​ព្រះ​ទ្រង់​កែ​ប្រែ​ចិត្ត និង​គំនិត​យើង ពេល​ណា​យើង​អាន​ព្រះ​គម្ពីរ សិក្សា ហើយ​ដើរ​តាម​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ។​—Marvin Williams

តើ​អ្នក​បាន​ប្រើ​ខគម្ពីរ​ណា​មួយ ជា​ត្រីវិស័យ​ក្នុង​ជីវិត​អ្នក ក្នុង​ពេល​ថ្មី​ៗ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

តើ​អ្នក​ជួប​ការ​ល្បួង មិន​ឲ្យ​ដើរ​តាម​ទិស​ដៅ​នៃ​ត្រី​វិស័យ ដែល​ព្រះ​គម្ពីរ​ផ្តល់​ឲ្យ នៅពេលណាខ្លះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​ពេល​ណា​ទូល​បង្គំ​ជួប​ការ​ល្បួង ឲ្យ​រសាត់​អណ្តែត​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​បាន​ជួយ​នាំ​ទូល​បង្គំ​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៤-៥ និង វិវរណៈ ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles