គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។ កិច្ចការ ១១:២៦
ការជួបជុំគ្នា នៅភាគខាងជើងនៃប្រទេសថៃបានកើតឡើង នៅព្រះវិហារអន្តរជាតិ អន្តរនិកាយមួយ។ នៅថ្ងៃអាទិត្យមួយ កាលពីពេលថ្មីៗនេះ អ្នកជឿព្រះយេស៊ូវមកពីប្រទេសកូរ៉េ ហ្កាណា ប៉ាគីស្ថាន ចិន បង់ក្លាដេស អាមេរិក ភីលីពីន និងប្រទេសដទៃទៀត បានមកជួបជុំគ្នា ក្នុងសាលប្រជុំក្នុងសណ្ឋាគារដ៏សាមញ្ញមួយ។ ពួកគេបានច្រៀងបទ “មានតែក្នុងព្រះគ្រីស្ទទេ” និងបទ “ខ្ញុំជាកូនព្រះ” ដែលមានទំនុកចម្រៀងធ្វើឲ្យប៉ះពាល់ចិត្តយ៉ាងខ្លាំង។
គ្មាននរណាម្នាក់អាចនាំមនុស្សឲ្យមានការរួបរួមគ្នា ដូចដែលព្រះយេស៊ូវបានធ្វើនោះឡើយ។ ព្រះអង្គបានធ្វើការនេះតាំងពីដើមរៀងមក។ នៅសតវត្សរ៍ទី១ ទីក្រុងអាន់ទីយ៉ូកមាន១៨ជនជាតិ ដោយសហគមន៍នៃជនជាតិនីមួយៗ រស់នៅក្នុងសង្កាត់រៀងខ្លួន ក្នុងទីក្រុង។ ពេលដែលអ្នកជឿមកដល់ទីក្រុងអាន់ទីយ៉ូកជាលើកដំបូង ពួកគេផ្សាយព្រះបន្ទូលអំពីព្រះយេស៊ូវ តែក្នុងចំណោមពួកសាសន៍យូដាប៉ុណ្ណោះ (កិច្ចការ ១១:១៩)។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាផែនការរបស់ព្រះ សម្រាប់ពួកជំនុំនោះឡើយ។ អ្នកដទៃទៀតក៏បានមកដល់ផងដែរ ដោយពួកគេ “ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ”(ខ.២០-២១)។ ប្រជាជននៅក្នុងទីក្រុងនេះ បានកត់សំគាល់ឃើញថា ព្រះយេស៊ូវកំពុងតែប្រោសឲ្យជា ភាពសម្អប់អស់ជាច្រើនសតវត្សរ៍រវាងសាសន៍យូដា និងសាសន៍ក្រិក ហើយពួកគេក៏បានហៅពួកជំនុំចម្រុះសាសន៍នេះថា “គ្រីស្ទាន”(ខ.២៦)។
យើងអាចមានការពិបាក នៅក្នុងការឆ្លងកាត់រនាំងនៃជាតិសាសន៍ សង្គម និងសេដ្ឋកិច្ច ដើម្បីរាប់រកអ្នកដែលមានភាពខុសប្លែកពីយើង។ តែការលំបាកនេះ ជាឱកាសរបស់យើង។ បើវាមិនមានការពិបាកទេ នោះយើងប្រហែលមិនត្រូវការព្រះយេស៊ូវឲ្យជួយយើងដែរ។ ហើយមនុស្សមិនច្រើនទេ នឹងសង្កេតឃើញយើងដើរតាមព្រះអង្គ។—Mike Wittmer
ហេតុអ្វីការឈោងទៅរកអ្នកដែលខុសប្លែកពីយើង មានការពិបាក? តើព្រះយេស៊ូវបានប្រទានអ្វីមកយើង ដើម្បីជួយឲ្យយើងឈោងទៅរកគេ?
ឱព្រះយេស៊ូវ សូមឲ្យពួកគេបានដឹងថា ទូលបង្គំជាគ្រីស្ទាន ដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលបង្ហាញចេញតាមការរស់នៅរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ណាហ៊ុម ១-៣ និង វិវរណៈ ១៤