ប្រសើរលើសមាសពេជ្រទៅទៀត

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន។ សុភាសិត ៣:១៨

លោក​អេដវើត ជែកសិន(Edward Jackson) ដែល​ជា​អ្នក​ស្វែង​រក​រ៉ែ​មាស បាន​ចេញ​ទៅ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ក្នុង​អំឡុង​សម័យ​ផ្អើល​រក​រ៉ែ​មាស​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក។ ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ គាត់​បាន​សរសេរ អំពី​ហេតុ​ការណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៤៩ ដោយ​ពោល​ទំនួញ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដោយ​ជិះ​រទេះ​គោ​ជា​ក្រុម ដែល​ដិត​ដាម​ដោយ​ជម្ងឺ ​និង​សេចក្តី​ស្លាប់។ គាត់​សរសេរ​ថា “ខ្ញុំ​មិន​ត្រូវ​ចោល​ឆ្អឹង​នៅ​ទីនេះ​ទេ។ បើ​សិន​ជា​អាច សូម​ឲ្យ​ខ្ញុំ​បាន​ស្លាប់​នៅ​ផ្ទះ​វិញ”។ អ្នក​ស្វែង​រក​រ៉ែ​មាស​ម្នាក់​ទៀត ឈ្មោះ ចន វ៉កឃ័រ(John Walker) ក៏​បាន​សរសេរ​ផង​ដែរ​ថា “វា​ជា​ការ​ផ្សង​សំណាង​ទាំង​ស្រុង ដូច​ការ​ចាក់​ឆ្នោត​អញ្ចឹង…ខ្ញុំ​មិន​អាច​ផ្តល់​យោបល់ ឲ្យ​នរណា​ម្នាក់​មក​ទីនេះ​ទេ”។

តាម​ពិត លោក​វ៉កឃ័រ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ជោគ​ជ័យ ក្នុង​របរ​កសិកម្ម ចិញ្ចឹម​សត្វ និង​នយោបាយ​ក្នុង​រដ្ឋ​របស់​គាត់។ ពេល​ដែល​សមាជិក​គ្រួសារ​គាត់​ម្នាក់ បាន​យក​សំបុត្រ​កំណត់​ហេតុ​កញ្ចាស់​របស់​គាត់ ដែល​ប្រែ​ពណ៌​លឿង ទៅ​កម្ម​វិធី​ពិពណ៌​វត្ថុ​បុរាណ ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក គេ​ក៏​បាន​ឲ្យ​តម្លៃ​សំបុត្រ​នោះ​រាប់​ពាន់​ដុល្លា។ ពិធីករ​ទូរទស្សន៍​ក៏​បាន​មាន​ប្រសាសន៍​ថា “ដូចនេះ គាត់​ពិត​ជា​រក​បាន​របស់​មាន​តម្លៃ ក្នុង​សម័យ​ផ្អើល​រក​មាស។ គឺ​សំបុត្រ​នេះ​ឯង”។

ជាង​នេះ​ទៅ​ទៀត ទាំង​លោក​វ៉កឃ័រ និង​លោក​ចនសិន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ទទួល​បាន​នូវ​ប្រាជ្ញា ដែល​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​រស់​នៅ ដែល​មាន​ការ​ប្រតិបត្តិ​ជាក់​ស្តែង​ពិត​ប្រាកដ​ជាង។ សូម​យើង​ពិចារណា អំពី​ពាក្យ​នៃ​ប្រាជ្ញា​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែង​ថា “សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា … ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន”(សុភាសិត ៣:១៣,១៨) ។ ការ​សម្រេច​ចិត្ត​គួរ​តែ​ប្រកប​ដោយ​ប្រាជ្ញា ដែល“​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កំរៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង”(ខ.១៤) ហើយ​មាន​តម្លៃ​លើស​អ្វី​ៗ​ដែល​ចិត្ត​មនុស្ស​ប្រាថ្នា​ចង់​បាន នៅ​លើ​ផែន​ដី​(ខ.១៥)។

“មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្តី​សុខ​ដែរ”(ខ.១៦-១៧)។ ដូចនេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​តោង​ឲ្យ​ជាប់​ប្រាជ្ញា មិន​មែន​ដេញ​តាម​សេចក្តី​ប្រាថ្នា​នោះ​ឡើយ។ នេះ​ជា​ផ្លូវ​ដែល​ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ។​—Patricia Raybon

តើ​មាន​សេចក្តី​ប្រាថ្នា​អ្វី ដែល​អ្នក​កំពុង​ដេញ​តាម ក្នុង​ជីវិត? តើ​ផ្លូវ​នៃ​ប្រាជ្ញា​​អាច​នាំ​ជីវិត​អ្នក​ទៅ​រក​អ្វី?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ទូលបង្គំ​មាន​ភាព​ងងឹត​ងងុល ដោយ​ការ​លួង​លោម នៃ​សេចក្តី​ប្រាថ្នា សូម​ព្រះ​អង្គ​បណ្តាល​ចិត្ត​ទូល​បង្គំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត ប្រកប​ដោយ​ប្រាជ្ញា ដោយ​ដើរ​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា ត្រឡប់​ទៅ​រក​សន្តិភាព​ប្រកប​ដោយ​ព្រះ​ពរ​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១៣-១៤ និង វិវរណៈ ២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles