វិលត្រឡប់ទៅរកព្រះរាជបញ្ជាជាមូលដ្ឋាន

ចូរ​លះបង់​សេចក្តី​ច្រឡោត និង​ការ​រឹបជាន់​ចេញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​ចុះ។ អេសេគាល ៤៥:៩

មុន​ពេល​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ជា​ទូទៅ​គេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ផ្សេង​ៗ សម្រាប់​ឆ្នាំ​ថ្មី តែ​គេ​ហាក់​ដូច​ជា​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​តែ​ខកខាន នៅ​ក្នុង​ការ​អនុវត្តន៍​តាម​ការ​ប្តេជ្ញា​ចិត្ត​នោះ​។ អ្នក​ខ្លះ​បាន​និយាយ​លេង​សើច អំពី​រឿង​ពិត​នេះ ដោយ​ស្នើ​ឲ្យ​គេ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី ដែល​អាច​ធ្វើ​តាម​បាន ដែល​មាន​ដូច​តទៅ :

  • ខ្ញុំ​នឹង​បក់​ដៃ​ដាក់​អ្នក​បើក​បរ ដែល​ឈប់​នៅ​កន្លែង​ភ្លើង​ស្តុប។
  • ខ្ញុំ​នឹង​ចុះ​ឈ្មោះ​រត់​ម៉ារ៉ាតុន។ តែ​ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម​ឡើយ។
  • ខ្ញុំ​នឹង​ឈប់​ពន្យារ​ពេល តែ​ថ្ងៃ​ស្អែក ខ្ញុំ​ពន្យារ​ពេល​ទៀត។
  • ខ្ញុំ​នឹង​វង្វេង​ផ្លូវ ដោយ​មិន​បាន​ប្រើ​ផែន​ទី។​
  • Unfriend អ្នក​ដែល​បង្ហោះ​រូប​បង្អួត​សាច់​ដុំ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចាប់​ផ្តើម​ជា​ថ្មី អាច​ជា​រឿង​ដែល​មិន​ត្រូវ​លេង​សើច។ នៅ​គ្រា​សញ្ញា​ចាស់ ប្រជាជន​យូដា ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស មាន​ការ​ស្រេក​ឃ្លាន​នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ បន្ទាប់​ពី​ពួក​គេ​រស់​នៅ​ជា​ឈ្លើយ​សឹក បាន​ប្រហែល​២​ទសវត្សរ៍ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​ដល់​ពួក​គេ តាម​រយៈ​លោក​ហោរា​អេសេគាល ដោយ​សន្យា​ថា “អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល” (អេសេគាល ៣៩:២៥)។

ប៉ុន្តែ ប្រជាជាតិ​មួយ​នេះ ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​រក​ព្រះ​រាជ​បញ្ជា ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ពួកគេ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ កាល​ពី​៨​រយ​ឆ្នាំ​មុន។ ដែល​រាប់​បញ្ចូល​ការ​ប្រារព្ធ​ពិធី​បុណ្យ នៅ​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ សម្រាប់​ប្រជាជន​យូដា ពិធី​បុណ្យ​នោះ​ចាប់​ផ្តើម​នៅ​ដើម​រដូវ​ផ្ការីក(៤៥:១៨)។ គោល​បំណង​សំខាន់​នៃ​ការ​ធ្វើ​ពិធី​បុណ្យ​ទាំង​ឡាយ គឺ​ដើម្បី​រំឭក​ពួក​គេ អំពី​ចរិយា​សម្បត្តិ​របស់​ព្រះ និង​អ្វី​ដែល​ទ្រង់​រំពឹង​ចង់​បាន​ពី​ពួក​គេ។ ព្រះ​អង្គ​បាន​ប្រាប់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ថា “ចូរ​លះបង់​សេចក្តី​ច្រឡោត និង​ការ​រឹបជាន់​ចេញ”(ខ.៩) ហើយ​ព្រះអង្គ​បាន​ជំរុញ​ពួក​គេ ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​វិញ(ខ.១០)។

មេរៀន​នេះ​ក៏​សម្រាប់​ឲ្យ​យើង​អនុវត្ត​តាម​ផង​ដែរ។ ជំនឿ​របស់​យើង​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ល្អ ពុំ​នោះ​ទេ ជំនឿ​យើង​មិន​មាន​តម្លៃ​ឡើយ(យ៉ាកុប ២:១៧)។ ក្នុង​ពេល​ឆ្នាំ​ថ្មី​នេះ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​អ្វី ដែល​យើង​ត្រូវ​ការ ចូរ​យើង​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់​យើង ដោយ​វិល​ត្រឡប់​ទៅ​រក​ព្រះ​រាជ​បញ្ជា​ជា​មូល​ដ្ឋាន ដែល​បាន​បង្គាប់​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង និង​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧-៣៩)។—Tim Gustafson

តើ​អ្នក​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​មក​រក​ព្រះ​រាជ​បញ្ជា​ជា​មូលដ្ឋាន​ដែរ​ឬទេ? តើ​អ្នក​នឹង​ធ្វើ​ការ​អនុវត្តន៍ តាម​ព្រះរាជ​បញ្ជា​ទាំង​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​វិញ្ញាណ​ព្រះអង្គ​រំឭក​ទូល​បង្គំ​ថា ទូល​បង្គំ​ត្រូវ​គិត​ប្រយោជន៍​អ្នក​ដទៃ សំខាន់​ជាង​ខ្លួន​ឯង។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles