ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ យ៉ូហាន ១៦:៣៣
មានពេលមួយខ្ញុំបានឃើញផ្លាកផ្សាយពាណិជ្ជកម្មសរសេរថា “សូមគេចចេញពីការហត់នឿយ” ហើយងាកមករកអាងទឹកក្តៅវិញ។ ខ្ញុំក៏មានការចាប់អារម្មណ៍ ហើយក៏បាននឹកគិតម្នាក់ឯង។ ខ្ញុំ និងភរិយាខ្ញុំបានជជែកគ្នា អំពីការទិញអាងទឹកក្តៅនៅថ្ងៃណាមួយ។ វានឹងធ្វើឲ្យយើងមានអារម្មណ៍ថា យើងកំពុងតែមានពេលសម្រាកវិស្សមកាល ក្នុងទីធ្លាក្រោយផ្ទះយើង។ ទាស់តែម្យ៉ាង គឺយើងនឹងត្រូវចំណាយពេលសម្អាត ហើយបង់ថ្លៃទឹកភ្លើងកាន់តែច្រើនជាងមុន។ ហើយភ្លាមៗនោះ ការសង្ឃឹមថា នឹងបានចាកចេញពីភាពហត់នឿយ ក៏បានក្លាយជាអ្វីដែលខ្ញុំចាំបាច់ត្រូវគេចចេញទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ ពាក្យផ្សាយពាណិជ្ជកម្មនោះ បានចងចិត្តរបស់យើងយ៉ាងមានប្រសិទ្ធភាព ដោយវាបានសន្យាថា យើងនឹងមានភាពធូរស្រាល ភាពស្រណុកស្រួល និងសុវត្ថិភាព។ ពាក្យ ជៀសចេញ ឬគេចចេញ ត្រូវបានវប្បធម៌របស់យើងប្រើប្រាស់ ដើម្បីល្បួង និងជន្លយើង តាមរូបភាពជាច្រើន។ ជាការពិតណាស់ ការសម្រាក ឬការចេញទៅរកកន្លែងសម្រាកដ៏ស្រស់ស្អាត គឺគ្មានអ្វីខុសនោះទេ។ ប៉ុន្តែ ការគេចចេញ ពីទុក្ខលំបាក និងការទុកចិត្តថាព្រះនឹងនាំយើងឆ្លងផុត ទុក្ខលំបាក គឺមិនដូចគ្នាទេ។
ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៦ ព្រះយេស៊ូវបានប្រាប់សិស្សព្រះអង្គថា ក្នុងជំពូកបន្ទាប់នៃជីវិតរបស់ពួកគេ នឹងមានការល្បងលសេចក្តីជំនឿ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(ខ.៣៣)។ ព្រះយេស៊ូវមិនសព្វព្រះទ័យឲ្យពួកសិស្សរបស់ព្រះអង្គធ្លាក់ចូលក្នុងភាពអស់សង្ឃឹមនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្រៀនពួកគេឲ្យទុកចិត្តព្រះអង្គ ហើយស្គាល់សេចក្តីសម្រាកដែលព្រះអង្គប្រទាន។ ហេតុនេះហើយព្រះអង្គមានបន្ទូលថា “ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ”(ខ.៣៣)។
ព្រះយេស៊ូវមិនបានសន្យាថា យើងនឹងមានជីវិតដែលគ្មានការឈឺចាប់។ ប៉ុន្តែ ទ្រង់ពិតជាបាន សន្យាថា កាលណាយើងទុកចិត្ត និងសម្រាកក្នុងព្រះអង្គ យើងអាចពិសោធនឹងសន្តិភាព ដែលជ្រាលជ្រៅ និងមានភាពស្កប់ស្កល់ជាង ការគេចចេញ ដែលលោកិយកំពុងតែព្យាយាមផ្តល់ឲ្យយើង។—Adam R. Holz
តើអ្នកបានឃើញការអញ្ជើញ ឲ្យរត់គេចចេញពីបញ្ហា កាលពីពេលថ្មីៗនេះទេ? តើអ្នកបានមានការទុកចិត្តច្រើនប៉ុណ្ណា ចំពោះការសន្យាទាំងនោះ?
ឱព្រះវរបិតា ជួនកាល ទូលបង្គំត្រូវពិភពលោកល្បួង ឲ្យគេចចេញពីបញ្ហា។ សូមព្រះអង្គជួយទូលបង្គំ ឲ្យលូតលាស់ ក្នុងការទុកចិត្តព្រះអង្គវិញ ដើម្បីឲ្យទូលបង្គំអាចរកឃើញសន្តិភាព និងការសម្រាកក្នុងព្រះអង្គ ទោះទូលបង្គំជួបទុក្ខលំបាកច្រើនយ៉ាងណាក៏ដោយ។
Read Finding Peace in a Troubled World at DiscoverySeries.org/Q1126.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤