អនុវត្តតាមអ្វីដែលអ្នកបានចែកចាយ

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។ យ៉ាកុប ១:២២

ខ្ញុំ​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ស្តាប់ ពេល​ដែល​ហ្សេវា(Xavier) ដែល​ជា​កូន​ប្រុស​ពៅ ចូល​សាលា​មត្តេយ្យ។ ខ្ញុំ​តែង​តែ​ស្វែង​រក​ពេល​ដែល​ខ្ញុំ​អាច​បង្រៀន​ពួក​គេ ហើយ​ចែក​ចាយ​ខគម្ពីរ ដែល​អាច​ប្រើ​ក្នុង​កាលៈទេសៈ​របស់​យើង ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អធិស្ឋាន​ជា​មួយ​ខ្ញុំ។ ហ្សេវា​បាន​ចាំ​ខគម្ពីរ​ជា​ច្រើន​ ដោយ​មិន​ពិបាក​ទន្ទេញ។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក ដែល​ត្រូវ​ការ​ប្រាជ្ញា គាត់​ច្រើន​តែ​សូត​ខគម្ពីរ ដែល​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ពិត​របស់​ព្រះ។

ថ្ងៃ​មួយ ខ្ញុំ​មាន​កំហឹង ហើយ​ក៏​បាន​និយាយ ដោយ​សម្លេង​កាច។ ពេល​​គាត់​ស្តាប់​ឮ គាត់​ក៏​បាន​ឱប​ខ្ញុំ ហើយ​និយាយ​ថា “សូម​ម៉ាក់ ធ្វើ​តាម​ព្រះ​បន្ទូល​ដែល​ម៉ាក់​បង្រៀន”។

ការ​រំឭក​ដ៏​សុភាព​របស់​ហ្សេវា បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាវ័ក​យ៉ាកុប ទៅ​កាន់​អ្នក​ជឿ​ជា​ជន​ជាតិ​យូដា ដែល​ខ្ចាត់​ខ្ចាយ ក្នុង​ទឹក​ដី​សាសន៍​ដទៃ(យ៉ាកុប ១:១)។ ដោយ​គាត់​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​របៀប ដែល​អំពើ​បាប​អាច​រំខាន​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​យេស៊ូវ នោះ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ទទួល​ព្រះបន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​ពួក​គេ ដោយ​ចិត្ត​សុភាព​(ខ.២១)។ កាល​ណា​យើង​បាន​ឮ​ព្រះ​បន្ទូល តែ​មិន​ធ្វើ​តាម នោះ​យើង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​កញ្ចក់ ហើយ​ភ្លេច​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​កញ្ចក់​(ខ.២៣-២៤)។ យើង​អាច​ភ្លេច​ឯក​សិទ្ធិ ដែល​ព្រះ​បាន​ប្រទាន​យើង ឲ្យ​ធ្វើ​ជា​តំណាង​របស់​ព្រះ ដោយ​យើង​បាន​ជា​នឹង​ព្រះ តាម​រយៈ​ព្រះ​លោហិត​ព្រះ​គ្រីស្ទ។

ព្រះ​យេស៊ូវ​បាន​បង្គាប់​អ្នក​ជឿ​ព្រះ​អង្គ ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែ​ប្រែ​ជីវិត​យើង ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​កម្លាំង​យើង ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​ព្រះ​គ្រីស្ទ ឲ្យ​បាន​ល្អ​ឡើង និង​ធ្វើ​ជា​អ្នក​នាំ​សារ​នៃ​ដំណឹង​ល្អ។ ការ​ស្តាប់​បង្គាប់​ដោយ​ក្តី​ស្រឡាញ់ នាំ​ឲ្យ​គេ​ឃើញ​ពន្លឺ​នៃ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​កន្លែង​ណា​ដែល​ព្រះ​អង្គ​ចាត់​យើង​ទៅ នោះ​យើង​អាច​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ដោយ​អនុវត្ត​តាម​ព្រះ​បន្ទូល ដែល​យើង​បាន​ផ្សាយ។—Xochitl Dixon

តើ​អ្នក​មាន​ការ​ពិបាក​អ្វី​ខ្លះ ក្នុង​ការ​អនុវត្ត​តាម​ព្រះ​គម្ពីរ? តើ​ព្រះ​ទ្រង់​បាន​កែប្រែ​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ផ្លាស់​ប្រែ មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ ដើម្បី​ឲ្យ​ទូលបង្គំ​ប្រើ​ឱកាស​នីមួយ​ៗ ដែល​ព្រះ​អង្គ​ប្រទាន ដើម្បី​ចែក​ចាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles