ការរស់នៅ ដោយសារការស្លាប់

ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ។ និក្ខមនំ ១២:១៣

ខាល(Carl) កំពុង​តយុទ្ធ​នឹង​ជំងឺ​មហារីក ហើយ​ត្រូវ​ការ​ប្តូរ​សួត ដើម្បី​មាន​ជីវិត​រស់​បន្ត​ទៀត។ គាត់​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​គេ​បរិច្ចាគ​សួត​ដល់​គាត់។ គាត់​បាន​សារ​ភាព​ថា នេះ​ជា​ការ​អធិស្ឋាន​ដ៏​ចម្លែក ព្រោះ “មនុស្ស​ម្នាក់​នឹង​ត្រូវ​ស្លាប់ ដើម្បី​បរិច្ចាគ​សួត ឲ្យ​គាត់​អាច​រស់​បន្ត​ទៀត​បាន”។

បញ្ហា​របស់​ខាល បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ជា​មូល​ដ្ឋាន ក្នុង​ព្រះ​គម្ពីរ​ដែល​ថា ព្រះ​ទ្រង់​ប្រើ​សេចក្តី​ស្លាប់ ដើម្បី​នាំ​មក​នូវ​ជីវិត។ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ។ ពួក​អ៊ីស្រាអែល​មាន​ការ​នឿយ​លំបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ភាព​ជា​ទាសករ របស់​សាសន៍​អេស៊ីព្ទ។ ស្តេច​ផារ៉ោន​មិន​ព្រម​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើយ ទាល់​តែ​ព្រះ​ទ្រង់​បាន​ជួយ​ពួក​គេ។ ព្រះ​ទ្រង់​បាន​សម្លាប់​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ លើក​លែង​តែ​ពួក​កូន​ច្បង​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ដែល​គេ​បាន​សម្លាប់​កូន​ចៀម ហើយ​យក​ឈាម​វា​មក​លាប​នៅ​ក្រប​ទ្វារ​ប៉ុណ្ណោះ(និក្ខមនំ ១២:៦-៧)។

សព្វ​ថ្ងៃ​នេះ យើង​បាន​កើត​ក្នុង​ចំណង​នៃ​អំពើ​បាប។ ដើម្បី​ឲ្យ​យើង​អាច​រួច​ពី​ចំណង​នៃ​អំពើ​បាប និង​សាតាំង ព្រះ​ទ្រង់​បាន​ធ្វើ​ការ​លះ​បង់​ផ្ទាល់​ខ្លួន ដោយ​លះ​បង់​ព្រះ​ជន្ម​ព្រះ​រាជ​បុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ដោយ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើ​ឆ្កាង។

ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចូល​រួម​ជា​មួយ​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង​ផង​ដែរ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា “ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ”(កាឡាទី ២:២០)។ កាល​ណា​យើង​ទទួល​ជឿ​កូន​ចៀម​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ គឺ​មាន​ន័យ​ថា យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ(រ៉ូម ៦:៤-៥)។ យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​នេះ រៀង​រាល់​ពេល​ដែល​យើង​និយាយ​ថា​ទេ ចំពោះ​ចំណង​នៃ​អំពើ​បាប ហើយ​ទទួល​យក​សេរីភាព​ពី​ព្រះ​គ្រីស្ទ​វិញ។ យើង​មាន​ជីវិត​រស់​នៅ​បាន​ល្អ​បំផុត ពេល​ដែល​យើង​បាន​ស្លាប់​ជា​មួយ​ព្រះ​យេស៊ូវ។—Mike Wittmer

ហេតុអ្វី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ផ្លូវ​តែ​មួយ​ឆ្ពោះ​ទៅ​រក​ជីវិត? តើ​ការ​រស់​នៅ​របស់​អ្នក បាន​បង្ហាញ​ថា អ្នក​មាន​សេរីភាព​រួច​ពី​ចំណង​នៃ​អំពើ​បាប​ឬ​ទេ?

ឱ​ព្រះ​យេស៊ូវ ការ​សុគត​របស់​ព្រះ​អង្គ​បាន​នាំ​ឲ្យ​ទូល​បង្គំ​មាន​ជីវិត។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​បាន​សុគត ដើម្បី​លោះ​បាប​ទូល​បង្គំ ហើយ​ជួយ​ឲ្យ​ទូល​បង្គំ​រស់​នៅ ក្នុង​សេរីភាព​ដែល​ព្រះ​អង្គ​ប្រទាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles