ហានឆ្លងកាត់ព្យុះ

ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម … ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ។ ហេព្រើរ ១២:២-៣

ព្យុះ​រន្ទះ​បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង​មេមភីស រដ្ឋ​ថេនេស៊ី នៅ​ពេល​ល្ងាច​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​១៩៦៨។ លោក​គ្រូម៉ាធីន លូស័រ ឃីង យេ អរ(Martin Luther King Jr) មាន​ការ​ហត់​នឿយ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​អារម្មណ៍​ថា មិន​ស្រួល​ខ្លួន ដូច​នេះ​គាត់​មិន​មាន​ចិត្ត​ចង់​ទៅ​ឡើង​ចែក​ចាយ នៅ​សាល​ព្រះវិហារ ដូច​ដែល​បាន​គ្រោងទុក ទៅ​កាន់​កម្មករ​អនាម័យ ដែល​កំពុង​ធ្វើ​កូដកម្ម​នោះ​ទេ។ តែ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​មាន​គេ​ទូរស័ព្ទ​មក​គាត់​ទាំង​ប្រញាប់​ប្រញាល់ ដើម្បី​ប្រាប់​ថា មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា ដោយ​មិន​ខ្លាច​ព្យុះ​រន្ទះ ដើម្បី​មក​ស្តាប់​គាត់​ចែក​ចាយ។ ដូច​នេះ គាត់​ក៏​បាន​ទៅ​សាល​ព្រះវិហារ ហើយ​បាន​ចែក​ចាយ​អស់​រយៈ​ពេល​៤០​នាទី ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា នោះ​ជា​ការ​ថ្លែង​សន្ទរកថា​ដ៏​អស្ចារ្យ​បំផុត​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ហើយ”។

នៅ​ថ្ងៃ​បន្ទាប់ លោក​ឃីង ក៏​ត្រូវ​ឃាតករ​បាញ់​សម្លាប់ តែ​ពាក្យ​សម្តី​របស់​គាត់ នៅ​តែ​បន្ត​បណ្តាល​ចិត្ត​មនុស្ស​ដែល​គេ​កៀប​សង្កត់​ ឲ្យ​មាន​ក្តី​សង្ឃឹម ចំពោះ “ទឹក​ដី​សន្យា”។ ដូច​គ្នា​នេះ​ដែរ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ផង​ដែរ។ កណ្ឌ​គម្ពីរ​ហេព្រើរ ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​ហេព្រើរ ​កំពុង​ប្រឈម​មុខ​ដាក់​ការ​គំរាម​កំហែង ដោយសារ​ពួក​គេ​ជឿ​ព្រះ​គ្រីស្ទ។ កណ្ឌ​គម្ពីរ​នេះ​បាន​ផ្តល់​ឲ្យ​​នូវ​ការ​លើក​ទឹក​ចិត្ត​ដ៏​រឹង​មាំ កុំ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម។ គឺ​ដូច​ដែល​អ្នក​និពន្ធ​កណ្ឌ​នេះ​បាន​ជំរុញ​ពួក​គេ​ថា “ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជង្គង់​ដែល​ស្លុត​ដែរ”(១២:១២)។ ក្នុង​នាម​ពួក​គេ​ជា​ជន​ជាតិ​យូដា ពួក​គេ​អាច​ដឹង​ថា ការ​លើក​ទឹក​ចិត្ត​នេះ មាន​ប្រភព​មក​ពី​លោក​ហោរា​អេសាយ​(អេសាយ ៣៥:៣)។

ប៉ុន្តែ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ក្នុង​នាម​យើង​ជា​សិស្ស​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើរ ១២:១-២)។ ពេល​ណា​យើង​បាន​ធ្វើ​ដូច​នេះ​ហើយ យើង​នឹង​មិន “​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ” ក្នុង​សេចក្តី​ជំនឿ​នោះ​ឡើយ(ខ.៣)។

ជា​ការ​ពិត​ណាស់ ខ្យល់​ព្យុះ​កំពុង​រង់​ចាំ​យើង ក្នុង​ជីវិត​នេះ។ ប៉ុន្តែ ក្នុង​ព្រះ​យេស៊ូវ យើង​អាច​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​ឡាយ ដោយ​ឈរ​ជាប់​ក្នុង​ព្រះ​អង្គ។—Patricia Raybon

តើ​អ្នក​អាច​ឆ្លើយ​តប ចំពោះ​ខ្យល់​ព្យុះ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្តេច​ខ្លះ? ខណៈ​ពេល​ដែល​អ្នក​មើល​ទៅ​ព្រះ​យេស៊ូវ និង​ព្រះ​បន្ទូល​សន្យា​ទ្រង់ តើ​អ្នក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ខាង​វិញ្ញាណ​នីមួយ​ៗ​ស្ងប់។ សូម​ព្រះ​អង្គ​មាន​បន្ទូល​មក​កាន់​វិញ្ញាណ​ទូល​បង្គំ ខណៈ​ពេល​ដែល​ទូល​បង្គំ​មាន​ក្តី​សង្ឃឹម​ចំពោះ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles