ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ។ ម៉ាថាយ ២៦:៤១
បុគ្គលិកធនាគារអាឡឺម៉ង់ម្នាក់ កំពុងធ្វើការផ្ទេរប្រាក់ចំនួន ៦២,៤០ អឺរ៉ូ ទៅកាន់គណនីរបស់អតិថិជនម្នាក់ ហើយក៏ស្រាប់តែងោកងុយយ៉ាងខ្លាំង បានជាគាត់ផ្កាប់មុខគេងនៅលើតុរបស់គាត់ ដោយមិនដឹងខ្លួន។ គាត់ក៏បានដេកលក់រលីវ ខណៈពេលដែលម្រាមដៃរបស់គាត់កំពុងតែចុចពីលើក្តារចុច ចំលេខ២ ដែលបណ្តាលឲ្យមានការផ្ទេរប្រាក់ចំនួន ២២២លានយូរ៉ូ (៣០០លានដុល្លាអាមេរិក) ទៅកាន់គណនីរបស់អតិថិជននោះ។ កំហុសធំមួយនេះ ក៏បានបណ្តាលឲ្យមានការបណ្តេញចេញមិត្តរួមការងាររបស់បុគ្គលិករូបនោះ ដែលជាអ្នកត្រួតពិនិត្យការផ្ទេរប្រាក់។ កំហុសនេះត្រូវគេមើលឃើញទាន់ ហើយត្រូវបានកែតម្រូវ ប៉ុន្តែ ដោយសារបុគ្គលិកដែលងោកងុយម្នាក់នេះមិនបានប្រុងប្រយ័ត្ន រឿងនេះស្ទើរតែបានក្លាយជាសុបិន្ដអាក្រក់សម្រាប់ធនាគារអាឡឺម៉ង់មួយនេះ។
ព្រះយេស៊ូវក៏ធ្លាប់បានដាស់តឿនពួកសាវ័ករបស់ព្រះអង្គផងដែរថា បើពួកគេមិនមានការចាំយាមទេ នោះពួកគេក៏អាចមានកំហុសដ៏ធ្ងន់ធ្ងរផងដែរ។ កាលនោះ ព្រះអង្គបាននាំពួកគេទៅសួនច្បារកេតសេម៉ានី ដើម្បីចំណាយពេលអធិស្ឋាន។ ខណៈពេលដែលព្រះអង្គកំពុងអធិស្ឋាន ព្រះអង្គតប់ប្រមល់ និងមានទុក្ខសោកយ៉ាងខ្លាំង។ ព្រះអង្គក៏បានប្រាប់លោកពេត្រុស យ៉ាកុប និងយ៉ូហាន ឲ្យអធិស្ឋានចាំយាម ជាមួយព្រះអង្គ(ម៉ាថាយ ២៦:៣៨) ប៉ុន្តែ ពួកគេក៏បានដេកលក់អស់(ខ.៤០-៤១)។ ការដែលពួកគេខកខានមិនបានចាំយាម និងអធិស្ឋាន បានបណ្តាលឲ្យពួកគេធ្លាក់ចូលទៅក្នុងការល្បួងឲ្យបដិសេធព្រះអង្គ នៅពេលបន្ទាប់។ ក្នុងពេលដែលព្រះគ្រីស្ទត្រូវការឲ្យពួកគេអធិស្ឋានចាំយាម ពួកសាវ័កបានខ្វះការប្រុងប្រយ័ត្នខាងវិញ្ញាណ។
ចូរយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវ ដែលបានបង្គាប់ឲ្យមានការចាំយាមខាងវិញ្ញាណ ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំង នៅក្នុងការចំណាយពេលជាមួយព្រះអង្គ ក្នុងការអធិស្ឋាន។ កាលណាយើងអធិស្ឋានចាំយាម ព្រះអង្គនឹងប្រទានកម្លាំងយើង ឲ្យតយុទ្ធនឹងការល្បួងគ្រប់ប្រភេទ និងជៀសវាងការបដិសេធន៍ព្រះយេស៊ូវ ដែលជាកំហុសដ៏ធ្ងន់ធ្ងរ។ —Marvin Williams
តើជីវិតនៃការអធិស្ឋានរបស់អ្នក មានផ្នែកណាខ្លះ ដែលត្រូវការការប្តេជ្ញាចិត្ត និងការលត់ដំបន្ថែម? តើធ្វើដូចម្តេចឲ្យអ្នកអាចមានចិត្តចង់ចំណាយពេលបន្ថែមទៀតជាមួយព្រះអង្គ នៅសប្តាហ៍នេះ?
ឱព្រះយេស៊ូវ ដោយសារទូលបង្គំមានការងោកងុយខាងវិញ្ញាណ នោះទូលបង្គំមិនបានអធិស្ឋាន។ ហើយដោយសារទូលបង្គំមិនបានអធិស្ឋាន នោះទូលបង្គំមិនបានពឹងផ្អែកលើព្រះអង្គ។ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យចំណាយពេលបន្ថែមទៀតជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០