កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក។ យ៉ូហាន ៩:៤
អ្នកជំនួញជោគជ័យម្នាក់ បានចំណាយពេលពីរបីទសវត្សរ៍ចុងក្រោយនៃជីវិតគាត់ ដើម្បីធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីលះបង់ទ្រព្យសម្បត្តិរបស់គាត់។ មហាសេដ្ឋីប្រាក់រាប់ពាន់លានម្នាក់នេះ បានបរិច្ចាគប្រាក់របស់គាត់ ដល់បុព្វហេតុផ្សេងៗ ដូចជាការនាំមកនូវសន្តិភាពសម្រាប់ប្រទេសអៀរឡង់ខាងជើង និងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសុខាភិបាលនៅប្រទេសវៀតណាម ហើយមុនពេលគាត់ជិតដល់ពេលលាចាកលោក គាត់បានចំណាយប្រាក់៣៥០លានដុល្លា ដើម្បីកែប្រែកោះរូសាវែល នៅទីក្រុងញូយ៉ូក ឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។ បុរសម្នាក់នេះបាននិយាយថា “ខ្ញុំមានការជឿជាក់យ៉ាងមុតមាំ ចំពោះភាពចាំបាច់នៃការបរិច្ចាគប្រាក់ ខណៈពេលនៅមានជីវិត។ ខ្ញុំមើលឃើញហេតុផលតិចណាស់ ដែលត្រូវពន្យារពេលការបរិច្ចាគ…ម្យ៉ាងទៀត ការធ្វើទានខណៈពេលដែលអ្នកនៅមានជីវិត នោះមានភាពសប្បាយរីករាយជាងការបរិច្ចាគ ពេលដែលអ្នកបានស្លាប់ហើយ”។ ការធ្វើទាន ខណៈពេលដែលអ្នកនៅមានជីវិត គឺជាទង្វើដ៏អស្ចារ្យ ដែលយើងត្រូវធ្វើ។
កណ្ឌគម្ពីរយ៉ូហានបានចែងអំពីបុរសម្នាក់ ដែលបានពិការពីកំណើត។ ពួកសិស្សរបស់ព្រះយេស៊ូវបានទូលសួរព្រះអង្គថា តើគាត់ពិការ ដោយសារអំពើបាបរបស់នរណា?(៩:២)។ ព្រះយេស៊ូវក៏បានឆ្លើយសំណួររបស់ពួកគេថា “មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ”(ខ.៣-៤)។ ទោះយើងធ្វើការលះបង់ ឬធ្វើទានដល់អ្នកដទៃយ៉ាងដូចម្តេចក៏ដោយ យើងត្រូវធ្វើដោយស្ម័គ្រពីចិត្ត និងដោយសេចក្តីស្រឡាញ់។ ទោះយើងលះបង់ដោយការ ចំណាយពេល ធនធាន ឬធ្វើការល្អក្តី គោលដៅរបស់យើង គឺដើម្បីឲ្យគេបានឃើញកិច្ចការដែលព្រះទ្រង់បានធ្វើ។
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាព្រះអង្គ។ ដូចនេះ ចូរយើងឲ្យដល់គេ ខណៈពេលដែលយើងនៅមានជីវិត។—John Blasé
ពេលដែលអ្នកឲ្យអ្វីមួយដល់អ្នកដទៃ តើមានអ្វីធ្វើឲ្យអ្នកមានការស្ទាក់ស្ទើរ? តើការធ្វើទាន ខណៈពេលដែលអ្នកនៅមានជីវិត មានន័យយ៉ាងណាសម្រាប់អ្នក?
ឱព្រះដែលប្រទាននូវអ្វីៗគ្រប់យ៉ាង សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើទានដល់អ្នកដទៃ ដោយស្ម័គ្រពីចិត្ត និងដោយក្តីស្រឡាញ់។
Read Celebrating God’s Generosity at DiscoverySeries.org/Generosity.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១