លាក់ខ្លួនពីព្រះ

ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅ​រក​អ័ដាម​ដោយ​ព្រះបន្ទូល​ថា ឯង​នៅ​ឯ​ណា? លោកុប្បត្តិ ៣:៩

កាល​នៅ​រៀន​ថ្នាក់​ទី​៣ ខ្ញុំ​ចាំ​ថា ខ្ញុំ​ធ្លាប់​ធ្មេញ​ភ្នែក ហើយ​ចាប់​ផ្តើម​រាប់​លេខ​ឮ​ៗ។ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ ក៏​បាន​ប្រញាប់​​រត់​ចេញ​ពី​ថ្នាក់​រៀន ទៅ​រក​កន្លែង​ពួន។ ខ្ញុំ​ក៏​បាន​ដើរ​រក​ពួក​គេ នៅ​ក្រោម​តុ នៅ​កៀន​ទូ និង​នៅ​ក្រោយ​ទ្វារ​សព្វ​គ្រប់ អស់​ពេល​យ៉ាង​យូរ នៅ​តែ​រក​មិត្ត​ភក្តិ​ខ្ញុំ​មិន​ឃើញ។ ខ្ញុំ​ក៏​បាន​អស់​សំណើច ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​លោត​ចេញ​ពី​ក្រោយ​ផើង​ផ្កា ដែល​គេ​បាន​ចង​ព្យួរ​នឹង​ពិដាន។ ក្បាល​របស់​នាង​បាន​បាំង​ពី​ក្រោយ​ដើម​ផ្កា​នោះ ហើយ​គេ​អាច​មើល​ឃើញ​ខ្លួន​របស់​នាង​បាន​យ៉ាង​ងាយ តែ​ខ្ញុំ​មិន​បាន​ឃើញ​នាង​សោះ។

ដោយសារ​ព្រះ​ទ្រង់​ជ្រាប​អំពី​អ្វី​ៗ​គ្រប់​យ៉ាង នោះ​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា “ពួន​ពី​ព្រះអង្គ” ក្នុង​សួន​ច្បារ​អេដែន ព្រះ​អង្គ​នៅ​តែ​ទត​ឃើញ​ពួក​គេ​(លោកុប្បត្តិ ៣:៨)។ ប៉ុន្តែ ពួក​គេ​មិន​មែន​កំពុង​តែ​លេង​បិទ​ពួន​នោះ​ទេ។ ពួក​គេ​ទើប​តែ​ស្គាល់​ភាព​អាម៉ាស់ នៃ​កំហុស​របស់​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បាន​ញាំ​ផ្លែ​ឈើ ដែល​ព្រះ​ទ្រង់​បាន​ហាម។

លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ងាក​បែរ​ចេញ​ពី​ព្រះ និង​ការ​ផ្គត់ផ្គង់​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ពេល​ដែល​ពួក​គេ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​បាន​យាង​ចេញ​ពី​ពួក​គេ ដោយ​សេចក្តី​ក្រោធ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​សួរ​រក​ពួក​គេ​ថា “ឯង​នៅ​ឯណា?” ព្រះ​អង្គ​មិន​មែន​មិន​ដឹង​ថា ពួក​គេ​នៅ​កន្លែង​ណា​នោះ​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ ដោយ​សេចក្តី​អាណិត(ខ.៩)។

កាល​នោះ​ខ្ញុំ​មិន​អាច​មើល​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​ពួន តែ​ព្រះ​ទ្រង់​តែង​តែ​ទត​ឃើញ​យើង ហើយ​ស្គាល់​យើង ព្រោះ​ព្រះ​អង្គ​តែង​តែ​ទត​ឃើញ និង​ជ្រាប​អំពី​យើង​ជា​និច្ច។ ព្រះ​អង្គ​បាន​ស្វែង​រក​លោក​អ័ដាម និង​នាង​អេវ៉ា នោះ​ព្រះ​យេស៊ូវ​ក៏​បាន​ស្វែង​រក​យើង ខណៈ​ពេល​ដែល​យើង​ជា​មនុស្ស​មាន​បាប ដោយ​ព្រះ​អង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​យើង​រាល់​គ្នា​(រ៉ូម ៥:៨)។ យើង​មិន​ចាំ​បាច់​ត្រូវ​លាក់​ខ្លួន​ទៀត​ឡើយ។—Kirsten Holmberg

តើ​អ្នក​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ នៅ​ពេល​ណា? តើ​ព្រះ​អង្គ​បាន​ស្វែង​រក​ឃើញ​អ្នក ដោយ​របៀប​ណា?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ និង​យក​ព្រះ​ទ័យ​ទុក​ដាក់ ទោះ​ទូល​បង្គំ​បាន​ធ្វើ​ខុស​យ៉ាង​ណា​ក៏​ដោយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles