នាំគ្នានិយាយពាក្យស្រឡាញ់

យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង។ ១យ៉ូហាន ៤:១៦

លោក​សាស្ត្រាចារ្យ​បាន​បញ្ចប់​ម៉ោង​រៀន​តាម​អនឡាញ តាម​របៀប​ពីរ​យ៉ាង។ គាត់​ច្រើន​តែ​និយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ​ទៀត” ឬ “រីករាយ​ថ្ងៃ​ចុង​សប្ដាហ៍”។  សិស្ស​ខ្លះ​ឆ្លើយ​តប​ថា “អរគុណ​លោក​គ្រូ រីករាយ​ថ្ងៃ​ចុង​សប្តាហ៍!” តែ​ថ្ងៃ​មួយ សិស្ស​ម្នាក់​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ”។ គាត់​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ឆ្លើយ​ថា “ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ដែរ!”។ នៅ​ពេល​ល្ងាច​នោះ មិត្ត​រួម​ថ្នាក់​ទាំង​ឡាយ​បាន​ស្រុះ​ស្រួល​គ្នា​និយាយ​ពាក្យ “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ” បន្ត​កន្ទុយ​គ្នា សម្រាប់​ម៉ោង​រៀន​លើក​ក្រោយ​ទៀត ដើម្បី​ជា​ការ​ដឹង​គុណ ដល់​លោក​សាស្ត្រាចារ្យ ដែល​បាន​បង្រៀន​ពួក​គេ នៅ​ពី​មុខ​អេក្រង់​កុំព្យូទ័រ ជា​ជាង​ការ​ជួប​មុខ​ផ្ទាល់ ដែល​គាត់​ចូល​ចិត្ត​ជាង។ ពីរបី​ថ្ងៃ​ក្រោយ​មក ពេល​គាត់​បញ្ចប់​ម៉ោង​រៀន គាត់​និយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​សិស្ស​ទាំង​ឡាយ​ក៏​បាន​ឆ្លើយ​តប​ម្នាក់​ម្តង​ៗ​ថា “ខ្ញុំ​ស្រឡាញ់​លោក​គ្រូ”។ ពួក​គេ​បាន​បន្ត​អនុវត្ត​ដូច​នេះ អស់​ជា​ច្រើន​ខែ។ គ្រូ​បង្រៀន​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ការ​នេះ​បាន​នាំ​ឲ្យ​គាត់​មាន​ចំណង​ដ៏​រឹង​មាំ​ជា​មួយ​សិស្ស​គាត់ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​មាន​អារម្មណ៍​ថា គាត់ និង​សិស្ស​គាត់​ជា “គ្រួសារ​តែ​មួយ”។​

ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៤:១០-២១ យើង​មាន​ហេតុ​ផល​ជា​ច្រើន ដែល​ត្រូវ​ទូល​ដល់​ព្រះ​ថា “ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ” ក្នុង​នាម​យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​ទ្រង់ ព្រោះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​តែ​មួយ ធ្វើ​ជា​យញ្ញ​បូជា​លោះ​បាប​យើង(ខ.១០)។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​វិញ្ញាណ ឲ្យ​សណ្ឋិត​នៅ​ក្នុង​យើង​(ខ.១៣,១៥)។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ តែង​តែ​អាច​ឲ្យ​យើង​ពឹង​ផ្អែក​បាន​(ខ.១៦) ហើយ​យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ការ​ជំនុំ​ជម្រះ​(ខ.១៧)។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​អាច​ស្រឡាញ់​ព្រះ​អង្គ និង​អ្នក​ដទៃ “ព្រោះ​ព្រះ​អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន”(ខ.១៩)។

ពេល​អ្នក​បាន​ជួបជុំ​ជា​មួយ​រាស្រ្ត​របស់​ព្រះ លើក​ក្រោយ ចូរ​ចំណាយ​ពេល​ចែក​ចាយ​អំពី​មូល​ហេតុ​ដែល​អ្នក​ស្រឡាញ់​ព្រះ​អង្គ។ ការ​ដែល​យើង​នាំ​គ្នា​ទូល​ព្រះ​អង្គ​ថា “ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ” នឹង​នាំ​មក​នូវ​ការ​សរសើរ​ដំកើង​ដល់​ព្រះ​អង្គ ហើយ​នាំ​ឲ្យ​យើង​កាន់​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ។—Anne Cetas

ហេតុអ្វី​អ្នក​ស្រឡាញ់​ព្រះ? តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​បើក​បង្ហាញ​ឲ្យ​ទូល​បង្គំ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ និង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះ​អង្គ។ សូម​ព្រះ​អង្គ​បង្ហាញ​ផ្លូវ ឲ្យ​ទូល​បង្គំ​បង្ហាញ​សេចក្តី​ស្រឡាញ់​នោះ​ដល់​អ្នក​ដទៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១២-១៣ និង ម៉ាថាយ ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles