នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់។ លូកា ៧:៣៨
មានពេលមួយ អ្នកស្រីឃែរិន(Karen) បាននិយាយសុំទោស ដោយសារគាត់បានស្រក់ទឹកភ្នែក។ បន្ទាប់ពីស្វាមីរបស់គាត់បានស្លាប់ គាត់បានចិញ្ចឹមបីបាច់កូនដែលមានវ័យជំទង់ តែម្នាក់ឯង យ៉ាងហត់នឿយ។ ពេលដែលក្រុមបុរសនៅព្រះវិហារបាននាំកូនៗរបស់គាត់ ទៅបោះជំរុំនៅថ្ងៃចុងសប្តាហ៍ ដែលនាំឲ្យគាត់បានសម្រាកខ្លះ គាត់ក៏បានសម្រក់ទឹកភ្នែកយំ ដោយការដឹងគុណ ហើយក៏បានសុំទោសគេ សម្រាប់ការស្រក់ទឹកភ្នែករបស់គាត់។
ហេតុអ្វីមនុស្សជាច្រើនបាននិយាយសុំទោស សម្រាប់ការស្រក់ទឹកភ្នែករបស់ខ្លួន? លោកស៊ីម៉ូន ដែលជាពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវសោយអាហារពេលល្ងាច នៅផ្ទះគាត់។ កាលព្រះអង្គកំពុងសោយអាហារ មានស្រ្តីម្នាក់ ដែលបានប្រព្រឹត្តបាបជាច្រើន បានយកទឹកអប់មួយដបមក។ “នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសំរក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង”(លូកា ៧:៣៨)។ នាងក៏បានបង្ហាញក្តីស្រឡាញ់របស់នាង និងសម្រក់ទឹកភ្នែក ដោយមិនបានសុំទោសគេឡើយ ហើយក៏បានទម្លាក់សក់របស់នាង ជូតព្រះបាទព្រះអង្គ។ ដោយនាងមានការដឹងគុណ និងក្តីស្រឡាញ់ដ៏ហូរហៀរ ចំពោះព្រះយេស៊ូវ នាងក៏បានបញ្ចប់ការស្រក់ទឹកភ្នែករបស់នាង ដោយការថើបព្រះបាទទ្រង់ នឹងទឹកអប់ ជាទង្វើដែលផ្ទុយនឹងម្ចាស់ផ្ទះ។
តើព្រះយេស៊ូវបានឆ្លើយតប យ៉ាងដូចម្តេច? ព្រះអង្គបានសរសើរនាង ដែលបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដោយចិត្តឆេះឆួល ហើយបានប្រកាសថា នាងបានទទួលការអត់ទោសបាបហើយ(ខ.៤៤-៤៨)។
យើងប្រហែលជាចង់ទប់ទឹកភ្នែក នៃការដឹងគុណមិនឲ្យធ្លាក់ចុះមក ពេលដែលគេធ្វើការល្អសម្រាប់យើង។ តែព្រះទ្រង់បានបង្កើតយើងមក ជាមនុស្សដែលមានអារម្មណ៍ ហើយយើងអាចប្រើអារម្មណ៍យើង ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។ ដូចស្រ្តីនៅក្នុងកណ្ឌគម្ពីរដំណឹងល្អលូកា ចូរយើងបង្ហាញសេចក្តីស្រឡាញ់របស់យើង ដល់ព្រះនៃយើង ដោយមិនខ្លាចចិត្តអ្នកដទៃ ដោយព្រោះព្រះអង្គបានផ្គត់ផ្គង់តម្រូវការយើង ហើយទទួលទឹកភ្នែក នៃការដឹងគុណរបស់យើង។—Elisa Morgan
តើអ្នកអាចបង្ហាញការដឹងគុណដល់ព្រះ តាមរយៈអារម្មណ៍របស់អ្នកយ៉ាងដូចម្តេច នៅថ្ងៃនេះ? តើអ្នកអាចលើកទឹកចិត្តអ្នកដទៃ ដូចម្តេចខ្លះ ពេលដែលពួកគេស្រក់ទឹកភ្នែក ដោយការដឹងគុណ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ព្រះគុណរបស់ព្រះអង្គ ក្នុងការបំពេញតម្រូវការទូលបង្គំ!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-៣៤