ដើម្បីឲ្យយើងបានគេងលក់ស្រួល

កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល។ សុភាសិត ៣:២៤

ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ ផ្លូស(Floss) គេង​មិន​លក់​នៅ​ពេល​យប់ គាត់​ក៏​បាន​គិត​អំពី​ពាក្យ​ពេចន៍ ក្នុង​បទ​ចម្រៀង​ទំនុក​សកល មាន​ចំណង​ជើង​ថា “ព្រះយេស៊ូវ ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ”។ គាត់​ក៏​បាន​ហៅ​បទ​ចម្រៀង​នេះ​ថា បទ​ចម្រៀង “ពេល​ពាក់​កណ្តាល​អាធ្រាត្រ​” ព្រោះ​បទ​នេះ​បាន​ជួយ​ឲ្យ​គាត់​នឹក​ចាំ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអង្គ និង​មូល​ហេតុ​ជា​ច្រើន ដែល​គាត់​ស្រឡាញ់​ព្រះ​អង្គ។

ការ​គេង​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​ជីវិត តែ​ជួន​កាល យើង​មាន​ការ​ពិបាក​ក្នុង​ការ​គេង។ នៅ​ពេល​ខ្លះ យើង​អាច​ស្តាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រាប់​យើង​អំពី​អំពើ​បាប​ដែល​មិន​ទាន់​បាន​លន់​តួ។ ពុំ​នោះ​ទេ យើង​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ សុខ​ភាព ឬ​កូន​ៗ​របស់​យើង​ជា​ដើម។ មិន​យូរ​ប៉ុន្មាន  ខួរ​ក្បាល​របស់​យើង​មាន​ពេញ​ដោយ​ការ​ព្រួយ​បារម្ភ អំពី​ពេល​អនាគត​ដ៏​លំបាក​លំបិន។ យើង​គិត​ស្មាន​ថា បន្តិច​ទៀត​យើង​គេង​លក់​ហើយ តែ​ពេល​យើង​មើល​ទៅ​នាឡិកា យើង​ក៏​បាន​ដឹង​ថា ជា​ច្រើន​ម៉ោង​ហើយ យើង​នៅ​មិន​ទាន់​គេង​លក់​ទៀត។

ក្នុង​បទ​គម្ពីរ​សុភាសិត ៣:១៩-២៤ ស្តេច​សាឡូម៉ូន​បាន​លើក​ឡើង​ថា យើង​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​គេង ពេល​ដែល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា ការ​យល់​ដឹង និង​ចំណេះ​ដឹង​មក​ពី​ព្រះ។ តាម​ពិត ទ្រង់​បាន​ប្រកាស​ថា “​សេចក្តី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង …កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល”(ខ.២២,២៤)។

យើង​ប្រហែល​ជា​ត្រូវ​ការ​បទ​ចម្រៀង​ទំនុក​ដំកើង​ “នៅ​ពាក់​កណ្តាល​អធ្រាត្រ” ការអធិស្ឋាន ឬ​ខគម្ពីរ ដែល​បន្លឺ​សម្លេង​ខ្សឹប​យ៉ាង​ស្រទន់ ដើម្បី​ជួយ​ឲ្យ​យើង បង្វែរ​គំនិត​ដ៏​រញ៉េរញ៉ៃ ទៅ​ជា​គំនិត​ដែល​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​ព្រះ និង​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ បញ្ញាចិត្ត​ដែល​ជ្រះ​ស្អាត និង​ចិត្ត​ដែល​ពេញ​ដោយ​ការ​ដឹង​គុណ​ សម្រាប់​ភាព​ស្មោះ​ត្រង់ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ អាច​នាំ​មក​នូវ​ការ​គេង​លក់​ស្រួល។—Cindy Hess Kasper

តើ​ការ​ងាក​ទៅ​រក​ព្រះ ពេល​ដែល​អ្នក​មិន​អាច​គេង​លក់ បាន​នាំ​ឲ្យ​អ្នក​មាន​សន្តិភាព​ក្នុង​ចិត្ត​យ៉ាង​ណា​ខ្លះ? តើ​មាន​បទ​ចម្រៀង ការ អធិស្ឋាន ឬ​ខគម្ពីរ​ណា ដែល​អ្នក​អាច​ជញ្ជឹង​គិត ដើម្បី​ឲ្យ​អ្នក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​អង្គ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​ស្រឡាញ់​ទូល​បង្គំ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ផ្តោត​ទៅ​លើ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ជា​ជាង​ព្រួយ​បារម្ភ​អំពី​ជីវិត​នេះ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៣៩-៤០ និង ម៉ាថាយ ២៣:២៣-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles