ជំនួយដ៏អស្ចារ្យរបស់ព្រះអង្គ

ទ្រង់​ប្រទាន​ហិមៈ​មក​ឲ្យ​ដូច​ជា​រោម​ចៀម ក៏​បាចសាច​សន្សើម​កក​ដូច​ជា​ផេះ។ ទំនុកដំកើង ១៤៧:១៦

មន្រ្តី​ប៉ូលិស​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស “រាប់​សែន ឬ​ប្រហែល​ជា​រាប់​លាន​នាក់” ដែល​បាន​ទូល​ថ្វាយ​ដល់​ព្រះ សូម​ព្រះ​អង្គ​ជួយ ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​កើត បាន​រាល​ដាល នៅ​តាម​តំបន់​ភ្នំ នៅ​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ​២០២០។ ភ្លើង​ឆេះ​ព្រៃ​ដ៏​ល្បីល្បាញ​នេះ បាន​បំផ្លិចបំផ្លាញ​ផ្ទៃ​ដី​ជាង​៤​ម៉ឺន​ហិចតា ក្នុង​រយៈ​ពេល​តែ​១២​ម៉ោង ដោយ​ដុត​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ស្ងួត​ហែង និង​ដុត​បំផ្លាញ​ផ្ទះ​៣​រយ​ខ្នង​រាប​ដល់​ដី ហើយ​ការ​រាល​ដាល​ក៏​កំពុង​តែ​គំរាម​កំហែង​ទីក្រុង​មួយ​ចំនួន ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​នៃ​វិនាសកម្ម​របស់​វា។ បន្ទាប់​មក ជំនួយ​ក៏​បាន​មក​ដល់។ វា​មិន​មែន​ជា​ការ​ធ្លាក់​ភ្លៀង តែ​ជា​ការ​ធ្លាក់​ព្រឹល​ទាន់​ពេល​វេលា ដែល​នាំ​ឲ្យ​អ្នក​ព្យាករណ៍​ឧតុនិយម​ម្នាក់​ហៅ​ជំនួយ​នោះ​ថា “ជំនួយ​មក​ពី​ព្រះ”។  ព្រឹល​បាន​ធ្លាក់​ចុះ​មក​ឆាប់​ជាង​រាល់​ដង នៅ​ទូទាំង​តំបន់​ដែល​មាន​ភ្លើង​ឆេះ ដោយ​កំរាស់​ព្រឹល​នៅ​លើ​ដី​មាន​ចាប់​ពី​កន្លះ​ម៉ែត្រ​ឡើង ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​រីក​រាល​ដាល​បាន​ថយ​ចុះ ហើយ​នៅ​កន្លែង​ខ្លះ​ភ្លើង​ក៏​បាន​រលត់​ទំាង​ស្រុង។

ជំនួយ​ប្រកប​ដោយ​សេចក្តី​មេត្តា​នេះ គឺ​ហាក់​ដូចជា​អស្ចារ្យ​ហួស​ពាក្យ​ពណ៌នា។ តើ​ព្រះ​ទ្រង់​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​យើង​ទេ ពេល​ដែល​យើង​ទូល​សូម​ឲ្យ​ព្រឹល ឬ​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក? ព្រះ​គម្ពីរ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប​ជា​ច្រើន​របស់​ព្រះ ចំពោះ​ការ​អធិស្ឋាន​ដូចនេះ ដែល​រាប់​បញ្ចូល​ទាំង​ការ​អធិស្ឋាន​របស់​លោក​អេលីយ៉ា សូម​ទឹក​ភ្លៀង​ផង​ដែរ(១ពង្សាវតាក្សត្រ ១៨:៤១-៤៦)។ ក្នុង​នាម​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​ព្រះ ដែល​មាន​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ គាត់​បាន​យល់​អំពី​អំណាច​គ្រប់​គ្រង​របស់​ព្រះ មក​លើ​អ្វី​ៗ​គ្រប់​យ៉ាង ដែល​រាប់​បញ្ចូល​ទាំង​អាកាសធាតុ​ផង​ដែរ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៧ បាន​ចែង​អំពី​ព្រះ​អង្គ​ថា “ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់ចែង​ភ្លៀង​សំរាប់​ផែនដី”(ខ.៨)។ “ទ្រង់​ប្រទាន​ហិមៈ​មក​ឲ្យ​ដូច​ជា​រោម​ចៀម … តើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន”(ខ.១៦-១៧)។

លោក​អេលីយ៉ា​បាន​ឮ​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​ធ្លាក់​ចុះ​មក តាំង​ពី​មុន​ពេល​ភ្លៀង​ធ្លាក់​(១ពង្សាវតាក្សត្រ ១៨:៤១)។ តើ​យើង​មាន​ជំនឿ​រឹង​មាំ​ដូច​នេះ ចំពោះ​អំណាច​ចេស្តា​ព្រះ​អង្គ​ឬ​ទេ? ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ទោះ​ព្រះអង្គ​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្តេច​ក៏​ដោយ។ យើង​អាច​មើល​ទៅ​ព្រះ​អង្គ ហើយ​ទូល​សូម​ជំនួយ​ដ៏​អស្ចារ្យ។—Patricia Raybon

តើ​មាន​ជំនួយ​ដ៏​អស្ចារ្យ​អ្វី​ខ្លះ ដែល​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ប្រទាន ក្នុង​ពេល​ដ៏​ពិបាក? តើ​ជំនួយ​របស់​ព្រះ​អង្គ បាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​សេចក្តី​ជំនឿ​កាន់​តែ​ខ្លាំង​ប៉ុណ្ណា?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​ក្រាប​នៅ​ទាប​ព្រះ​បាទ​ព្រះ​អង្គ ដោយ​បន្ទាប​ខ្លួន ទទួល​ជំនួយ​ប្រកប​ដោយ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​លើក​ទឹក​ចិត្ត​​ទូល​បង្គំ ដោយ​អំណាច​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles