ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ ២កូរិនថូស ៥:៧
លោកហ្គែរី(Gary) មានការពិបាកនៅក្នុងការទប់ខ្លួនឲ្យនឹង ពេលគាត់ដើរ ដូចនេះ វេជ្ជបណ្ឌិតរបស់គាត់ ក៏បានចេញវេជ្ជបញ្ជា ឲ្យគាត់ធ្វើការព្យាបាលដោយចលនា ដើម្បីជួយឲ្យគាត់អាចទប់លំនឹងខ្លួន។ ក្នុងអំឡុងពេលនៃការព្យាបាលដោយចលនា គ្រូពេទ្យបានប្រាប់គាត់ថា “អ្នកមានការទុកចិត្តខ្លាំងពេក មកលើអ្វីដែលអ្នកអាចមើលឃើញ សូម្បីតែក្នុងពេលអ្នកដឹងថា វាខុស! អ្នកមិនបានពឹងផ្អែកឲ្យបានគ្រប់គ្រាន់មកលើប្រព័ន្ធផ្សេងទៀតរបស់អ្នក ជាអ្វីដែលអ្នកពាល់នឹងជើងរបស់អ្នក និងសញ្ញាដែលបង្ហាញចេញមក ក្នុងត្រចៀកក្នុងរបស់អ្នក ដែលជួយឲ្យអ្នកទប់លំនឹងខ្លួនផងដែរ”។
ពេលដែលគាត់ប្រាប់លោកហ្គែរីថា “អ្នកមានការទុកចិត្តខ្លាំងពេក មកលើអ្វីដែលអ្នកអាចមើលឃើញ” ខ្ញុំក៏បាននឹកចាំ អំពីរឿងរបស់ដាវីឌ ជាអ្នកគង្វាលវ័យក្មេង ដែលបានប្រឈមមុខដាក់កូលីយ៉ាត។ អស់រយៈពេល៤០ថ្ងៃហើយ ដែលកូលីយ៉ាត ជាអ្នកប្រយុទ្ធជើងឯក របស់សាសន៍ភីលីស្ទីន បានចេញមកឈរនៅចំពោះមុខកងទ័ពអ៊ីស្រាអែល ដោយឡកឡើយដាក់ពួកគេ ឲ្យបញ្ជូននរណាម្នាក់ឲ្យចេញមកប្រយុទ្ធនឹងគាត់(១សាំយ៉ូអែល ១៧:១៦)។ ប៉ុន្តែ ពួកគេមានការភ័យខ្លាច ដោយសារអ្វីដែលពួកគេបានឃើញ។ បន្ទាប់មក យុវជនដាវីឌក៏បានបង្ហាញខ្លួនមក ខណៈពេលដែលឪពុកគាត់បានប្រើគាត់ ឲ្យយកស្បៀងអាហារទៅឲ្យពួកបងៗរបស់គាត់(ខ.១៨)។
តើស្តេចដាវីឌបានមើលទៅស្ថានភាពនេះ យ៉ាងដូចម្តេចខ្លះ? គឺដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ។ គាត់បានមើលឃើញយក្ស តែគាត់បានទុកចិត្តថា ព្រះទ្រង់នឹងរំដោះរាស្រ្តទ្រង់។ ទោះគាត់គ្រាន់តែជាក្មេងតូចម្នាក់ក៏ដោយ គាត់បានទូលស្តេចសូលថា “សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ”(ខ.៣២)។ បន្ទាប់មក គាត់ប្រាប់កូលីយ៉ាតថា “ចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង”(ខ.៤៧)។ ហើយព្រះទ្រង់ក៏បានជួយគាត់ឲ្យមានជ័យជម្នះ។
ការទុកចិត្តលើចារិកលក្ខណៈ និងអំណាចចេស្តារបស់ព្រះ អាចជួយឲ្យយើងរស់នៅ ដោយជំនឿ ជាជាងរស់នៅដោយការមើលឃើញ។ —Anne Cetas
តើអ្នកកំពុងតែតយុទ្ធជាមួយនឹងបញ្ហាអ្វី? តើការដើរដោយជំនឿលើព្រះ មានន័យយ៉ាងណាសម្រាប់អ្នក ក្នុងរដូវកាលនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ និងចារិកលក្ខណៈរបស់ព្រះអង្គ ក្នុងពេលដែលទូលបង្គំជួបទុក្ខលំបាក។ ព្រះអង្គមានគ្រប់អំណាចចេស្តា និងក្តីស្រឡាញ់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ១៣ និង ម៉ាថាយ ២៦:២៦-៥០