មិនដែលភ្លេចកិច្ចការដែលយើងបានធ្វើ

ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ។ ហេព្រើរ ៦:១០

ពេល​ដែល​យើង​គិត អំពី​បេសកជន ដែល​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ ក្នុង​ប្រវត្តិ​សាស្រ្ត យើង​ប្រហែល​មិន​បាន​ឮ​ឈ្មោះ លោក ចច លេលី(George Liele ឆ្នាំ១៧៥០ ដល់ ១៨២០)នោះ​ទេ។ តែ​យើង​គួរ​តែ​ស្គាល់​គាត់។ គាត់​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​ទាសករ។ គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅ​រដ្ឋ​ចចជា ហើយ​ក៏​បាន​ទទួល​សិទ្ធិ​សេរីភាព មុន​ពេល​សង្រ្គាម​ឯករាជ្យ​អាមេរិក។ គាត់​បាន​នាំ​ព្រះ​រាជសារ​របស់​ព្រះ​យេស៊ូវ ទៅ​ប្រទេស​ចាម៉ៃកា ដោយ​ឈោង​ចាប់​ពួក​ទាសករ នៅ​ក្នុង​តំបន់​ចំការ ហើយ​ក៏​បាន​បម្រើ​ការ​ជា​គ្រូ​គង្វាល និង​ស្ថាបនិក នៃ​ព្រះ​វិហារ​របស់​ជន​ជាតិ​អាមេរិក ដើម​កំណើត​អាហ្វ្រិក ក្នុង​ទីក្រុង​សាវ៉ាណា រដ្ឋ​ចចជា ដែល​គេ​បាន​ចាត់​ទុក​ជា “ព្រះវិហារ​ដំបូង​នៃ​ព្រះវិហារ​បាទីស្ទ​របស់​ជន​ជាតិ​ស្បែក​ខ្មៅ”។

អ្នក​ខ្លះ​ប្រហែល​មិន​បាន​នឹក​ចាំ អំពី​ជីវិត​នៃ​ការងារ​បម្រើ​នគរ​ព្រះ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ របស់​លោក​លេលី​ឡើយ តែ​ព្រះ​ទ្រង់​នឹង​មិន​ដែល​ភ្លេច​ការ​បម្រើ​ខាង​វិញ្ញាណ​របស់​គាត់​ឡើយ។ ព្រះអង្គ​ក៏​មិន​ភ្លេច​កិច្ចការ​ដែល​អ្នក​ធ្វើ​ថ្វាយ​ព្រះ​អង្គ​ដែរ។ កណ្ឌ​គម្ពីរ​សំបុត្រ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង យ៉ាង​ដូច​នេះ​ថា​ “ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ”(៦:១០)។  មនុស្ស​មិន​អាច​មើល​ស្រាល​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​បាន​ឡើយ ព្រោះ​ព្រះ​អង្គ​ពិត​ជា​ជ្រាប និង​នឹក​ចាំ​អ្វី​ៗ​ដែល​ព្រះ​អង្គ​បាន​ធ្វើ ក្នុង​ព្រះ​នាម​ព្រះ​អង្គ។ ហើយ​បទ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង “ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្តី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់ធន់​វិញ”(ខ.១២)។

បើ​យើង​បម្រើ​ព្រះ​ ក្នុង​លក្ខណៈ​មិន​ចេញ​មុខ ក្នុង​ព្រះ​វិហារ ឬ​សហគមន៍​របស់​យើង នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​កិច្ចការ​ដែល​យើង​ធ្វើ។ ចូរ​សង្ឃឹម​ឡើង។ ទោះ​កិច្ចការ​យើង​ត្រូវ​គេ​ទទួល​ស្គាល់ ឬ​ឲ្យ​រង្វាន់​ឬ​អត់​ក៏​ដោយ ព្រះ​អង្គ​នៅ​​តែ​ស្មោះ​ត្រង់​។ ព្រះ​អង្គ​នឹង​មិន​ដែល​ភ្លេច​យើង​ឡើយ។—Bill Crowder

តើ​មាន​ការ​បម្រើ​អ្វី​ខ្លះ ដែល​អ្នក​ធ្វើ​ថ្វាយ​ព្រះ? តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​ការ​បម្រើ​របស់​អ្នក សូម្បី​តែ​នៅ​ពេល​គេ​ហាក់​ដូច​ជា​មិន​អើពើ?

ឱ​ព្រះ​នៃ​ក្តី​ស្រឡាញ់ ការ​បម្រើ​ដែល​ទូល​បង្គំ​មាន​ចំពោះ​ព្រះ​អង្គ មិន​ល្អ​ឥត​ខ្ចោះ​ឡើយ តែ​ទូល​បង្គំ​ក៏​បាន​ដឹង​ថា កាល​ណា​ទូល​បង្គំ​បម្រើ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​នឹក​ចាំ និង​ឲ្យ​តម្លៃ​មក​លើ​ការ​បម្រើ​របស់​ទូល​បង្គំ។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​ប្រទាន​លទ្ធភាព​ឲ្យ​ទូល​បង្គំ​បម្រើ​ព្រះ​អង្គ។

To learn more about serving others, listen to DiscovertheWord.org/series/open-hands-willing-heart/.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ១៤ និង ម៉ាថាយ ២៦:៥១-៧៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles