តម្រូវការអ្នកដទៃសំខាន់ជាង

កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង។ រ៉ូម ១២:២

ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​ភាព​ឆាប់​រហ័ស នៅ​ក្នុង​សហគមន៍​កសិករ​តូច​មួយ។ បន្ទាប់​ពី​ធនាគារ​បាន​រឹប​អូស​កសិដ្ឋាន​របស់​គ្រួសារ​លោក​ដាវីឌ បាន​ប៉ុន្មាន​ឆ្នាំ គាត់​ក៏​បាន​ដឹង​ថា គេ​នឹង​ដាក់​លក់​កសិដ្ឋាន​នោះ​ជា​សាធារណៈ។ បន្ទាប់​ពី​ការ​លះ​បង់ និង​ការ​សន្សំ​លុយ​អស់​ពេល​យ៉ាង​យូរ  លោក​ដាវីឌ​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ដេញ​ថ្លៃ ហើយ​ក៏​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ហ្វូង​មនុស្ស ដែល​ជា​កសិករ​ក្នុង​តំបន់ ជិត​២​រយ​នាក់។ តើ​គាត់​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ដេញ​ថ្លៃ​ដែរ​ឬ​ទេ? គាត់​ក៏​បាន​ដេញ​ថ្លៃ​មុន​គេ ដោយ​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​អ្នក​ប្រកាស​ដេញ​ថ្លៃ សួរ​រក​អ្នក​ដែល​ចង់​ដេញ​ថ្លៃ​ខ្ពស់​ជាង​គាត់។ ហ្វូង​មនុស្ស​ក៏​នៅ​តែ​មាន​ភាព​ស្ងាត់​ស្ងៀម រហូត​ដល់​ពេល​ដែល​គេ​គោះ​តុ​នឹង​ញញួរ ដើម្បី​ប្រកាស​អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ។ ពួក​កសិករ​ទាំង​នោះ​បាន​ចាត់​ទុក​តម្រូវ​ការ​របស់​លោក​ដាវីឌ និង​គ្រួសារ​គាត់ ​ធំ​ជាង​ផល​ចំណេញ​របស់​ខ្លួន​ឯង។

រឿង​នេះ​និយាយ​អំពី​ការ​លះបង់​របស់​ពួក​កសិករ ដោយ​ចិត្ត​សប្បុរស ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឲ្យ​រស់​នៅ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង មិន​ឲ្យ​ “ត្រាប់​តាម​សម័យ​នេះ”(រ៉ូម ១២:២) ដោយ​យក​សេចក្តី​ប៉ង​ប្រាថ្នា​ខ្លួន​ឯង ជា​ធំ​ជាង​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​ខិត​ខំ​បំពេញ​តែ​ចំណង់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែប្រែ​ចិត្ត​គំនិត​យើង​ជា​ថ្មី យើង​អាច​ឆ្លើយ​តប ចំពោះ​ស្ថានភាព​ទាំង​ឡាយ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ដែល​ចង់​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ។ ការ​គិត​អំពី​តម្រូវការ​អ្នក​ដទៃ​ជា​ទីមួយ អាច​ជួយ​ឲ្យ​យើង​ជៀស​វាង​ការ​គិត​អំពី​ខ្លួន​ឯង​ជ្រុល ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​រំឭក​យើង​ថា យើង​ជា​ផ្នែក​មួយ​នៃ​ពួក​ជំនុំ ដែល​ធំ និង​សំខាន់​ជាង​ខ្លួន​យើង(ខ.៣-៤)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ជឿ ឲ្យ​យល់ និង​ស្តាប់​បង្គាប់​ព្រះ​បន្ទូល។ ព្រះ​អង្គ​ប្រទាន​អំណាច​​យើង ឲ្យ​អាច​ជួយ​បំពេញ​តម្រូវ​ការ​អ្នក​ដទៃ ដោយ​គ្មាន​ចិត្ត​អាត្មា​និយម ហើយ​ស្រឡាញ់​ដោយ​ចិត្ត​សប្បុរស ដើម្បី​ឲ្យ​យើង​អាច​ចម្រើន​ឡើង ជា​មួយ​គ្នា។—Xochitl Dixon

តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​យក​តម្រូវ​ការ​អ្នក​ដទៃ ​សំខាន់​ជាង​ខ្លួន​ឯង? តើ​ជំនឿ​របស់​អ្នក​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ណា ពី​នរណា​ម្នាក់ ដែល​ចាត់​ទុក​តម្រូវ​ការ​អ្នក ​សំខាន់​ជាង​តម្រូវ​ការ​ខ្លួន​ឯង?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ជម្នះ​ភាព​អាត្មា​និយម ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ស្រឡាញ់​ដោយ​គ្មាន​ភាព​អាត្មា​និយម ដោយ​ការ​រួប​រួម​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ១៧-១៨ និង ម៉ាថាយ ២៧:២៧-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles