ឲ្យឯងគ្រាន់តែមានកំឡាំង និងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក ដែលម៉ូសេជាអ្នកបំរើអញ បានបង្គាប់មក។ យ៉ូស្វេ ១:៧
ក្នុងអំឡុងពេលនៃការធ្វើដំណើរទស្សនានាវាផ្ទុកយន្តហោះ ពីឡុតបើកយន្តហោះចម្បាំងម្នាក់បានពន្យល់ថា យន្តហោះចម្បាំងត្រូវការកម្លាំងខ្យល់បក់ក្នុងល្បឿន៥៦គីឡូម៉ែត្រក្នុង១ម៉ោង ដើម្បីឲ្យវាអាចហោះឡើង នៅលើកំណាត់ផ្លូវដែលមានប្រវែងខ្លី នៅលើនាវាផ្ទុកយន្តហោះ។ ខ្ញុំសួរគាត់ថា “តើខ្យល់ត្រូវរុញយន្តហោះពីខាងក្រោយ ដើម្បីឲ្យវាហោះទៅលើឬ?” គាត់ក៏បានឆ្លើយថា “ទេ យន្តហោះត្រូវរត់បញ្ច្រាសខ្យល់ ទើបខ្យល់អាចលើកវា ឲ្យហោះឡើងទៅលើបាន”។
ព្រះទ្រង់បានត្រាស់ហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្រ្តទ្រង់ ធ្វើដំណើរបញ្ច្រាស “ខ្យល់” ចូលទៅក្នុងទឹកដីសន្យា។ លោកយ៉ូស្វេត្រូវមានការពីរយ៉ាង។ នៅផ្នែកខាងក្នុង គាត់ត្រូវ “មានកម្លាំង និងចិត្តក្លាហាន”(យ៉ូស្វេ ១:៧) ហើយនៅផ្នែកខាងក្រៅ គាត់ត្រូវការបញ្ហាប្រឈម។ ការនេះរាប់បញ្ចូលកិច្ចការប្រចាំថ្ងៃ ដែលមានការដឹកនាំពួកអ៊ីស្រាអែលរាប់ពាន់នាក់ ប្រឈមមុខដាក់ទីក្រុងដែលមានកំផែង(៦:១-៥) ការបរាជ័យដែលធ្វើឲ្យបាក់ទឹកចិត្ត(៧:៣-៥) អំពើចោរកម្មរបស់លោកអេកាន(ខ.១៦-២៦) និងសង្រ្គាមជាបន្តបន្ទាប់ទៀត(ជំពូក ១០-១១)។
ដំណើរបញ្ច្រាសខ្យល់នេះក៏បានលើកជីវិតរបស់លោកយ៉ូស្វេឡើង ដរាបណាគាត់ធ្វើតាមបង្គាប់របស់ព្រះ។ គឺដូចដែលព្រះទ្រង់បានមានបន្ទូលថា គាត់ត្រូវ កាន់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យគ្រប់ជំពូក … កុំឲ្យងាកបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ … គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលគាត់នឹងបានកើតការនៅគ្រប់ទាំងផ្លូវគាត់ ហើយនឹងបានចំរើនឡើងផង(១:៧-៨)។
តើអ្នកបានប្តេជ្ញាចិត្តដើរតាមផ្លូវព្រះ ទោះជាមានបញ្ហាអ្វីក៏ដោយមែនទេ? ចូរត្រៀមខ្លួនឆ្លងកាត់បញ្ហាប្រឈម។ ព្រះទ្រង់នឹងលើកអ្នកខ្ពស់ឡើង។—Mike Wittmer
តើបញ្ហាប្រឈម មានភាពចាំបាច់ សម្រាប់ជីវិតដែលជោគជ័យឬទេ? តើព្រះទ្រង់អាចប្រើបញ្ហាក្នុងពេលបច្ចុប្បន្នយ៉ាងណាខ្លះ ដើម្បីលើកអ្នកឡើង?
ឱព្រះវរបិតា ជីវិតមានការពិបាក ហើយច្រើនតែមានការឈឺចាប់។ សូមឲ្យបញ្ហាទូលបង្គំបាននាំទូលបង្គំ ចូលទៅជិតព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ២៣-២៤ និង ម៉ាកុស ១:១-២២