អធិស្ឋានគ្រប់ពេលវេលា

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ។ ១ថែស្សាឡូនិច ៥:១៧

ហារៀត ថាប់មែន(Harriet Tubman) មិន​ចេះ​អាន ឬ​សរសេរ​អក្សរ​ឡើយ។ កាល​នៅ​វ័យ​ជំទង់ នាង​មាន​របួស​ក្បាល ដោយសារ​ម្ចាស់​ទាសករ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​បាន​ធ្វើ​អំពើ​ហិង្សា​មក​លើ​នាង។ របួស​នោះ​បាន​បណ្តាល​ឲ្យ​នាង​ប្រកាច់ និង​សន្លប់​មិន​ដឹង​ខ្លួន​ជា​ញឹកញាប់ ពេញ​មួយ​ជីវិត​របស់​នាង។ តែ​ពេល​ដែល​នាង​បាន​គេច​ផុត​ពី​ភាព​ជា​ទាសករ ព្រះ​ទ្រង់​បាន​ប្រើ​នាង​ ឲ្យ​ជួយ​រំដោះ​ទាសករ​ដទៃ​ទៀត ដែល​មាន​ចំនួន​ប្រហែល​៣០០​នាក់។

អ្នក​ដែល​នាង​បាន​ជួយ​រំដោះ​ឲ្យ​មាន​សេរីភាព ​បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​នាង​ថា “ម៉ូសេ” ។ នាង​បាន​ធ្វើ​ដំណើរ​១៩​ដង ទៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ទាសករ​ដទៃ​ទៀត មុន​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ នាង​នៅ​តែ​បន្ត​កិច្ចការ​នេះ​ទៀត ទោះ​គេ​បាន​ប្រកាស​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​​ចាប់​ខ្លួន​នាង​បាន ហើយ​ជីវិត​នាង​ប្រឈមនឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា។ ក្នុង​នាម​នាង​ជា​អ្នក​មាន​ជំនឿ​ដ៏​រឹង​មាំ លើ​ព្រះយេស៊ូវ នាង​តែង​តែ​ដាក់​សៀវភៅ​ចម្រៀង​ទំនុក​សកល និង​ព្រះ​គម្ពីរ​ប៊ីប​១​ក្បាល​ជាប់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​នីមួយ​ៗ ហើយ​ឲ្យ​អ្នក​ដទៃ​អាន​ខគម្ពីរ​ឲ្យ​នាង​ស្តាប់ ដោយ​នាង​ប្តេជ្ញា​ចិត្ត​ទន្ទេញ ហើយ​ដក​ស្រង់​មក​ប្រើ​ជា​ញឹក​ញាប់។ នាង​និយាយ​ថា “ខ្ញុំ​បាន​អធិស្ឋាន​គ្រប់​ពេល​វេលា អំពី​ការងារ​របស់​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង។ ខ្ញុំ​តែង​តែ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​និច្ច”។ នាង​ក៏​បាន​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ជោគជ័យ​ដ៏​តូច​បំផុត​ផង​ដែរ។ ជីវិត​របស់​នាង​គឺ​បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដំបូង​ថា “ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៦-១៨)។

ពេល​ណា​យើង​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន និង​សរសើរ​ដំកើង​ព្រះ​អង្គ ទោះ​យើង​ជួប​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នឹង​ប្រទាន​យើង​នូវ​កម្លាំង ដើម្បី​សម្រេច​កិច្ចការ​ដែល​ពិបាក​បំផុត។ ព្រះអង្គ​សង្រ្គោះ​នៃ​យើង​ធំ​ប្រសើរ​លើស​ការ​អ្វី​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ ហើយ​ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង កាល​ណា​យើង​មើល​ទៅ​ព្រះ​អង្គ។—James Banks

តើ​ការ​ចំណាយ​ពេល ក្នុង​ព្រះ​វត្ត​មាន​ព្រះ បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​រឹង​មាំ​ប៉ុណ្ណា? តើ​អ្នក​នឹង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​អង្គ យ៉ាង​ដូច​ម្តេច នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​នៃ​ក្តី​ស្រឡាញ់ ដ៏​មាន​គ្រប់​ចេស្តា សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់​នៅ ក្នុង​ពេល​នីមួយ​ៗ ជា​មួយ​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​កម្លាំង ដែល​មាន​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​ឲ្យ​បាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ២៦-២៧ និង ម៉ាកុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles