មិនដែលនិយាយថា “មិនអាច”

ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង។ និក្ខមនំ ៤:១២

ជែន(Jen) បាន​កើត​មក​ដោយ​គ្មាន​ជើង ហើយ​ត្រូវ​ឪពុក​ម្តាយ​បោះ​បង់​ចោល​នៅ​មន្ទីរ​ពេទ្យ។ តែ​នាង​បាន​និយាយ​ថា នាង​មាន​ពរ​ណាស់ ដែល​មាន​គេ​​​យក​នាង​ទៅ​ចិញ្ចឹម។ នាង​ថា “ខ្ញុំ​បាន​មក​ដល់​ចំណុច​នេះ គឺ​ដោយសារ​មនុស្ស​ដែល​បាន​ធ្វើ​ការ​លះ​បង់ សម្រាប់​ខ្ញុំ”។ ឪពុក​ម្តាយ​ចិញ្ចឹម​របស់​នាង​បាន​ជួយ​នាង ឲ្យ​មើល​ឃើញ​ថា “ព្រះ​ទ្រង់​មាន​ផែនការ​ដ៏​ល្អ​សម្រាប់​នាង”។ ពួក​គេ​ក៏​បាន​ចិញ្ចឹម និង​បង្រៀន​នាង មិន​ឲ្យ​និយាយ​ថា “មិន​អាច” ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​នាង នៅ​ក្នុង​ការ​ដេញ​តាម​គោលដៅ​របស់​នាង ដែល​រួម​មាន ការ​ក្លាយ​ជា​កីឡាករ​កាយ​សម្ព័ន្ធ​ដ៏​ជោគជ័យ​ម្នាក់! នាង​បាន​ជម្នះ​បញ្ហា​ប្រឈម​របស់​នាង ដោយ​ផ្នត់​គំនិត​ដែល​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​វា​ដោយ​របៀប​ណា?” ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ។

ព្រះគម្ពីរ​បាន​ចែង​អំពី​រឿង​ដែល​មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​អសមត្ថ​ភាព ឬ​មិន​សក្ដិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ តែ​ព្រះ​ទ្រង់​នៅ​តែ​ប្រើ​ពួក​គេ។ ឧទាហរណ៍ ពេល​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​លោក​ម៉ូសេ ឲ្យ​ដឹក​នាំ​ពួក​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ គាត់​មិន​ចង់​ធ្វើ​តាម​បង្គាប់​ព្រះ​អង្គ(និក្ខមនំ ៣:១១ ៤:១) ហើយ​បដិសេធ​ថា “ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ”។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(៤:១០-១២)។ ពេល​ដែល​លោក​ម៉ូសេ​នៅ​តែ​បដិសេធ ព្រះ​អង្គ​ក៏​បាន​ឲ្យ​លោក​អើរ៉ុន​ធ្វើ​ជា​អ្នក​និយាយ​ជំនួស​គាត់ ហើយ​ធានា​គាត់​ថា ព្រះ​អង្គ​នឹង​ជួយ​គាត់​(ខ.១៣-១៥)។

ព្រះអង្គ​ក៏​មាន​ផែនការ​ល្អ​សម្រាប់​យើង​រាល់​គ្នា មិន​ខុស​ពី​ជែន និង​លោក​ម៉ូសេ​នោះ​ឡើយ ហើយ​ព្រះ​អង្គ​ក៏​ជួយ​យើង នៅ​តាម​ផ្លូវ ដោយ​ព្រះ​គុណ​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​អង្គ​ឲ្យ​មាន​មនុស្ស​ជួយ​យើង និង​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។—Alyson Kieda

តើ​នៅ​ពេល​ណា​ខ្លះ អ្នក​មាន​អារម្មណ៍​ថា អសមត្ថភាព ឬ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់ ដើម្បី​បំពេញ​កិច្ចការ ឬ​តួនាទី​ដែល​ព្រះអង្គ​ត្រាស់​ហៅ​ឲ្យ​អ្នក​ធ្វើ? តើ​ព្រះ​អង្គ​បាន​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​មិន​បាន​ទុក​​ទូល​បង្គំចោល ឲ្យ​ធ្វើ​កិច្ចការ​ទាំង​ឡាយ ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​ស្រឡាញ់ និង​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ និង​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ដាក់​ក្នុង​ជីវិត​ទូល​បង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ជនគណនា ១-៣ និង ម៉ាកុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles