ការប្រកាសសង្រ្គាមនឹងភពផ្កាយ

នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? ទំនុកដំកើង ៨:៤

នៅ​ដើម​សតវត្សរ៍​ទី​២០ កវី​កំណាព្យ​អ៊ីតាលី ឈ្មោះ អេហ្វ ធី ម៉ារីនេតទី(F. T. Marinetti) ចាប់​ផ្តើម​ដឹក​នាំ​ចលនា​នៃ​ការ​និយម​ពេល​អនាគត ជា​ចលនា​ផ្នែក​សិល្បៈ ដែល​បដិសេធ​ពេល​អតីតកាល ចម្អក​ឲ្យ​ប្រពៃណី​នៃ​ការ​សរសើរ​សម្រស់ ហើយ​បាន​លើក​ដំកើង​ម៉ាស៊ីន​វិញ។ នៅ​ឆ្នាំ​១៩០៩ លោក​ម៉ារីនេតទី​ក៏​បាន​សរសេរ​សៀវភៅ​មាន​ចំណង​ជើង​ថា ការ​ប្រកាស​អំពី​ការ​និយម​ពេល​អនាគត  ដែល​ក្នុង​នោះ គាត់​បាន​ប្រកាស​អំពី “សេចក្តី​សម្អប់​ចំពោះ​ស្រ្តី” និង​សរសើរ “ការ​វាយ​នឹង​កណ្តាប់​ដៃ” ហើយ​ជំរុញ​ឲ្យ​គេ “លើក​តម្កើង​សង្រ្គាម”។ សេចក្តី​ប្រកាស​នោះ​ក៏​បាន​បញ្ចប់​ដោយ​ពាក្យ​ថា : “យើង​ឈរ​នៅ​លើ​កំពូល​នៃ​ពិភព​លោក ដោយ​ប្រកាស​សង្រ្គាម​ដ៏​ព្រហឺន នឹង​ហ្វូង​ផ្កាយ​ទាំង​ឡាយ!”។

បន្ទាប់​ពី​លោក​ម៉ារីនេទី​បាន​សរសេរ​សេចក្តី​ប្រកាស​នេះ​បាន​៥​ឆ្នាំ សង្រ្គាម​លោក​លើក​ទី​១​ក៏​បាន​ចាប់​ផ្តើម។ សង្រ្គាម​នេះ​មិន​បាន​នាំ​មក​នូវ​ភាព​រុង​រឿង​អ្វី​ទេ។ លោក​ម៉ារីនេទី​ក៏​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៤៤ តែ​ផ្កាយ​នៅ​លើ​មេឃ​ដដែល ដោយ​មិន​ខ្វល់​ពី​គាត់។

ស្តេច​ដាវីឌ​បាន​ច្រៀង​​​បទ​កំណាព្យ រៀបរាប់​អំពី​ផ្កាយ​ផង​ដែរ តែ​ក្នុង​ន័យ​ខុស​ពី​នេះ។ ទ្រង់​បាន​សរសេរ​ថា “កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ សំណួរ​របស់​ស្តេច​ដាវីឌ មិន​មែន​ការ​ខ្វះ​ជំនឿ​នោះ​ទេ តែ​ជា​ការ​បន្ទាប​ខ្លួន​ដោយ​ភាព​ស្ញប់​ស្ញែង។ ទ្រង់​ជ្រាប​ថា ព្រះ​ដែល​បាន​បង្កើត​ចក្រវាល​ឡើង ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង។ ព្រះអង្គ​បាន​កត់​សំគាល់​មក​លើ​ចំណុច​លម្អិត​នីមួយ​ៗ​របស់​យើង ទាំង​ចំណុច​ល្អ អាក្រក់ ការ​បន្ទាប​ខ្លួន អំនួត ហើយ​សូម្បី​តែ​ចំណុច​គ្មាន​ហេតុ​ផល។

ការ​ឈ្លោះ​ជា​មួយ​ផ្កាយ​ជា​រឿង​ឥត​ប្រយោជន៍។ ផ្ទុយ​ទៅ​វិញ ផ្កាយ​ទាំង​ឡាយ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សរសើរ​ដំកើង​ព្រះ​អាទិករ​របស់​យើង។ —Tim Gustafson

តើ​មាន​ទស្សនវិជ្ជា ឬ​ចលនា​អ្វី ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មិន​បាន​គិត​ដល់​ព្រះ? តើ​មាន​អ្វី​រំឭក​អ្នក អំពី​ព្រះ​អាទិករ​របស់​អ្នក ហើយ​តើ​ការ​នេះ​បណ្តាល​ចិត្ត​អ្នក​ឲ្យ​សរសើរ​ដំកើង​ព្រះ​អង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ទូល​បង្គំ បាន​ជា​ទូលបង្គំ​គួរ​កោត​ស្ញប់​ស្ញែង​ព្រះ​អង្គ ដោយ​ការ​បន្ទាប​ខ្លួន។ តើ​ទូល​បង្គំ​ជា​នរណា? ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ សម្រាប់​ការ​ស្រឡាញ់​ទូល​បង្គំ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ជនគណនា ៧-៨ និង ម៉ាកុស ៤:២១-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles