បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមក ដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧
ការរង់ចាំអាចលួចសន្តិភាព ចេញពីចិត្តយើង។ លោករ៉ាមេស ស៊ីតារ៉ាមែន(Ramesh Sitaraman) ជាអ្នកវិទ្យាសាស្រ្តកំព្យូទ័រ បានមានប្រសាសន៍ថា មានបញ្ហាមួយចំនួនបានបណ្តាលឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិត មានអារម្មណ៍នឿយណាយ និងខឹងជាទូទៅ ខណៈពេលដែលពួកគេកំពុងរង់ចាំវិបសាយបើកចេញមក ក្នុងល្បឿនដ៏សែនយឺត។ តាមការស្រាវជ្រាវរបស់គាត់ បានឲ្យដឹងថា មនុស្សជាទូទៅចង់ចំណាយពេលតែ២វិនាទីប៉ុណ្ណោះ ក្នុងការរង់ចាំឲ្យវីដេអូនៅអនឡាញលោតឡើង។ បន្ទាប់ពីរង់ចាំបាន៥វិនាទីហើយ វីដេអូនៅមិនទាន់លោតចេញមកទៀត មនុស្សប្រហែល ២៥% បានបោះបង់ចោលការរង់ចាំ ហើយបន្ទាប់ពីរង់ចាំ១០វិនាទី អ្នកប្រើប្រាស់ចំនួនពាក់កណ្តាលបោះបង់ចោលការព្យាយាម។ មនុស្សយើងពិតជាខ្វះភាពអត់ធ្មត់មែន។
លោកយ៉ាកុបបានលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ កុំឲ្យបោះបង់ចោលសេចក្តីជំនឿ ខណៈពេលដែលពួកគេកំពុងរង់ចាំការយាងត្រឡប់មកវិញជាលើកទី២របស់ព្រះអង្គ។ ការរង់ចាំការយាងមកវិញរបស់ព្រះយេស៊ូវ នឹងលើកទឹកចិត្តពួកគេឲ្យឈរមាំមួន នៅចំពោះមុខការរងទុក្ខ ហើយឲ្យពួកគេស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក(យ៉ាកុប ៥:៧-១០)។ លោកយ៉ាកុបក៏បានប្រើឧទាហរណ៍ អំពីកសិករ ដើម្បីបកស្រាយអំពីរឿងនេះ។ លោកយ៉ាកុបបានលើកទឹកចិត្តអ្នកជឿ ឲ្យមានចិត្តអត់ធ្មត់ ក្នុងពេលដែលមានការបៀតបៀន រហូតដល់ពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ គឺប្រៀបដូចជាកសិករ ដែលបានអត់ធ្មត់រង់ចាំ “ភ្លៀងធ្លាក់នៅចុងរដូវ និងដើមរដូវ”(ខ.៧) ទាល់តែបានទទួលផល។ ហើយពេលដែលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គនឹងប្រទាននូវយុត្តិធម៌ ហើយនាំមកនូវសន្តិភាព។
ជួនកាល យើងជួបការល្បួង ដែលធ្វើឲ្យយើងចង់បោះបង់ចោលសេចក្តីជំនឿ ខណៈពេលដែលយើងកំពុងរង់ចំាព្រះអង្គ។ ប៉ុន្តែ ពេលដែលយើងកំពុងរង់ចាំ ចូរយើង “ចាំយាម”(ម៉ាថាយ ២៤:៤២) នៅតែមានចិត្តស្មោះត្រង់(២៥:១៤-៣០) ហើយរស់នៅ ដោយមានចារិកលក្ខណៈដូចព្រះអង្គ តាមផ្លូវរបស់ព្រះអង្គ(កូល៉ុស ៣:១២)។ យើងមិនដឹងថា ព្រះយេស៊ូវនឹងយាងមកវិញនៅពេលណាទេ តែចូរយើងរង់ចាំព្រះអង្គ ដោយចិត្តអត់ធ្មត់ ទោះយូរប៉ុណ្ណាក៏ដោយ។—Marvin Williams
តើការរង់ចាំព្រះយេស៊ូវយាងមកវិញ មានការលំបាកបំផុតនៅត្រង់ចំណុចណា? តើការរង់ចាំព្រះអង្គយាងមកវិញ បានបណ្តាលចិត្តយើងឲ្យរស់នៅ តាមចារិកលក្ខណៈ និងផ្លូវរបស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំរង់ចំាព្រះអង្គ។ លោកិយនេះងងឹត ហើយមានពេញដោយការឈឺចាប់ ទុក្ខលំបាក ភាពអយុត្តិធម៌ និងភាពមិនច្បាស់លាស់ តែទូលបង្គំនៅតែរង់ចាំព្រះអង្គ។ ទោះទូលបង្គំមិនដឹងថ្ងៃ ឬពេលដែលព្រះអង្គនឹងយាងមកវិញ ទូលបង្គំនៅតែរង់ចាំព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣-៤ និង ម៉ាកុស ១០:៣២-៥២