ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦
កាលជែន(Jen) នៅក្មេង គ្រូសាលារៀនថ្ងៃអាទិត្យរបស់នាង បានបង្រៀនសិស្សឲ្យចេះផ្សាយដំណឹងល្អ ដែលរាប់បញ្ចូលការទន្ទេញខគម្ពីរមួយចំនួន និងរូបមន្តសម្រាប់ផ្សាយដំណឹងល្អ។ គាត់មានបំណងល្អទេ។ នាង និងមិត្តភក្តិនាងក៏បានសាកល្បងផ្សាយដំណឹងល្អដល់មិត្តភក្តិម្នាក់ទៀត តាមវិធីសាស្រ្តនេះ ដោយខ្លាចភ្លេចខគម្ពីរ ឬជំហានដ៏សំខាន់ណាមួយ ក្នុងការផ្សាយដំណឹងល្អ។ ការផ្សាយដំណឹងល្អនៅពេលល្ងាចនោះ មិនបានបញ្ចប់ដោយមានការសន្ទនាគ្នានោះទេ។ វិធីសាស្រ្តតែម្យ៉ាងមិនគ្រប់គ្រាន់ទេ យើងត្រូវមានទីបន្ទាល់ល្អ ក្នុងការរស់នៅផងដែរ។
សព្វថ្ងៃនេះ ជាច្រើនឆ្នាំកន្លងមក ជែន និងស្វាមីរបស់នាងកំពុងតែធ្វើជាគំរូនៃការស្រឡាញ់ព្រះ និងចែកចាយជំនឿ សម្រាប់កូនៗរបស់ពួកគេ តាមរបៀបដែលងាយទទួលយកជាង។ ពួកគេបានយល់អំពីសារៈសំខាន់នៃការបង្រៀនកូនអំពីព្រះ ព្រះគម្ពីរ និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវ តែពួកគេបង្រៀនកូនឲ្យស្គាល់ព្រះ តាមរយៈទីបន្ទាល់នៃការរស់នៅ ដែលស្រឡាញ់ព្រះ និងព្រះបន្ទូលទ្រង់ផងដែរ។ ពួកគេកំពុងបង្ហាញអត្ថន័យនៃការរស់នៅ ជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយឈោងទៅរកអ្នកដទៃ តាមរយៈសេចក្តីសប្បុរស និងពាក្យគួរសម។ អ្នកស្រីជែនបាននិយាយថា “យើងមិនអាចចែកចាយព្រះបន្ទូលនៃជីវិត ដល់អ្នកដទៃបានទេ បើយើងមិនបានរស់នៅ តាមព្រះបន្ទូលនៃជីវិត”។ តាមរយៈការបង្ហាញសេចក្តីសប្បុរស នៅក្នុងការរស់នៅ នាង និងស្វាមីរបស់នាងកំពុងរៀបចំកូនរបស់ពួកគេ “ឲ្យនាំអ្នកដទៃឲ្យជឿព្រះផងដែរ”។
យើងអាចប្រើប្រាស់វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីនាំអ្នកដទៃឲ្យស្គាល់ព្រះយេស៊ូវ តែដែលសំខាន់បំផុតនោះ យើងត្រូវឲ្យគេមើលឃើញសេចក្តីស្រឡាញ់របស់ព្រះ បញ្ចេញពន្លឺតាមរយៈការរស់នៅរបស់យើងផងដែរ។ ខណៈពេលដែលយើងរស់នៅក្នុងសេចក្តីស្រឡាញ់ ហើយចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គ នោះព្រះអង្គនាំអ្នកដទៃឲ្យស្គាល់ព្រះអង្គផងដែរ។—Alyson Kieda
តើអ្នកបានផ្សាយដំណឹងល្អដល់អ្នកដទៃ យ៉ាងដូចម្តេចខ្លះ? តើអ្នកបានទទួលលទ្ធផលយ៉ាងណា? តើមានមធ្យោបាយអ្វីខ្លះទៀត ដែលអ្នកអាចចែកចាយ អំពីព្រះយេស៊ូវ?
ឱព្រះអម្ចាស់ ទូលបង្គំចង់ឲ្យអ្នកដទៃបានស្គាល់ទំនាក់ទំនងនៃក្តីស្រឡាញ់ ដែលទូលបង្គំមានជាមួយព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ក្នុងការដើរ និងនិយាយស្តី ដើម្បីនាំអ្នកដទៃឲ្យស្គាល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៦-២៧ និង ម៉ាកុស ១៤:២៧-៥៣