បញ្ហាដ៏តូច

ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​ទៅ។ បទចម្រៀង ២:១៥

មាន​ពេល​មួយ អ្នក​បើក​យន្ត​ហោះ​បាន​ព្យាយាម​ដាក់​ពែង​តែ ចូល​ទៅ​ក្នុង​ទម្រ​ពែង ក្នុង​បន្ទប់​បើក​យន្ត​ហោះ តែ​ដាក់​មិន​ចូល​សោះ  ដូច​នេះ គាត់​ក៏​បាន​ដាក់​វា​នៅ​លើ​តាប​ឡូ​គ្រប់​គ្រង​យន្ត​ហោះ។ ពេល​យន្ត​ហោះ​រលាក់ ទឹក​តែ​ក៏​បាន​កំពប់​ពី​លើ​តាប​ឡូ​គ្រប់គ្រង​យន្ត​ហោះ ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្ត​ហោះ​រលត់។ គាត់​ក៏​បាន​ផ្លាស់​ប្តូរ​ទិសដៅ​ហោះ​ហើរ ដើម្បី​ស្វែង​រក​កន្លែង​ចុះ​ចត​បន្ទាន់ ហើយ​ក៏​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព។ ប៉ុន្តែ ពីរ​ខែ​ក្រោយ​មក ពេល​ដែល​រឿង​នេះ​បាន​កើត​ឡើង​ម្តង​ទៀត មក​លើ​ជំនួយ​ការ​អ្នក​បើក​បរ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​នោះ​ក៏​បាន​ទទួល​ស្គាល់​បញ្ហា​នេះ។ យន្តហោះ​មាន​តម្លៃ​៣០០​លាន​ដុល្លា​អាមេរិក ប៉ុន្តែ ទម្រ​ពែង​មាន​ទំហំ​តូច​ពេក។ ការ​មើល​រំលង​មក​លើ​បញ្ហា​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។

ចំណុច​លម្អិត​តូច​មួយ អាច​បំផ្លាញ​ផែនការ​ធំ​បាន​យ៉ាង​ងាយ ហេតុ​នេះ​ហើយ ក្នុង​កណ្ឌ​គម្ពីរ បទ​ចម្រៀង​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ជំរុញ​គូរ​ស្នេហ៍​ទ្រង់ ឲ្យ​ចាប់ “កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ” នៃ​សេចក្តី​ស្នេហា​របស់​ពួក​គេ​(២:១៥)។ ទ្រង់​បាន​ឃើញ​សត្វ​ចចក​ឡើង​តាម​របង ចូល​ទៅ​ក្នុង​ចំការ ដែល​បាន​កាយ​ដី ដើម្បី​ស្វែង​រក​ផ្លែ​ទំពាំង​បាយ​ជូរ។ គេ​ពិបាក​ចាប់​ពួក​វា ព្រោះ​ពួក​វា​លួច​ចូល​ក្នុង​ចំការ​យ៉ាង​លឿន ហើយ​ក៏​ចេញ​ទៅ​វិញ​បាត់ នៅ​ពេល​យប់។ ប៉ុន្តែ គេ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ដ៏​តូច​នេះ​ឡើយ។

តើ​មាន​អ្វី​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក? អ្នក​ប្រហែល​មិន​មាន​កំហុស​ធំ​ៗ ដែល​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​នោះ​ទេ តែ​ប្រហែល​ជា​មាន​បញ្ហា​តូច​ៗ ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​លើសលួស​បន្តិច​បន្តួច ឬ​អាកប្ប​កិរិយា​ដ៏​តូច​មួយ ដែល​កំពុង​ជីក​រំលើង​ឫស​នៃ​ក្តី​ស្រឡាញ់​របស់​អ្នក។ កំហុស​តូច​ៗ​បូក​បញ្ចូល​គ្នា​ក្លាយ​ជា​កំហុស​ច្រើន ហើយ​មិត្ត​ភាព​ដែល​កំពុង​រីក​លូត​លាស់ ឬ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ អាច​ជួប​ហានិភ័យ​ដោយសារ​កំហុស​ទាំង​នោះ។

សូម​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កំហុស​តូច​ៗ ដែល​អាច​បំផ្លាញ​ទំនាក់​ទំនង​បាន។ ចូរ​យើង​សុំ​ទោស​គ្នា ឬ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ដែល​ចាំ​បាច់ ហើយ​បន្ថែម​ជីជាតិ​ដល់​ដី​នៃ​ទំនាក់​ទំនង ដោយ​ការ​ប្រព្រឹត្ត​ដ៏​សាមញ្ញ ដោយ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ។—Mike Wittmer

តើ​បញ្ហា​តូច​ៗ​ណា​ខ្លះ ដែល​កំពុង​បំផ្លាញ​ទំនាក់​ទំនង​ជិត​ស្និទ្ធ ដែល​អ្នក​មាន​ជា​មួយ​ព្រះ​យេស៊ូវ? តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​ស្វែង​រក​ការ​អត់​ទោស​បាប ហើយ​ចាប់​ផ្តើម​ជា​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ?

ឱ​ព្រះ​វរបិតា សូម​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ហូរ​កាត់​ជីវិត​ទូល​បង្គំ តាម​របៀប​ដ៏​សាមញ្ញ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣២-៣៤ និង ម៉ាកុស ១៥:២៦-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles