ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ ១ពេត្រុស ៥:៧
កាលលោកអ័ប្រាហាំ លីនខិន(Abraham Lincoln) ក្លាយជាប្រធានាធិតីអាមេរិក គាត់មានភារកិច្ចដឹកនាំប្រទេសដែលកំពុងបែកបាក់។ គេបានចាត់ទុកលោកលីនខិន ជាអ្នកដឹកនាំដែលមានប្រាជ្ញា និងមនុស្សដែលមានសីលធម៌ខ្ពស់ តែចារិកលក្ខណៈមួយទៀតរបស់គាត់ គឺការចូលចិត្តពឹងផ្អែកលើព្រះ ធ្វើជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលគាត់មាន។ គាត់ដឹងថា គាត់មានសមត្ថភាពមិនគ្រប់គ្រាន់ សម្រាប់ធ្វើកិច្ចការនៅចំពោះមុខ។ តើគាត់បានឆ្លើយតបដូចម្តេច ចំពោះភាពមិនគ្រប់គ្រាន់នោះ? លោកលីនខិនបានមានប្រសាសន៍ថា “មានពេលជាច្រើនដង ដែលខ្ញុំបានទទួលការជំរុញចិត្តឲ្យលត់ជង្គង់ចុះ ដោយសារខ្ញុំដឹងថា ក្រៅពីចូលទៅក្នុងព្រះវត្តមានព្រះអង្គ ខ្ញុំគ្មានកន្លែងផ្សេងដែលត្រូវទៅទេ។ ប្រាជ្ញារបស់ខ្ញុំ និងអ្វីៗដែលខ្ញុំមាន ហាក់ដូចជាមិនគ្រប់គ្រាន់ នៅថ្ងៃនោះទេ”។
ពេលណាយើងជួបបញ្ហាប្រឈមដែលត្រូវឆ្លងកាត់ ហើយយើងដឹងថា ប្រាជ្ញា ចំណេះដឹង ឬកម្លាំងរបស់យើងមានកំណត់ នោះយើងចាំបាច់ត្រូវពឹងផ្អែកទៅលើព្រះយេស៊ូវ ដូចលោកលីនខិនផងដែរ ដ្បិតសមត្ថភាពព្រះអង្គគ្មានដែនកំណត់ឡើយ។ សាវ័កពេលត្រុសក៏បានរំឭកយើង អំពីការដែលគាត់បានពឹងផ្អែកលើព្រះអង្គផងដែរ។ គឺដូចដែលគាត់បានសរសេរថា “ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៧)។
ព្រះទ្រង់មានសេចក្តីស្រឡាញ់ចំពោះកូនព្រះអង្គ ព្រមទាំងមានគ្រប់អំណាចចេស្តា គឺសក្តិសមបំផុតនឹងឲ្យយើងចូលទៅរកព្រះអង្គ ដោយភាពទន់ខ្សោយរបស់យើង ដោយការអធិស្ឋាន។ យើងចូលទៅរកព្រះយេស៊ូវ ដោយទទួលស្គាល់ នៅចំពោះព្រះអង្គថា យើងមានចំណុចខ្វះខាត តែព្រះអង្គមានភាពគ្រប់គ្រាន់អស់កល្បជានិច្ច។ លោកលីនខិនបានមានប្រសាសន៍ថា គាត់គ្មានកន្លែងផ្សេងដែលត្រូវទៅទេ ក្រៅពីចូលទៅរកព្រះអង្គ។ ប៉ុន្តែ ដំណឹងល្អនោះគឺថា ព្រះទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងមកលើយើង។ យើងអាចចូលទៅរកព្រះអង្គបានគ្រប់ពេល!—Bill Crowder
តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងថា អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់? តាមធម្មតា តើអ្នកឆ្លើយតបចំពោះបញ្ហានេះ ដោយរបៀបណា?
ឱព្រះអម្ចាស់ ព្រះអង្គតែងតែមានភាពគ្រប់គ្រាន់ជានិច្ច។ ទូលបង្គំដឹងថា បើគ្មានព្រះអង្គទេ ទូលបង្គំមិនអាចធ្វើបានឡើយ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែគង់នៅជាមួយទូលបង្គំ ស្គាល់ទូលបង្គំគ្មានកន្លែងចន្លោះ ហើយជួយទូលបង្គំ ពេលដែលទូលបង្គំត្រូវការជំនួយ។
Read more about prayer at DiscoverySeries.org/courses/teach-us-to-pray/.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១-៣ និង លូកា ៤:១-៣០