ស្ថានទូតរបស់ព្រះអម្ចាស់

បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត។-លូកា ១៤:១៣-១៤

អ្នកស្រី​លូដមីឡា(Ludmilla) ជា​ស្រ្តី​មេម៉ាយ អាយុ​៨២​ឆ្នាំ បាន​ប្រកាស​ថា ផ្ទះ​របស់​គាត់​នៅ​សាធារណៈ​រដ្ឋ​ឆេក គឺ​ជា “ស្ថាន​ទូត​នៃ​នគរ​ស្ថាន​សួគ៌” ដោយ​និយាយ​ថា ផ្ទះ​របស់​គាត់ គឺ​ជា​ផ្នែក​មួយ​នៃ​នគរ​របស់​ព្រះ​គ្រីស្ទ។ គាត់​បាន​ស្វាគមន៍​មនុស្ស​ដែល​គាត់​មិន​ស្គាល់ និង​មិត្ត​ភក្តិ ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ការ​ការ​ស្វាគមន៍​ដោយ​ក្តី​ស្រឡាញ់ ហើយ​ជួន​កាល គាត់​ផ្តល់​អាហារ និង​កន្លែង​គេង​ដល់​ពួក​គេ ដោយ​វិញ្ញាណ​ដែល​អាណិត និង​ការ​អធិស្ឋាន។ គាត់​បាន​ពឹង​ផ្អែក​លើ​ការ​បណ្តាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​ឲ្យ​គាត់​មើល​ថែ​ភ្ញៀវ​របស់​គាត់ ដូច​នេះ គាត់​មាន​ចិត្ត​អរ​សប្បាយ ចំពោះ​របៀប​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ អ្នក​ស្រី​លូដមីឡា​បម្រើ​ព្រះយេស៊ូវ តាម​រយៈ​ការ​បើក​ទ្វារ​ផ្ទះ និង​ចិត្ត​ចំហ ទទួល​អ្នក​ដែល​ត្រូវ​ការ​ជំនួយ គឺ​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា​ដ៏​ល្បី​ម្នាក់ ដែល​បាន​អញ្ជើញ​ព្រះយេស៊ូវ​ឲ្យ​យាង​ចូល​ផ្ទះ​គាត់ សោយ​អាហារ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ព្រះ​យេស៊ូវ​បាន​ប្រាប់​គ្រូ​ក្រិត្យវិន័យ​រូប​នោះ​ថា “ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ” គឺ​មិន​ត្រូវ​អញ្ជើញ​អ្នក​ដែល​អាច​តប​ស្នង​គាត់​វិញ​នោះ​ឡើយ (លូកា ១៤:១៣)។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ពួក​ផារិស៊ី​រូប​នោះ​បាន​អញ្ជើញ​ព្រះ​យេស៊ូវ ដោយសារ​សេចក្តី​អំនួត​ប៉ុណ្ណោះ(ខ.១២) តែ​អ្នក​ស្រី​លូដមីឡា​បាន​អញ្ជើញ​មនុស្ស​ចូល​ផ្ទះ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​បម្រើ​គេ ក្នុង​នាម​ជា “ឧបករណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​របស់​ព្រះ​អង្គ”។

អ្នក​ស្រី​លូដមីឡា​បាន​មាន​ប្រសាសន៍​ថា ការ​បម្រើ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន ជា​វិធី​មួយ ដែល​យើង​អាច​ធ្វើ​ជា “តំណាង ឬ​ទូត​របស់​នគរ​ស្ថាន​សួគ៌”។ ទោះ​យើង​អាច​ផ្តល់​កន្លែង​ស្នាក់​នៅ សម្រាប់​មនុស្ស​ដែល​យើង​មិន​ដែល​ស្គាល់​​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចាត់​ទុក​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​យើង តាម​របៀប​ផ្សេង​ៗ ដោយ​ភាព​ប៉ិនប្រសប់។ តើ​យើង​អាច​ពង្រីក​នគរ​ព្រះ ក្នុង​តំបន់​ដែល​យើង​រស់​នៅ សព្វ​ថ្ងៃ​នេះ ដោយ​របៀប​ណា?—Amy Boucher Pye

តើ​អ្នក​យល់​ឃើញ​ថា ពួក​ផារិស៊ី​ម្នាក់​នោះ មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​គាត់ ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​ជន​កំសត់​ទុរគត​វិញ? តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា ពួក​គេ​បាន​ទទួល​ការ​ស្វាគមន៍?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​ស្វែង​រក​មនុស្ស​កំសត់​ទុរគត។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​មើល​ថែ​អ្នក​ដទៃ ដោយ​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១១-១២ និង លូកា ៦:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles