ទីបន្ទាល់ សម្រាប់អ្នកដទៃ

ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង។ រ៉ូម ១៥:២

ជាង​ជួស​ជុល​នាឡិកា​បាន​បញ្ចាំង​ពិល​របស់​គាត់ ទៅ​រក​គំនូស​តូច​មួយ ដែល​គេ​បាន​ដៅ​ចំណាំ នៅ​ក្នុង​នាឡិកា​ចាស់​មួយ​គ្រឿង​របស់​ជីតា​ខ្ញុំ ពេល​ដែល​គាត់​កំពុង​ជួស​ជុល​វា នៅ​ក្នុង​ផ្ទះ​របស់​យើង។ គាត់​សួរ​យើង​ថា “តើ​ឃើញ​គំនូស​ហ្នឹង​ទេ? ជាង​ជួស​ជុល​នាឡិកា​នៅ​សម័យ​មុន អាច​ដាក់​គំនូស​ចំណាំ​នោះ ក្នុង​នាឡិកា​បញ្ឈរ​ជាប់​ជញ្ជាំង​នេះ ប្រហែល​១​សតវត្សរ៍​មុន។ គេ​ហៅ​គំនូស​សំគាល់​នេះ​ថា “ស្នាម​បន្ទាល់”។ វា​ជួយ​ឲ្យ​ខ្ញុំ​ដឹង ពី​របៀប​សារេ​នាឡិកា​នេះ ឲ្យ​ដើរ​ឡើង​វិញ”​។

មុន​ពេល​គេ​ចាប់​ផ្តើម​ប្រើ​សៀវភៅ​ណែនាំ អំពី​បច្ចេកទេស និង​របៀប​ជួសជុល​ឧបករណ៍​ផ្សេង​ៗ ដែល​មនុស្ស​សម័យ​មុន ​បាន​ប្រើ “ស្នាម​បន្ទាល់” ដើម្បី​ជួយ​ជាង​ជួស​ជុល​នៅ​ពេល​អនាគត ឲ្យ​អាច​សារេ​ស្ពឺ​នៅ​ក្នុង​ឧបករណ៍ ឲ្យ​ត្រូវ​គន្លាក់​របស់​វា​យ៉ាង​ជាក់​លាក់។ គំនូស​ទាំង​នោះ​មិន​គ្រាន់​តែ​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជា​ញឹកញាប់ ពួកវា​បាន​បង្ហាញ​អំពី​ភាព​សប្បុរស ដែល​ពួក​ជាង​ជំនាន់​មុន មាន​សម្រាប់​ពួក​ជាង​ជំនាន់​ក្រោយ។

ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើ​ជា “ទី​បន្ទាល់​ល្អ” ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​ថ្វាយ​ព្រះ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ នៃ​សេចក្តី​អត់​ធ្មត់ និង​សេចក្តី​កម្សាន្ត​ចិត្ត(ខ.៥)។ ការ​រស់​នៅ​ដោយ​ទីបន្ទាល់​ល្អ គឺ​ជា​ការ​រស់​នៅ​ជា​ពលរដ្ឋ​ល្អ​នៃ​ផែន​ដី ក៏​ដូច​ជា​នគរ​ស្ថាន​សួគ៌។​

ទីបន្ទាល់​របស់​យើង ប្រហែល​ជា​រឿង​តូច​តាច តែ​វា​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ធំ​មួយ ក្នុង​ជីវិត​នរណា​ម្នាក់។ ពាក្យ​លើក​ទឹក​ចិត្ត ការ​បំពេញ​ការ​ខ្វះ​ខាត​ផ្នែក​ហិរញ្ញវត្ថុ​របស់​នរណា​ម្នាក់ និង​ការ​អង្គុយ​ស្តាប់​អ្នក​ដទៃ​រៀប​រាប់​ទុក្ខ​លំបាក គឺ​សុទ្ធ​តែ​ជា​អំពើ​សប្បុរសធម៌ ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ស្ថិត​ស្ថេរ។ សូម​ព្រះ​អង្គ​ជួយ​អ្នក ឲ្យ​ធ្វើ​ជា​ទីបន្ទាល់​ដ៏​ល្អ ក្នុង​ជីវិត​របស់​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ!—James Banks

តើ​អ្នក​ដទៃ​បាន​បន្សល់​ទុក​នូវ​ទីបន្ទាល់​អ្វី​ខ្លះ ក្នុង​ជីវិត​អ្នក ដើម្បី​លើក​ទឹក​ចិត្ត​អ្នក? តើ​មាន​អំពើ​សប្បុរស​ធម៌​ដ៏​សាមញ្ញ​ណា ដែល​អ្នក​អាច​ធ្វើ សម្រាប់​អ្នក​ជឿ​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា​ដ៏​មាន​គ្រប់​ចេស្ដា ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ តាម​រយៈ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម យេស៊ូវ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ តាម​រយៈ​ការ​ប្រព្រឹត្ត​តូច​បំផុត នៅ​ថ្ងៃ​នេះ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួកចៅហ្វាយ ១៣-១៥ និង លូកា ៦:២៧-៤៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles