ខ្ញុំបានសូមសេចក្តីតែ១ពីព្រះយេហូវ៉ា … គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៧:៤
មានពេលមួយ ក្រុមគ្រួសារខ្ញុំបានផ្លាស់ទៅនៅផ្ទះថ្មី ដែលស្ថិតនៅមិនឆ្ងាយពីផ្ទះចាស់របស់យើង។ ទីតាំងនៅជិតគ្នាមែន តែយើងនៅតែចាំបាច់ត្រូវជួលឡានជួយរើផ្ទះយើង ដោយសារយើងនៅសល់ពេលតិច។ មុនពេលយើងអាចចូលទៅនៅក្នុងផ្ទះថ្មី យើងបានទុកគ្រឿងសង្ហារិមនៅក្នុងឡាននោះ ហើយយើងរកបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនោះ ខ្ញុំមានអារម្មណ៍ថា “កក់ក្តៅយ៉ាងខ្លាំង” ទោះយើងមិនទាន់បានចូលទៅនៅផ្ទះថ្មីក៏ដោយ ព្រោះខ្ញុំកំពុងតែស្នាក់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់បំផុត គឺក្រុមគ្រួសារខ្ញុំ។
ដាវីឌធ្លាប់រស់នៅ ដោយគ្មានផ្ទះសម្បែង ពេលដែលស្តេចសូលតាមសម្លាប់គាត់។ ស្តេចសូលខ្លាចដាវីឌដណ្តើមរាជទ្រង់ ដូចនេះទ្រង់ក៏បានតាមសម្លាប់គាត់។ ដាវីឌក៏បានរត់ចេញពីផ្ទះ ហើយគេងនៅកន្លែងណា ដែលគាត់អាចជ្រកនៅបាន។ ទោះគាត់មានអ្នករួមដំណើរជាមួយក៏ដោយ ក៏អ្វីដែលគាត់ចង់បានបំផុតនោះ គឺចង់ “នៅក្នុងដំណាក់របស់ព្រះអម្ចាស់” ដើម្បីអរសប្បាយ នឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គជារៀងរហូត(ទំនុកដំកើង ២៧:៤)។
ព្រះយេស៊ូវគង់នៅជាមួយយើងជាប់ជានិច្ច បានជាយើងអាចមាន “ភាពកក់ក្តៅ” ទោះយើងនៅទីណាក៏ដោយ។ ព្រះអង្គគង់នៅជាមួយយើង ក្នុងពេលដែលយើងមានបញ្ហា ហើយថែមទាំងរៀបចំកន្លែងមួយ សម្រាប់ឲ្យយើងរស់នៅជាមួយព្រះអង្គ ជារៀងរហូត(យ៉ូហាន ១៤:៣)។ ទោះយើងមានភាពមិនច្បាស់លាស់ និងមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក្នុងការរស់នៅលើផែនដីនេះ យើងអាចសម្រាកជាអចិន្ត្រៃយ៍ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែង។—Kirsten Holmberg
តើអ្នកមានអារម្មណ៍កក់ក្តៅបំផុត ក្នុងព្រះវត្តមានព្រះ នៅពេលណា? តើធ្វើដូចម្តេច ឲ្យអ្នកអាចដឹងថា ព្រះយេស៊ូវគង់នៅជាមួយអ្នកជានិច្ច ទោះអ្នកនៅកន្លែងណា ហើយកំពុងឆ្លងកាត់បញ្ហាអ្វីក៏ដោយ?
ឱព្រះនៃក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការគង់នៅជាមួយទូលបង្គំជារៀងរហូត។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទទួលស្គាល់ថា ព្រះអង្គជាអ្នករួមដំណើរដែលស្មោះត្រង់បំផុត ជាមួយទូលបង្គំ ទោះទូលបង្គំទៅដល់ទីណាក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១០-១២ និង លូកា ៩:៣៧-៦២