ឯពួកអ្នកដែលស្គាល់ទ្រង់ និងពួកស្រីៗ ដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។ លូកា ២៣:៤៩
“ខ្ញុំមិនចង់ឲ្យរឿងនេះទៅជាបែបនេះទេ”។ នេះជាពាក្យទំនួញរបស់បុរសម្នាក់ ដែលកំពុងសរសើរមិត្តភក្តិម្នាក់ ដែលបានស្លាប់ទំាងវ័យក្មេង។ ពាក្យសម្តីរបស់គាត់បានធ្វើឲ្យយើងនឹកចាំ អំពីទំនួញដ៏សោកសៅចេញពីចិត្តរបស់មនុស្ស នៅគ្រប់សម័យកាល។ សេចក្តីស្លាប់ធ្វើឲ្យយើងស្លុតចិត្ត និងមានស្នាមសម្លាកជាប់ក្នុងចិត្ត។ យើងស្រេកឃ្លានចង់ឲ្យរឿងកន្លងហួសទៅហើយ ដែលមិនអាចកែប្រែបាន វិលត្រឡប់មកចាប់ផ្តើមជាថ្មី ដើម្បីកែប្រែវា។
បន្ទាប់ពីព្រះយេស៊ូវបានសុគត អ្នកដើរតាមព្រះអង្គមួយចំនួន ក៏មានអារម្មណ៍ដូចនេះផងដែរ។ ព្រះគម្ពីរមិនបាននិយាយលម្អិតថែមទៀត អំពីពេលដ៏តក់ស្លុតនោះឡើយ តែព្រះគម្ពីរពិតជាបានកត់ទុកនូវសកម្មភាពរបស់មិត្តសំឡាញ់ដ៏ស្មោះត្រង់របស់ព្រះអង្គពីរបីនាក់ ។
លោកយ៉ូសែប ដែលជាអ្នកដឹកនាំសាសនាម្នាក់ ដែលបានទទួលជឿព្រះយេស៊ូវដោយសម្ងាត់(មើលយ៉ូហាន ១៩:៣៨) ស្រាប់តែមានចិត្តក្លាហាន ក្នុងការទៅសុំការអនុញ្ញាតលោកពីឡាត់ ឲ្យគាត់យកព្រះសពព្រះយេស៊ូវទៅបញ្ចុះ(លូកា ២៣:៥២)។ សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីការលំបាក នៅក្នុងការដោះព្រះសពព្រះអង្គចេញពីឈើឆ្កាង ហើយរៀបចំព្រះសពព្រះអង្គ ដើម្បីបញ្ចុះ(ខ.៥៣)។ សូមយើងពិចារណាផងដែរ អំពីភាពប្តូរផ្តាច់ និងភាពក្លាហានរបស់ស្រ្តីមួយចំនួន ដែលបានតាមពីក្រោយព្រះយេស៊ូវគ្រប់ជំហាន រហូតដល់ផ្នូរព្រះអង្គ(ខ.៥៥)។ គឺនៅចំពោះមុខនៃសេចក្តីស្លាប់ ដោយសេចក្តីស្រឡាញ់ដែលមិនចេះសាបសូន្យ!
ពួកសិស្សទាំងនោះមិនបាននឹកស្មានថា ព្រះអង្គនឹងមានព្រះជន្មឡើងវិញនោះទេ។ ពួកគេកំពុងមានចិត្តសង្រេង។ “រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន”(ខ.៥៦)។
ពួកគេមិនបានដឹងទេថា ព្រះទ្រង់បានប្រើការសម្រាករបស់ពួកគេ នៅថ្ងៃឈប់សម្រាកនោះ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏រំភើបរីករាយបំផុត។ នៅថ្ងៃនោះ ព្រះយេស៊ូវបានធ្វើនូវរឿងដែលគេមិននឹកស្មានដល់ ដោយមានព្រះជន្មរស់ឡើងវិញ ដោយមានជ័យជម្នះមកលើសេចក្តីស្លាប់។—Tim Gustafson
តើអ្នកងាកទៅរកការកម្សាន្តចិត្តពីនរណា ពេលដែលរឿងអាក្រក់បំផុតកើតឡើង? តើអ្នករស់នៅដូចម្តេច ឲ្យស្របនឹងសេចក្តីពិតដែលថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ?
ឱព្រះវរបិតា ទូលបង្គំបាននឹកចំា អំពីការរងទុក្ខរបស់ព្រះរាជបុត្រាព្រះអង្គ នៅក្នុងការសុគត និងក្តីអំណរដែលកើតមាន ពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ទូលបង្គំសូមអរព្រះគុណ ព្រះអង្គសម្រាប់ការដោះបណ្តាសានៃអំពើបាបចេញពីទូលបង្គំ។
To learn more about the resurrection of Jesus, visit ODBU.org/topic/ca101-04-lecture/.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៣០-៣១ និង លូកា ១៣:២៣-៣៥