លើសពីការរំពឹងគិតរបស់មនុស្ស

ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។ លូកា ២៣:៤៩

“ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​នេះ​ទៅ​ជា​បែប​នេះ​ទេ”។ នេះ​ជា​ពាក្យ​ទំនួញ​របស់​បុរស​ម្នាក់ ដែល​កំពុង​សរសើរ​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ស្លាប់​ទំាង​វ័យ​ក្មេង។ ពាក្យ​សម្តី​របស់​គាត់​បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទំនួញ​ដ៏​សោក​សៅ​ចេញ​ពី​ចិត្ត​របស់​មនុស្ស នៅ​គ្រប់​សម័យ​កាល។ សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​ស្លុត​ចិត្ត និង​មាន​ស្នាម​សម្លាក​ជាប់​ក្នុង​ចិត្ត។ យើង​ស្រេក​ឃ្លាន​ចង់​ឲ្យ​រឿង​កន្លង​ហួស​ទៅ​ហើយ ដែល​មិន​អាច​កែ​ប្រែ​បាន វិល​ត្រឡប់​មក​ចាប់​ផ្តើម​ជា​ថ្មី ដើម្បី​កែ​ប្រែ​វា។

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត អ្នក​ដើរ​តាម​ព្រះ​អង្គ​មួយ​ចំនួន ក៏​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​លម្អិត​ថែម​ទៀត អំពី​ពេល​ដ៏​តក់​ស្លុត​នោះ​ឡើយ តែ​ព្រះគម្ពីរ​ពិត​ជា​បាន​កត់​ទុក​នូវ​សកម្មភាព​របស់​មិត្ត​សំឡាញ់ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ​ពីរ​បី​នាក់ ។

លោក​យ៉ូសែប ដែល​ជា​អ្នក​ដឹក​នាំ​សាសនា​ម្នាក់ ដែល​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ដោយ​សម្ងាត់(មើល​យ៉ូហាន ១៩:៣៨) ស្រាប់​តែ​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​ទៅ​សុំ​ការអនុញ្ញាត​លោក​ពីឡាត់ ឲ្យ​គាត់​យក​ព្រះ​សព​ព្រះយេស៊ូវ​ទៅ​បញ្ចុះ​(លូកា ២៣:៥២)។ សូម​យើង​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​អំពី​ការ​លំបាក នៅ​ក្នុង​ការ​ដោះ​ព្រះ​សព​ព្រះ​អង្គ​ចេញ​ពី​ឈើ​ឆ្កាង ហើយ​រៀប​ចំ​ព្រះ​សព​ព្រះ​អង្គ ដើម្បី​បញ្ចុះ(ខ.៥៣)។ សូម​យើង​ពិចារណា​ផង​ដែរ អំពី​ភាព​ប្តូរ​ផ្តាច់ និង​ភាព​ក្លាហាន​របស់​ស្រ្តី​មួយ​ចំនួន ដែល​បាន​តាម​ពី​ក្រោយ​ព្រះយេស៊ូវ​គ្រប់​ជំហាន រហូត​ដល់​ផ្នូរ​ព្រះ​អង្គ(ខ.៥៥)។ គឺ​នៅ​ចំពោះ​មុខ​នៃ​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​សាបសូន្យ!

ពួក​សិស្ស​ទាំង​នោះ​មិន​បាន​នឹក​ស្មាន​ថា ព្រះ​អង្គ​នឹង​មាន​ព្រះ​ជន្ម​ឡើង​វិញ​នោះ​ទេ។ ពួក​គេ​កំពុង​មាន​ចិត្ត​សង្រេង។ “រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន”(ខ.៥៦)។

ពួក​គេ​មិន​បាន​ដឹង​ទេ​ថា ព្រះ​ទ្រង់​បាន​ប្រើ​ការ​សម្រាក​របស់​ពួក​គេ នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ ដើម្បី​បង្កើត​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ដ៏​រំភើប​រីករាយ​បំផុត។ នៅ​ថ្ងៃ​នោះ ព្រះ​យេស៊ូវ​បាន​​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ដោយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​មាន​ជ័យ​ជម្នះ​មក​លើ​សេចក្តី​ស្លាប់។—Tim Gustafson

តើ​អ្នក​ងាក​ទៅ​រក​ការ​កម្សាន្ត​ចិត្ត​ពី​នរណា ពេល​ដែល​រឿង​អាក្រក់​បំផុត​កើត​ឡើង? តើ​អ្នក​រស់​នៅ​ដូចម្តេច ឲ្យ​ស្រប​នឹង​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​បាន​នឹក​ចំា អំពី​ការ​រង​ទុក្ខ​របស់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ នៅ​ក្នុង​ការ​សុគត និង​ក្តី​អំណរ​ដែល​កើត​មាន ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ ព្រះ​អង្គ​សម្រាប់​ការ​ដោះ​បណ្តាសា​នៃ​អំពើ​បាប​ចេញ​ពី​ទូល​បង្គំ។

To learn more about the resurrection of Jesus, visit ODBU.org/topic/ca101-04-lecture/.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៣០-៣១ និង លូកា ១៣:២៣-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles