ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤

បន្ទាប់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​កន្លង​ផុត​ទៅ បាន​១​សប្តាហ៍ កូន​ប្រុស​របស់​ខ្ញុំ ឈ្មោះ វ៉ាយ(Wyatt) មាន​អាយុ​៥​ឆ្នំា បាន​ឮ​គេ​ជជែក​គ្នា​ជា​ញឹក​ញាប់ អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ គាត់​តែង​តែ​សួរ​ខ្ញុំ អំពី​រឿង​នេះ​ជា​និច្ច ហើយ​តាម​ធម្មតា សំណួរ​គាត់​មាន​ការ​ពិបាក​ឆ្លើយ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​បើក​ឡាន គាត់​កំពុង​អង្គុយ​នៅ​កៅ​អី​ក្រោយ​ខ្ញុំ ដោយ​បាន​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព។ គាត់​ក៏​បាន​មើល​តាម​បង្អួច​ឡាន ដោយ​ការ​គិត​ដ៏​ស៊ី​ជម្រៅ។ គាត់​ក៏​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា “ប៉ា” រួច​ក៏​ស្ងាត់​មាត់​ទៅ​វិញ ដោយ​ត្រៀម​សំណួរ​ដ៏​ពិបាក​មួយ រួច​សួរ​ខ្ញុំ​ថា “ពេល​ព្រះ​យេស៊ូវ​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ តើ​យើង​នឹងពិត​ជា មាន​ជីវិត​រស់​ឡើង​វិញ​មែន ឬ​រស់​ឡើង​វិញ តែ​ក្នុង​ចិត្ត?”

នេះ​ជា​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ចិត្ត ទោះ​យើង​ហ៊ាន​យក​វា​មក​និយាយ ឬ​អត់​ក៏​ដោយ។ តើ​ព្រះ​ទ្រង់​ពិត​ជា​នឹង​ប្រោស​យើង​ឲ្យ​ជា​មែន​ឬ? តើ​ព្រះ​អង្គ​ពិត​ជា​នឹង​ប្រោស​យើង​ឲ្យ​រួចពី​ស្លាប់​មែន​ឬ? តើ​ព្រះ​អង្គ​ពិត​ជា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​ទំាង​អស់​ឬ?

សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី “ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី”(វិវរណៈ ២១:១)។ ក្នុង​ទីក្រុង​ថ្មី​នោះ “ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង យើង​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់”(ខ.៣)។ ដោយសារ​ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ពេល​អនាគត​មួយ ដែល​នឹង​គ្មាន​ទឹក​ភ្នែក​ទៀត គ្មាន​ការ​អាក្រក់​អ្វី​ដែល​អាច​ទាស់​ប្រឆាំង​នឹង​ព្រះ និង​រាស្រ្ត​ព្រះ​អង្គ​ទៀត​ឡើយ។ នៅ​ក្នុង​ពេល​អនាគត​ដ៏​ប្រសើរ​នេះ នឹង “​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”(ខ.៤)។

អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​នឹង​ពិត​ជា មាន​ជីវិត​រស់​ឡើង​វិញ​មែន​ នៅ​ពេល​អនាគត ដែល​ព្រះ​ទ្រង់​បាន​សន្យា។ យើង​នឹង​មាន​ជីវិត​រស់​នៅ​ដ៏​ប្រសើរ​បំផុត ហើយ​យើង​នឹង​ឃើញ​ថា ជីវិត​យើង​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​ដូច​ជា​ស្រមោល​ប៉ុណ្ណោះ។—Winn Collier

ពេល​ដែល​អ្នក​បាន​ឮ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ស្លាប់​នឹង​លែង​មាន​ទៀត ហើយ​យើង​នឹង​រស់​នៅ​ជា​រៀង​រហូត តើ​អ្នក​មាន​សេចក្តី​សង្ឃឹម​ប៉ុណ្ណា?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​មាន​បន្ទូល​ថា សេចក្តី​ស្លាប់​នឹង​ដល់​ទី​បញ្ចប់ ហើយ​ព្រះ​អង្គ​បាន​សន្យា​ថា ទូលបង្គំ​នឹង​បាន​រស់​នៅ​ជា​រៀង​រហូត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សំាយ៉ូអែល ១២-១៣ និង លូកា ១៦