នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង។ លោកុប្បត្ដិ ១:៣
កាលកូនស្រីខ្ញុំនៅក្មេង ជាញឹកញាប់ ខ្ញុំបានប្រាប់នាងឲ្យដឹងថា វត្ថុដែលនាងឃើញនោះ ជាអ្វី។ ខ្ញុំបានណែនាំនាង ឲ្យស្គាល់វត្ថុផ្សេងៗ ឬអនុញ្ញាតឲ្យនាងប៉ះវត្ថុដែលនាងមិនដែលស្គាល់ ហើយនិយាយប្រាប់នាងថា វត្ថុនោះជាអ្វី ដោយនាំឲ្យនាងមានការយល់ដឹង និងចេះពាក្យថ្មីៗ ក្នុងពិភពលោកដ៏ធំធេង ដែលនាងកំពុងធ្វើការរុករក។ តាមធម្មតា ខ្ញុំនិងស្វាមីខ្ញុំ បានរំពឹង (ឬសង្ឃឹម) ថា ពាក្យទី១ ដែលនាងនិយាយមុនគេ គឺ ប៉ា ឬម៉ាក់ ប៉ុន្តែ នាងបានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយនិយាយចេញពាក្យដំបូង ផ្សេងពីនេះ ដូចជាពាក្យ ពន្លឺ ជាដើម ដែលមាត់ដ៏តូចរបស់នាងបានថាតាមខ្ញុំ ដោយបញ្ចេញសម្លេងមិនច្បាស់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ពាក្យពន្លឺ ស្ថិតក្នុងចំណោមពាក្យដំបូងគេ ដែលបានកត់ទុកក្នុងព្រះគម្ពីរ។ គឺដូចមានសេចក្តីចែងថា “ផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក នោះព្រះទ្រង់មានព្រះបន្ទូលថា “ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង”(លោកុប្បត្តិ ១:៣)។ ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អ ហើយព្រះគម្ពីរក៏បានធ្វើបន្ទាល់អំពីការនេះ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបកស្រាយថា “ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់”(ទំនុកដំកើង ១១៩:១៣០) ហើយព្រះយេស៊ូវក៏បានហៅអង្គទ្រង់ថា “ពន្លឺនៃលោកិយ” ជាអ្នកប្រទានពន្លឺនៃជីវិត(យ៉ូហាន ៨:១២)។
នៅក្នុងការបង្កើតរបស់សព្វសារពើ ព្រះបន្ទូលទីមួយ ដែលព្រះអង្គបានបន្លឺឡើង គឺដើម្បីឲ្យកើតមានពន្លឺ។ ការនេះគឺមិនមែនដោយសារព្រះអង្គត្រូវការពន្លឺ ដើម្បីធ្វើព្រះរាជកិច្ចរបស់ព្រះអង្គនោះទេ តែពន្លឺនោះ គឺសម្រាប់យើងរាល់គ្នា។ ពន្លឺជួយឲ្យយើងមើលឃើញព្រះអង្គ ហើយដឹងថា របស់សព្វសារពើនៅជុំវិញខ្លួនយើង គឺសុទ្ធតែជាស្នាព្រះហស្តព្រះអង្គ ហើយជួយឲ្យយើងដឹងថា អ្វីល្អ ហើយអ្វីអាក្រក់ ព្រមទាំងដើរតាមព្រះយេស៊ូវមួយជំហានម្តងៗ ក្នុងលោកិយដ៏ធំធេង។—Kirsten Holmberg
តើអ្នកត្រូវការពន្លឺរបស់ព្រះខ្លាំងបំផុត នៅក្នុងផ្នែកណានៃជីវិតអ្នក នៅពេលនេះ? តើពន្លឺព្រះអង្គបានជួយអ្នកដូចម្តេចខ្លះ កាលពីមុន?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានពន្លឺនៃជីវិត ហើយបំភ្លឺផ្លូវទូលបង្គំជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១០-១១ និង លូកា ២១:២០-៣៨