អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ បានស្វែងរកតាម។ ទំនុកដំកើង ១១១:២
គេបានប្រើស្នាមម្រាមដៃ ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស តាំងពីយូរមកហើយ ប៉ុន្តែ គេក៏អាចធ្វើស្នាមម្រាមដៃក្លែងក្លាយ ដោយចម្លងស្នាមម្រាមដៃពិត។ ស្រដៀងគ្នានេះដែរ គំរូខុសគ្នានៅក្នុងប្រស្រីភ្នែកមនុស្សម្នាក់ៗ ជាប្រភពដែលអាចទុកចិត្តបាន ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស ប៉ុន្តែ ក្រោយមក មានគេចម្លងគំរូនៅក្នុងប្រស្រីភ្នែក យកទៅដាក់នៅលើកញ្ចក់សម្រាប់ពាក់ពីលើកែវភ្នែក ដើម្បីធ្វើការក្លែងបន្លំផងដែរ។ ការប្រើរូបភាព ឬស្លាកស្នាមនៅលើរូបកាយមនុស្ស ដើម្បីកំណត់អត្តសញ្ញាណរបស់មនុស្ស អាចបរាជ័យ។ ដូចនេះ តើមនុស្សមានលក្ខណៈពិសេសអ្វីខ្លះ ដែលគេអាចកំណត់អត្តសញ្ញាណបាន? ទីបំផុត គេក៏បានរកឃើញថា គំរូនៃរូបរាងរបស់សរសៃឈាមរបស់មនុស្សម្នាក់ៗ សុទ្ធតែពិសេសខុសៗគ្នា ហើយគេមិនអាចក្លែងបន្លំបានទេ។ សរសៃឈាមដែលរត់ខ្វាត់ខ្វែងដូចផែនទី ពេញរូបកាយរបស់អ្នក គឺជាកត្តាកំណត់អត្តសញ្ញាណដ៏ពិសេស ដែលធ្វើឲ្យអ្នកខុសពីអ្នកដទៃ នៅលើផែនដីនេះ ដោយមិនអាចក្លែងបន្លំបាន។
ពេលណាយើងពិចារណា អំពីភាពចាក់ស្រេះនៃសរីរាង្គមនុស្ស យើងប្រហែលជាបានទទួលការបណ្តាលចិត្ត ឲ្យចង់ថ្វាយបង្គំ និងកោតស្ញប់ស្ញែងព្រះអាទិករ ដែលបានបង្កើតយើងមក។ ស្តេចដាវីឌបានរំឭកយើង ដោយមានបន្ទូលថា “ស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។
ព្រះអាទិករសក្ដិសមនឹងឲ្យយើងផ្ដោតអារម្មណ៍មកលើព្រះអង្គ លើសស្នាព្រះហស្តព្រះអង្គទៅទៀត។ ខណៈពេលដែលយើងសរសើរដំកើងកិច្ចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ យើងក៏ត្រូវតែសរសើរដំកើងព្រះអង្គផងដែរ! កិច្ចការដែលព្រះអង្គធ្វើសុទ្ធតែអស្ចារ្យ តែព្រះអង្គអស្ចារ្យជាងស្នាព្រះហស្តព្រះអង្គទៅទៀត បានជាអ្នកនិពន្ធទំនុកដំកើងបានអធិស្ឋានដូចនេះថា “ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង”(៨៦:១០)។
នៅថ្ងៃនេះ ខណៈពេលដែលយើងពិចារណា អំពីភាពអស្ចារ្យនៃកិច្ចការដែលព្រះទ្រង់បានធ្វើ ចូរយើងកោតស្ញប់ស្ញែង ចំពោះភាពធំប្រសើររបស់ព្រះអង្គផងដែរ។—Bill Crowder
តើមានអ្វីខ្លះបណ្តាលចិត្តអ្នក ឲ្យស្ងើចសរសើរព្រះ? តើអ្នកនឹងចំណាយពេលសរសើរដំកើងព្រះ ដោយរបៀបណា សម្រាប់កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើនៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំងាយនឹងគិតខុសអំពីស្នាព្រះហស្តរបស់ព្រះអង្គ ពេលដែលទូលបង្គំមិនបានពិចារណាអំពីព្រះអង្គ ជាព្រះដែលបានបង្កើតរបស់សព្វសារពើ។ សូមព្រះអង្គជួយទូលបង្គំ កុំឲ្យមានចិត្តស្ងើចសរសើរស្នាព្រះហស្តដ៏អស្ចារ្យ ប៉ុណ្ណោះឡើយ តែសរសើរព្រះដ៏មានគ្រប់ព្រះចេស្ដា ដ៏ធំប្រសើរ ដែលបានបង្កើតរបស់ទាំងនោះមកផងដែរ។
Read Get Outside: Knowing God through His Creation at DiscoverySeries.org/Q1128.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៤-៦ និង លូកា ២៤:៣៦-៥៣