ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ។ យ៉ូប ១៩:២៣-២៤
បន្ទាប់ពីអ្នកស្រីឃែរ៉ូឡាញ(Caroline) បានទៅពិនិត្យសុខភាព ឃើញមានជំងឺមហារីកខួរក្បាលដ៏កម្រ និងមិនអាចព្យាបាលបាន ដែលធ្វើឲ្យគាត់មានការតក់ស្លុតយ៉ាងខ្លាំង គាត់ក៏បានរកឃើញក្តីសង្ឃឹម និងគោលបំណងថ្មីមួយ តាមរយៈការស្ម័គ្រចិត្តថតរូបឲ្យក្មេងៗដែលឈឺធ្ងន់ និងក្រុមគ្រួសាររបស់ពួកគេ។ តាមរយៈសេវាកម្មនេះ ក្រុមគ្រួសារទាំងឡាយអាចថតរូប ក្នុងពេលដ៏មានតម្លៃ ដែលពួកគេមានជាមួយកូនៗរបស់ពួកគេ ទាំងមានចិត្តសោកសង្រេង និងក្នុងពេលដែលប្រកបដោយព្រះគុណ និងភាពស្រស់ស្អាត ដែលគេសន្និដ្ឋានថា មិនអាចកើតមាន នៅកន្លែងដែលអស់សង្ឃឹមទាំងនោះ។ គាត់បានសង្កេតឃើញព្រះគុណព្រះ នៅក្នុងពេលដែលពិបាកបំផុត ដែលក្រុមគ្រួសារទាំងនោះបានសម្រេចចិត្តស្រឡាញ់ ទោះស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយ។
កាលណាយើងសង្កេតមើលការសោកសង្រេង យើងអាចមើលឃើញភាពពិតនៃការសោកសង្រេង ព្រមទាំងអាចមើលឃើញសម្រស់ និងក្តីសង្ឃឹម ក្នុងពេលនោះ។
កណ្ឌគម្ពីរយ៉ូប មានចំណុចជាច្រើន ដែលប្រៀបដូចជារូបថតដែលបានផ្ដិតយកទិដ្ឋភាពនៃការសោកសង្រេង របស់លោកយ៉ូប នៅក្នុងការឆ្លងកាត់ការបាត់បង់ដ៏តក់ស្លុត(១:១៨-១៩)។ បន្ទាប់ពីមិត្តសំឡាញ់របស់លោកយ៉ូបបានអង្គុយកំដរគាត់អស់ជាច្រើនថ្ងៃ ពួកគេក៏មានការហត់នឿយ ចំពោះការសោកសង្រេងរបស់គាត់ ដោយពួកគេបានព្យាយាមកាត់បន្ថយទុក្ខសោករបស់គាត់ ដោយពន្យល់ថា ទុក្ខសោករបស់គាត់ ជាការជំនុំជម្រះរបស់ព្រះ។ តែលោកយ៉ូបមិនយល់ស្របនឹងគំនិតរបស់ពួកគេ ដោយលើកឡើងថា រឿងដែលគាត់កំពុងឆ្លងកាត់នោះ គឺសំខាន់ចំពោះគាត់ ហើយគាត់ចង់ឲ្យគេយកទីបន្ទាល់នៃការសោកសង្រេងរបស់គាត់ ទៅឆ្លាក់ទុកនៅលើថ្ម ជារៀងរហូត(១៩:២៤)។
រឿងរបស់លោកយ៉ូបក៏ត្រូវបានចារទុកនៅក្នុងកណ្ឌគម្ពីរយ៉ូប ដោយចង្អុលបង្ហាញយើង ឲ្យងាកទៅរកព្រះដ៏មានព្រះជន្មរស់ ក្នុងពេលដែលយើងសោកសង្រេង(ខ.២៦-២៧) ដ្បិតព្រះអង្គប្រទានដំណោះស្រាយ សម្រាប់ការឈឺចាប់របស់យើង ដោយបីយើងឆ្លងកាត់សេចក្តីស្លាប់ ចូលទៅរកជីវិតដែលរស់ឡើងវិញ។—Monica La Rose
តើការប្រឈមមុខដាក់ការឈឺចាប់ ដោយចិត្តស្មោះត្រង់ ជាជាងជៀសវាងការឈឺចាប់ បាននាំមកនូវការប្រោសឲ្យជាយ៉ាងណាខ្លះ? តើអ្នកពិសោធន៍នឹងព្រះគុណ និងភាពស្រស់ស្អាត នៅក្នុងការសោកសង្រេង នៅពេលណា?
ឱព្រះនៃសេចក្តីអាណិត និងក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការកត់ទុកនូវរឿងរបស់លោកយ៉ូប ដោយរៀបរាប់អំពីការសោកសង្រេងរបស់គាត់ និងសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះគាត់។ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើបន្ទាល់ ដោយចិត្តស្មោះត្រង់ ចំពោះអ្នកដែលកំពុងជួបការឈឺចាប់ដ៏តក់ស្លុត និងប្រទានក្តីសង្ឃឹមដល់ពួកគេ។
Read Out of the Ashes: God’s Presence in Job’s Pain at DiscoverySeries.org/Q0735.