ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្តីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្តីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ។ អេសាយ ៤៨:១៨
កាលពីឆ្នាំ១៧៩៩ ក្មេងប្រុសឈ្មោះ ខុនរ៉ាត រីឌ(Conrad Reed) អាយុ១២ឆ្នាំ បានរកឃើញថ្មមួយដុំធំដែលចាំងពន្លឺផ្លេកៗ នៅក្នុងទឹកអូរ ដែលហូរកាត់កសិដ្ឋានតូចមួយរបស់គ្រួសារគាត់ ក្នុងរដ្ឋឃែរ៉ូឡាយណាខាងជើង។ គាត់ក៏បានរើសវាយកទៅផ្ទះ ដើម្បីបង្ហាញឪពុកគាត់ ដែលជាកសិកររឆ្លងដែនក្រីក្រម្នាក់។ ឪពុកគាត់មិនបានដឹងថា ថ្មមួយដុំនោះមានតម្លៃប៉ុណ្ណាទេ ហើយក៏បានប្រើវាជាកំណល់ទ្វារផ្ទះ។ គ្រួសារមួយនេះក៏បានដើរកន្លងថ្មនោះជារៀងរាល់ថ្ងៃ អស់ជាច្រើនឆ្នាំ។
ទីបំផុត ថ្មរបស់ខុនរ៉ាត ដែលជាដុំមាសមានទម្ងន់ប្រហែល៨គីឡូ បានទាក់ទាញចំណាប់អារម្មណ៍របស់ជាងមាស ក្នុងតំបន់។ មិនយូរប៉ុន្មាន ក្រុមគ្រួសារត្រកូលរីឌក៏បានក្លាយជាអ្នកមាន ហើយដីកសិដ្ឋានរបស់ពួកគេក្លាយជាកន្លែងផ្អើលរកមាសដំបូងគេ នៅសហរដ្ឋអាមេរិក។
ជួនកាល យើងដើរកន្លងព្រះពរ ដោយមិនដឹងខ្លួន ដោយសារយើងចង់ធ្វើអ្វីៗតាមផែនការ និងផ្លូវរបស់យើង។ បន្ទាប់ពីប្រជាជនអ៊ីស្រាអែលត្រូវគេនិរទេសពីស្រុកកំណើត ទៅចក្រភពបាប៊ីឡូន ដោយសារការមិនស្តាប់បង្គាប់ព្រះ ព្រះអង្គក៏បានប្រកាសថា នឹងប្រទានសេរីភាពដល់ពួកគេម្តងទៀត។ ប៉ុន្តែ ព្រះអង្គក៏បានរំឭកពួកគេ អំពីការអ្វីដែលពួកគេបានមើលរំលង យ៉ាងដូចនេះថា “អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ ឱបើឯងបានស្តាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្តីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្តីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ”។ បន្ទាប់មកព្រះអង្គក៏បានលើកទឹកចិត្តពួកគេឲ្យដើរតាមព្រះអង្គ ដោយងាកចេញពីផ្លូវចាស់ ចូលទៅក្នុងជីវិតថ្មី។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង”(អេសាយ ៤៨:១៧-១៨,២០)។
ការចាកចេញពីក្រុងបាប៊ីឡូន គឺមានន័យថា ចាកចេញពីផ្លូវនៃអំពើបាប ហើយ “វិលត្រឡប់មកផ្ទះ” គឺមករកព្រះអង្គ ដែលសព្វព្រះទ័យនឹងធ្វើការល្អដល់យើង បើយើងស្តាប់បង្គាប់ ហើយដើរតាមព្រះអង្គ!—James Banks
តើអ្នកផ្ដោតទៅលើលក្ខណៈអ្វីខ្លះរបស់ព្រះ ពេលដែលអ្នកកំពុងដើរតាមព្រះអង្គ នៅថ្ងៃនេះ? តើអ្នកអាចនាំអ្នកដទៃ ឲ្យស្គាល់ក្តីស្រឡាញ់ព្រះអង្គ ដោយរបៀបណា?
ឱព្រះនៃសេចក្តីស្រឡាញ់ គ្មាននរណាដូចព្រះអង្គឡើយ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យឱបក្រសោបយកឱកាសដើរជាមួយព្រះអង្គ ហើយរកឃើញព្រះពរ ដែលមានតែព្រះអង្គទេអាចប្រទានឲ្យបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨