មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា។ យ៉ូអែល ២:១៣
កូនប្រុសវ័យជំទង់របស់អ្នកស្រីចេន(Jane) បានបដិសេធន៍ថា ខ្លួនមិនបានធ្វើខុសទេ។ អ្នកស្រីចេនមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលឮកូនប្រុសគាត់បដិសេធន៍ដូចនេះ ព្រោះគាត់ដឹងថា កូនប្រុសគាត់និយាយកុហក។ គាត់ក៏បានអធិស្ឋានភ្លាមៗក្នុងចិត្ត សូមព្រះទ្រង់ជួយគាត់ មុនពេលគាត់សួរសាយមុន(Simon) ម្តងទៀតថា មានរឿងអ្វីកើតឡើង។ សាយមុននៅតែបដិសេធន៍ថា ខ្លួនមិននិយាយកុហកទេ ហើយទីបំផុត គាត់ក៏បានធ្វើកាយវិការ បង្ហាញការធុញទ្រាន់។ គាត់ក៏បានប្រាប់ថា គាត់ចង់ទៅក្រៅបន្តិច។ ពេលគាត់ចាប់ផ្តើមដើរចេញ កូនប្រុសគាត់ក៏បានសុំទោសគាត់។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការក្នុងចិត្តកូនប្រុសគាត់ ដោយនាំឲ្យមានការប្រែចិត្ត។
ក្នុងកណ្ឌគម្ពីរយ៉ូអែល ដែលជាកណ្ឌគម្ពីរសញ្ញាចាស់ ព្រះទ្រង់បានត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យប្រែចិត្ត ចេញពីអំពើបាប ពេលដែលព្រះអង្គស្វាគមន៍ពួកគេ ឲ្យវិលត្រឡប់មករកព្រះអង្គវិញ អស់ពីចិត្ត(២:១២)។ ព្រះអង្គមិនបានឲ្យពួកគេបង្ហាញការសោកស្តាយ តែសម្បកក្រៅនោះឡើយ តែផ្ទុយទៅវិញ ព្រះអង្គឲ្យពួកគេបន្ទន់ចិត្តដ៏រឹងរូសរបស់ខ្លួន។ ហេតុនេះហើយព្រះអង្គបានប្រាប់ពួកគេឲ្យ “ហែកចិត្ត មិនមែនហែកអាវ”។ ហោរាយ៉ូអែលក៏បានរំឭកពួកអ៊ីស្រាអែលថា ព្រះ “ទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ”(ខ.១៣)។
យើងប្រហែលជាពិបាកសារភាពកំហុសរបស់យើង ព្រោះអំនួតរបស់យើង ធ្វើឲ្យយើងមិនចង់ទទួលស្គាល់អំពើបាបរបស់យើង។ យើងប្រហែលបន្លំសេចក្តីពិត ហើយចង់ការពារទង្វើរបស់យើង ដោយនិយាយថា វាគ្រាន់តែជាការកុហក ដែលយើងបានធ្វើឡើង ដោយបំណងល្អទេ។ តែពេលណាយើងប្រែចិត្ត តាមការបណ្តាលចិត្តដ៏សុភាពរបស់ព្រះអង្គ ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយលាងសម្អាតអំពើបាបរបស់យើង(១យ៉ូហាន ១:៩)។ យើងអាចរួចពីទោសកំហុស និងការអាម៉ាស់ ដោយដឹងថា ព្រះអង្គបានអត់ទោសឲ្យយើងហើយ។—Amy Boucher Pye
តើអ្នកមានអារម្មណ៍ដូចម្តេច ពេលដែលអ្នកបាននិយាយកុហក ដោយបំណងល្អ? តើការដឹងថា ខ្លួនបានធ្វើខុស បាននាំឲ្យអ្នកមានការប្រែចិត្តដូចម្តេចខ្លះ?
ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទ ព្រះអង្គសុគតនៅលើឈើឆ្កាង ដើម្បីឲ្យទូលបង្គំអាចរស់នៅ ដោយសុខដុមជាមួយព្រះអង្គ និងព្រះវរបិតា។ សូមព្រះអង្គជួយទូលបង្គំឲ្យទទួលអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយនិយាយការពិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០