ស្រេកឃ្លានរកព្រះអង្គ

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ។ យ៉ូហាន ៦:៣៥

ហេតុ​អ្វី​បាន​ជា ពេល​ណា​យើង​និយាយ​ថា “នេះ​ជា​បន្ទះ​ដំឡូង​បារាំង​ចុង​ក្រោយ ដែល​ខ្ញុំ​ចង់​ញាំ” ប្រាំ​នាទី​ក្រោយ​មក យើង​ក៏​ចង់​ញាំ​បន្ទះ​ដំឡូង​បារាំង​ថែម​ទៀត។ លោក​ម៉ៃឃល ម៉ូស(Michael Moss) បាន​ឆ្លើយ​តប ចំពោះ​សំណួរ​នេះ នៅ​ក្នុង​សៀវភៅ​របស់​គាត់​មាន​ចំណង​ជើង​ថា អំបិល ស្ករ និង​ខ្លាញ់ ។ គាត់​បាន​ពិពណ៌នា​ថា ក្រុម​ហ៊ុន​ធំ​ៗ​នៅ​អាមេរិក ដែល​ជំនាញ​ខាង​ផលិត​អាហារ​សម្រន់ បាន​ដឹង​ពី​របៀប “ជួយ” មនុស្ស​ឲ្យ​ស្រេក​ឃ្លាន​អាហារ​សម្រន់។ តាម​ពិត មាន​ក្រុម​ហ៊ុន​ដ៏​ល្បីល្បាញ​មួយ បាន​ចំណាយ​ទឹក​ប្រាក់​៣០​លាន​ដុល្លា ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួល “អ្នក​ប្រឹក្សា​ផ្នែក​រសជាតិ” ឲ្យ​ស្វែង​រក​ចំណុច​ដែល​រីក​រាយ​បំផុត​របស់​អតិថិជន ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​ស្រេក​ឃ្លាន​អាហារ​របស់​យើង។

ព្រះ​យេស៊ូវ​មិន​ដូច​ក្រុម​ហ៊ុន​នោះ​ទេ ព្រោះ​ព្រះ​អង្គ​បាន​ជួយ​យើង​ឲ្យ​ស្រេក​ឃ្លាន​អាហារ​ដ៏​ពិត គឺ​អាហារ​ខាង​វិញ្ញាណ ដែល​នាំ​មក​នូវ​ការ​ស្កប់​ស្កល់​ដល់​វិញ្ញាណ​យើង។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ”(យ៉ូហាន ៦:៣៥)។ នៅ​ក្នុង​ការ​អះអាង​នេះ ព្រះអង្គ​បាន​បង្រៀន​យើង​នូវ​រឿង​សំខាន់​ពីរ​យ៉ាង គឺៈ នំប៉័ង​ដែល​ព្រះ​អង្គ​មាន​បន្ទូល​នេះ គឺ​ជា​អង្គ​បុគ្គល មិនមែន​ជា​វត្ថុ​នោះ​ឡើយ(ខ.៣២)។ ទី២ ពេល​ណា​មនុស្ស​ទទួល​ជឿ​ព្រះយេស៊ូវ ដើម្បី​ទទួល​ការ​អត់​ទោស​បាប ពួកគេ​ក៏​បាន​ចូល​ក្នុង​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​ព្រះ​អង្គ ហើយ​រក​ឃើញ​ភាព​ស្កប់​ស្កល់ សម្រាប់​វិញ្ញាណ​ដ៏​ស្រេក​ឃ្លាន​របស់​ពួកគេ។ នំប៉័ង​នេះ ជា​អាហារ​ខាង​វិញ្ញាណ​ដ៏​អស់​កល្ប ដែល​នាំ​មក​នូវ​ភាព​ស្កប់​ស្កល់ និង​ជីវិត។

ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​នំប៉័ង​មក​ពី​ស្ថាន​សួគ៌ យើង​នឹង​ស្រេក​ឃ្លាន​រក​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​នឹង​ចម្រើន​កម្លាំង និង​កែ​ប្រែ​ជីវិត​យើង។—Marvin Williams

ហេតុអ្វី​យើង​ស្រេកឃ្លាន​របស់​អ្វី ដែល​មិន​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​ស្កប់​ស្កល់? តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​ស្រេក​ឃ្លាន​ព្រះ​យេស៊ូវ​កាន់​តែ​ខ្លាំង?

ឱ​ព្រះ​យេស៊ូវ ដែល​ជា​នំប៉័ង​ជីវិត សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្រេក​ឃ្លាន​រក​ព្រះ​អង្គ ហើយ​រក​ឃើញ​ភាព​ស្កប់​ស្កល់ នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ៤-៦ និង យ៉ូហាន ៦:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles