ផលផ្លែដែលនាំឲ្យគេចង់ទៅរកប្រភព

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត។ កាឡាទី ៥:២២-២៣

មាន​ស្រ្តី​ម្នាក់ ដែល​ជា​ម្ចាស់​កន្លែង​មើល​ក្មេង បាន​ព្យាយាម​លក់​ដើម​ប៉ែស​ជា​ច្រើន​ដើម។ គាត់​បាន​គិត​ឃើញ​វិធី​សាស្រ្ត​ខុស​ៗ​គ្នា ដើម្បី​លក់​ដើម​ទាំង​នោះ​។ តើ​គាត់​គួរ​តែ​យក​កូន​ដើម​ប៉ែស​ដែល​មាន​ស្លឹក​ច្រើន​ ទៅ​ដាក់​តាំង​ឲ្យ​មាន​ភាព​ទាក់​ទាញ? ឬ​គាត់​គួរ​តែ​ដាក់​តាំង​រូបថត​ដើម​ប៉ែស ក្នុង​កាតាឡុក ដោយ​បង្ហាញ​រដូវកាល​ខុស​ៗ​គ្នា​នៃ​ការ​លូតលាស់​របស់​ដើម​ប៉ែស?​ យ៉ាង​ហោច​ណាស់ គាត់​បាន​ដឹង​ថា មាន​កត្តា​អ្វី​ដែល​ពិត​ជា​ជួយ​ឲ្យ​គាត់​អាច​លក់​ដើម​ប៉ែស​ដាច់។ គឺ​ផ្លែ​ប៉ែស ដែល​មាន​ក្លិន​ក្រអូប ពណ៌​លឿង​ទុំ និង​សម្បករ​លោង ស្រដៀង​ផ្លែ​សូដា។ វិធី​ល្អ​បំផុត ដើម្បី​លក់​ដើម​ប៉ែស គឺ​ត្រូវ​យក​ផ្លែ​ប៉ែស​ទុំ​មួយ​ផ្លែ​មក​ដាក់​តាំង​បង្ហាញ ដោយ​កាត់​វា​មួយ​ចំណិត ​ធ្វើ​ឲ្យ​ទឹក​វា​ស្រក់​ចុះ​ពី​ផ្លែ​មក ហើយ​ឲ្យ​ភ្ញៀវ​ភ្លក់​រស់​ជាតិ​ចំណិត​ផ្លែ​ប៉ែស​នោះ។ ពេល​ដែល​ពួក​គេ​បាន​ភ្លក់​រស់​ជាតិ​ផ្លែ​វា​ហើយ ពួក​គេ​នឹង​ចង់​ទិញ​ដើម​របស់​វា​មិន​ខាន។

ព្រះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ តាម​រយៈ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ នៅ​ក្នុង​អ្នក​ដើរ​តាម​ព្រះ​អង្គ ដែល​មាន​ដូច​ជា សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត (កាឡាទី ៥:២២-២៣)។ ពេល​ណា​អ្នក​ជឿ​ព្រះ​យេស៊ូវ បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ អ្នក​ដទៃ​នឹង​មាន​ចិត្ត​ចង់​បាន​ផល​ផ្លែ​ទាំង​នោះ​ផង​ដែរ ហើយ​ក៏​នឹង​ស្វែង​រក​ព្រះ ដែល​ជា​ប្រភព​នៃ​ផល​ផ្លែ​ទាំង​នោះ ដែល​មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង។

ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ប្រកប​ស្និទ្ធស្នាល​ជា​មួយ​ព្រះ ដែល​នាំ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង។ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ជា​កត្តា​នាំ​ឲ្យ​អ្នក​ដទៃ​ស្គាល់​ព្រះ។ ការ​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ គឺ​ប្រៀប​ដូច​ជា​ការ​ប្រកាស​ដល់​លោកិយ ដែល​កំពុង​ស្រេក​ឃ្លាន​ថា “ក្នុង​ព្រះ​យេស៊ូវ មាន​អាហារ! មាន​ជីវិត! សូម​ចាក​ចេញ​ពី​ភាព​ហត់​នឿយ និង​ការ​បាក់​ទឹក​ចិត្ត ហើយ​ចូល​មក​ជួប​ព្រះ​អង្គ!”។​—Elisa Morgan

តើ​មាន​អ្វី​នាំ​អ្នក​ចូល​ទៅ​រក​ព្រះយេស៊ូវ កាល​ពី​ដំបូង? តើ​អ្នក​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​អ្នក ដូច​ម្តេច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​ចិត្ត​ចង់​ទៅ​រក​ព្រះ ដែល​ជា​ប្រភព​នៃ​ផល​ផ្លែ​ទាំង​នោះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​វិញ្ញាណ​ព្រះអង្គ ជួយ​ទូល​បង្គំ​ឲ្យ​មាន​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ក្នុង​ជីវិត​ទូល​បង្គំ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​ឃើញ​ព្រះ​អង្គ ហើយ​ចង់​ឲ្យ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ជីវិត​ពួក​គេ​ផង​ដែរ។

To learn more about the fruit of the Spirit, visit ODBU.org/NT050.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១កូរិនថូស ១៣-១៥ និង យ៉ូហាន ៧:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles