ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត។ លូកា ១៣:២៤
នំក្រូសង់ មីគាវ សម្លការីសាច់ជ្រូក និងអាហារឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ កំពុងរង់ចាំ អ្នកដែលរកឃើញ និងបានចូលទៅដល់ខាងក្នុងហាងកាហ្វេទ្វារចង្អៀត។ ហាងកាហ្វេនេះមានទីតាំង នៅទីក្រុងតៃណាន ប្រទេសតៃវ៉ាន់។ ហាងនេះមានច្រកចូលតាមផ្លូវដឿងហែមតូចចង្អៀតមួយ ដែលមានទទឹងប្រហែល៤០សង់ទីម៉ែត្រ គឺល្មមនឹងឲ្យមនុស្សដែលមានមាឌមធ្យម ប្រជ្រៀតខ្លួនចូលតាមច្រកទ្វារនោះបាន! តែទោះជាមានបញ្ហាប្រឈមមួយនេះក៏ដោយ ក៏ហាងកាហ្វេដ៏ពិសេសមួយនេះ បានទាក់ទាញមនុស្សជាច្រើន ចូលទិញអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសារ។
តើទ្វារចង្អៀតដែលបានពិពណ៌នា នៅក្នុងបទគម្ពីរ លូកា ១៣:២២-៣០ មានលក្ខណៈដូចនេះដែរទេ? មានពេលមួយ គេបានសួរព្រះយេស៊ូវថា “តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី?”(ខ.២៣)។ ព្រះអង្គក៏បានឆ្លើយថា “ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ”(ខ.២៤)។ ព្រះអង្គបានប្រើពាក្យប្រៀបប្រដូចនេះ ក៏ដើម្បីជំរុញពួកសាសន៍យូដា កុំឲ្យធ្វើការសន្និដ្ឋានខុស។ មានពួកសាសន៍យូដាជាច្រើនជឿថា ពួកគេនឹងបានចូលនគរព្រះ ព្រោះពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ ឬពួកគេបានកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះយេស៊ូវបានជំរុញពួកគេ ឲ្យខំចូលតាមទ្វារចង្អៀតនោះ “មុនពេលម្ចាស់ផ្ទះបិទទ្វារ”(ខ.២៥)។
ប្រវត្តិគ្រួសារ ឬការប្រព្រឹត្តល្អរបស់យើង មិនអាចជួយយើងឲ្យជានឹងព្រះនោះឡើយ។ មានតែជំនឿលើព្រះយេស៊ូវប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះយើង ឲ្យរួចពីបាប និងសេចក្តីស្លាប់(អេភេសូរ ២:៨-៩ និង ទីតុស ៣:៥-៧)។ ទ្វារនោះចង្អៀត តែអ្នកដែលទទួលជឿព្រះអង្គ អាចចូលតាមទ្វារនោះបាន។ ព្រះអង្គកំពុងអញ្ជើញមនុស្សទាំងអស់ ឲ្យឆ្លៀតឱកាសចូលតាមច្រកទ្វារចង្អៀត ទៅរកនគរព្រះអង្គ។—Poh Fang Chia
តើធ្វើដូចម្តេច ឲ្យអ្នកអាចមានទំនុកចិត្តថា អ្នកអាចចូលតាមទ្វារចង្អៀត ហើយបានរស់នៅអស់កល្បជានិច្ច ជាមួយព្រះយេស៊ូវ? ហេតុអ្វីការសម្រេចចិត្តនេះ ពិតជាសំខាន់ចំពោះអ្នក?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណសម្រាប់ការអញ្ជើញទូលបង្គំ ចូលនគរព្រះអង្គ។ ទូលបង្គំជឿថា ព្រះអង្គបានយាងមកសុគតជួសទូលបង្គំ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការយាងមកធ្វើព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២