ឈប់បង្អង់សិនដើម្បីអធិស្ឋាន
នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ។ យ៉ូស្វេ ៩:១៤ ក្បាលម៉ាស៊ីនទឹកសម្រាប់រថយន្តពន្លត់អគ្គីភ័យ បានបាញ់ទឹកបាចសាចដាក់ផ្លូវថ្នល់។ មានឡានជាច្រើនគ្រឿងបានបើកកាត់តាមនោះ នៅខាងមុខខ្ញុំ ហើយខ្ញុំគិតថា បើខ្ញុំបើកកាត់ពីមុខក្បាលម៉ាស៊ីនទឹកនោះ ខ្ញុំនឹងបានលាងឡានដោយឥតគិតថ្លៃ នេះជាឱកាសល្អណាស់! វាប្រឡាក់ដីក្រាស់បន្តិច ដោយសារខ្ញុំមិនបានលាងវាប្រហែល១ខែហើយ។ ដូចនេះ ខ្ញុំក៏បានបញ្ឆេះម៉ាស៊ីនឡាន បើកចូលទៅក្នុងកន្លែងដែលមានទឹកបាញ់សាចនោះ។ ពន្លឺថ្ងៃបានចាំងមកលើឡានរបស់ខ្ញុំ ដែលមានពណ៌ខ្មៅ ពេញមួយព្រឹកហើយ ធ្វើឲ្យកញ្ចក់ និងផ្ទៃខាងក្នុងរបស់វាមានកម្តៅក្តៅ។ តែទឹកដែលបានបាញ់ចេញមក ជាទឹកត្រជាក់។ គ្រាន់តែទឹកត្រជាក់បានបាញ់ប៉ះចំកញ្ចក់ខាងមុខដែលមានកម្តៅក្តៅភ្លាម ស្នាមប្រេះបានលេចឡើង យ៉ាងលឿនដូចផ្លេកបន្ទោរ នៅលើកញ្ចក់នោះ ពីលើមកក្រោម។ ការលាងឡានដោយឥតគិតថ្លៃនៅថ្ងៃនោះ ប្រែក្លាយជាការបង់ប្រាក់ជាច្រើន ដើម្បីជួសជុលកញ្ចក់ឡាន។ បើខ្ញុំបាន “ឈប់បង្អង់សិន” ដើម្បីគិតពិចារណា ឬអធិស្ឋាន មុននឹងសម្រេចចិត្តបើកឡានចូលទៅក្នុងកន្លែងទឹកបាញ់សាច់នោះ ម្ល៉េះខ្ញុំក៏មិនចាំបាច់ត្រូវជួសជុលកញ្ចក់ឡានដែរ។ តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ប្រជាជនអ៊ីស្រាអែលធ្លាប់ជួបរឿងដូចនេះ ក្នុងកាលៈទេសៈ ដែលធ្ងន់ធ្ងរជាងនេះ។ ព្រះទ្រង់បានសន្យាថា នឹងជួយពួកគេបណ្តេញជាតិសាសន៍ដទៃ ខណៈពេលដែលពួកគេចូលទឹកដីសន្យា ដែលព្រះអង្គនឹងប្រទានពួកគេ(យ៉ូស្វេ ៣:១០) ដើម្បីកុំឲ្យពួកគេជួបការល្បួង ឲ្យថ្វាយបង្គំព្រះក្លែងក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែមានជាតិសាសន៍មួយ បានឃើញពួកអ៊ីស្រាអែលមានជ័យជម្នះក្នុងសង្គ្រាមជាច្រើនដង ក៏បានប្រើនំប៉័ងដែលខូចដុះផ្សិត មកបញ្ឆោតពួកគេឲ្យជឿថា ខ្លួនជាប្រជាជនដែលមកពីស្រុកឆ្ងាយ។…
Read article