ហាងកាហ្វេទ្វារចង្អៀត

ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត។ លូកា ១៣:២៤

នំ​ក្រូសង់ មីគាវ សម្ល​ការី​សាច់​ជ្រូក និង​អាហារ​ឈ្ងុយ​ឆ្ងាញ់​គ្រប់​ប្រភេទ កំពុង​រង់​ចាំ អ្នក​ដែល​រក​ឃើញ និង​បាន​ចូល​ទៅ​ដល់​ខាង​ក្នុង​ហាង​កាហ្វេ​ទ្វារ​ចង្អៀត។ ហាង​កាហ្វេ​នេះ​មាន​ទីតាំង នៅ​ទីក្រុង​តៃណាន ប្រទេស​តៃវ៉ាន់។ ហាង​នេះ​មាន​ច្រក​ចូល​តាម​ផ្លូវ​ដឿងហែម​តូច​ចង្អៀត​មួយ ដែល​មាន​ទទឹង​ប្រហែល​៤០​សង់ទីម៉ែត្រ គឺ​ល្មម​នឹង​ឲ្យ​មនុស្ស​ដែល​មាន​មាឌ​មធ្យម ប្រជ្រៀត​ខ្លួន​ចូល​តាម​ច្រក​ទ្វារ​នោះ​បាន! តែ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​មួយ​នេះ​ក៏ដោយ ក៏​ហាង​កាហ្វេ​ដ៏​ពិសេស​មួយ​នេះ បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន ចូល​ទិញ​អាហារ និង​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសារ។

តើ​ទ្វារ​ចង្អៀត​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ លូកា ១៣:២២-៣០ មាន​លក្ខណៈ​ដូច​នេះ​ដែរ​ទេ? មាន​ពេល​មួយ គេ​បាន​សួរ​ព្រះ​យេស៊ូវ​ថា “តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តែ​បន្តិច​ទេ​ឬ​អី?”(ខ.២៣)។ ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​ថា “ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​រក​ចូល​ដែរ តែ​ចូល​មិន​បាន​ទេ”(ខ.២៤)។ ព្រះ​អង្គ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​នេះ ក៏​ដើម្បី​ជំរុញ​ពួក​សាសន៍​យូដា កុំ​ឲ្យ​ធ្វើ​ការ​សន្និដ្ឋាន​ខុស។ មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​ជឿ​ថា ពួកគេ​នឹង​បាន​ចូល​នគរ​ព្រះ ព្រោះ​ពួក​គេ​ជា​កូន​ចៅ​ជំនាន់​ក្រោយ​របស់​លោក​អ័ប្រាហាំ ឬ​ពួក​គេ​បាន​កាន់​តាម​ក្រឹត្យ​វិន័យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ជំរុញ​ពួក​គេ ឲ្យ​ខំ​ចូល​តាម​ទ្វារ​ចង្អៀត​នោះ “មុន​ពេល​ម្ចាស់​ផ្ទះ​បិទ​ទ្វារ”(ខ.២៥)។

ប្រវត្តិ​គ្រួសារ ឬ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង មិន​អាច​ជួយ​យើង​ឲ្យ​ជា​នឹង​ព្រះ​នោះ​ឡើយ។ មាន​តែ​ជំនឿ​លើ​ព្រះយេស៊ូវ​ប៉ុណ្ណោះ ដែល​អាច​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់(អេភេសូរ ២:៨-៩ និង ទីតុស ៣:៥-៧)។ ទ្វារ​នោះ​ចង្អៀត តែ​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ អាច​ចូល​តាម​ទ្វារ​នោះ​បាន។ ព្រះអង្គ​កំពុង​អញ្ជើញ​មនុស្ស​ទាំង​អស់ ឲ្យ​ឆ្លៀត​ឱកាស​ចូល​តាម​ច្រក​ទ្វារ​ចង្អៀត ទៅ​រក​នគរ​ព្រះ​អង្គ។—Poh Fang Chia

តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា អ្នក​អាច​ចូល​តាម​ទ្វារ​ចង្អៀត ហើយ​បាន​រស់​នៅ​អស់​កល្ប​ជានិច្ច ជា​មួយ​ព្រះ​យេស៊ូវ? ហេតុ​អ្វី​ការ​សម្រេច​ចិត្ត​នេះ ពិត​ជា​សំខាន់​ចំពោះ​អ្នក?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​អញ្ជើញ​ទូល​បង្គំ ចូល​នគរ​ព្រះ​អង្គ។ ទូល​បង្គំ​ជឿ​ថា ព្រះ​អង្គ​បាន​យាង​មក​សុគត​ជួស​ទូល​បង្គំ ហើយ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ទូលបង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​យាង​មក​ធ្វើ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​ទូល​បង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles