នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ។ យ៉ូស្វេ ៩:១៤
ក្បាលម៉ាស៊ីនទឹកសម្រាប់រថយន្តពន្លត់អគ្គីភ័យ បានបាញ់ទឹកបាចសាចដាក់ផ្លូវថ្នល់។ មានឡានជាច្រើនគ្រឿងបានបើកកាត់តាមនោះ នៅខាងមុខខ្ញុំ ហើយខ្ញុំគិតថា បើខ្ញុំបើកកាត់ពីមុខក្បាលម៉ាស៊ីនទឹកនោះ ខ្ញុំនឹងបានលាងឡានដោយឥតគិតថ្លៃ នេះជាឱកាសល្អណាស់! វាប្រឡាក់ដីក្រាស់បន្តិច ដោយសារខ្ញុំមិនបានលាងវាប្រហែល១ខែហើយ។ ដូចនេះ ខ្ញុំក៏បានបញ្ឆេះម៉ាស៊ីនឡាន បើកចូលទៅក្នុងកន្លែងដែលមានទឹកបាញ់សាចនោះ។
ពន្លឺថ្ងៃបានចាំងមកលើឡានរបស់ខ្ញុំ ដែលមានពណ៌ខ្មៅ ពេញមួយព្រឹកហើយ ធ្វើឲ្យកញ្ចក់ និងផ្ទៃខាងក្នុងរបស់វាមានកម្តៅក្តៅ។ តែទឹកដែលបានបាញ់ចេញមក ជាទឹកត្រជាក់។ គ្រាន់តែទឹកត្រជាក់បានបាញ់ប៉ះចំកញ្ចក់ខាងមុខដែលមានកម្តៅក្តៅភ្លាម ស្នាមប្រេះបានលេចឡើង យ៉ាងលឿនដូចផ្លេកបន្ទោរ នៅលើកញ្ចក់នោះ ពីលើមកក្រោម។ ការលាងឡានដោយឥតគិតថ្លៃនៅថ្ងៃនោះ ប្រែក្លាយជាការបង់ប្រាក់ជាច្រើន ដើម្បីជួសជុលកញ្ចក់ឡាន។
បើខ្ញុំបាន “ឈប់បង្អង់សិន” ដើម្បីគិតពិចារណា ឬអធិស្ឋាន មុននឹងសម្រេចចិត្តបើកឡានចូលទៅក្នុងកន្លែងទឹកបាញ់សាច់នោះ ម្ល៉េះខ្ញុំក៏មិនចាំបាច់ត្រូវជួសជុលកញ្ចក់ឡានដែរ។ តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ប្រជាជនអ៊ីស្រាអែលធ្លាប់ជួបរឿងដូចនេះ ក្នុងកាលៈទេសៈ ដែលធ្ងន់ធ្ងរជាងនេះ។ ព្រះទ្រង់បានសន្យាថា នឹងជួយពួកគេបណ្តេញជាតិសាសន៍ដទៃ ខណៈពេលដែលពួកគេចូលទឹកដីសន្យា ដែលព្រះអង្គនឹងប្រទានពួកគេ(យ៉ូស្វេ ៣:១០) ដើម្បីកុំឲ្យពួកគេជួបការល្បួង ឲ្យថ្វាយបង្គំព្រះក្លែងក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែមានជាតិសាសន៍មួយ បានឃើញពួកអ៊ីស្រាអែលមានជ័យជម្នះក្នុងសង្គ្រាមជាច្រើនដង ក៏បានប្រើនំប៉័ងដែលខូចដុះផ្សិត មកបញ្ឆោតពួកគេឲ្យជឿថា ខ្លួនជាប្រជាជនដែលមកពីស្រុកឆ្ងាយ។ “នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ ដូច្នេះយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ”(យ៉ូស្វេ ៩:១៤-១៥) ដោយល្មើសនឹងព្រះរាជបញ្ជារបស់ព្រះ ដោយមិនដឹងខ្លួន។
ពេលណាយើងយកការអធិស្ឋានជាជម្រើសទី១ មិនមែនជម្រើសចុងក្រោយ គឺមានន័យថា យើងទូលសូមព្រះទ្រង់ប្រទានទិសដៅ ប្រាជ្ញា និងព្រះពរ។ នៅថ្ងៃនេះ សូមព្រះអង្គជួយយើង ឲ្យឈប់បង្អង់សិន ដើម្បីអធិស្ឋាន។—James Banks
តើអ្នកធ្លាប់បានធ្វើការសម្រេចចិត្តធ្វើអ្វីខ្លះ ដោយមិនបានទូលសួរព្រះអង្គជាមុន? តើអ្នកមានការអ្វី ដែលត្រូវទូលសួរព្រះអង្គនៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានប្រាជ្ញា “ដោយព្រះទ័យសប្បុរស” និង “ដោយមិនចាប់កំហុស”(យ៉ាកុប ១:៥) ដល់អ្នកដែលទូលសូម។ សូមព្រះអង្គជួយទូលបង្គំ ឲ្យឈប់បង្អង់សិន ដើម្បីជជែកជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩