នោះ​ពួក​អ៊ីស្រាអែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ឡើយ។ យ៉ូស្វេ ៩:១៤

ក្បាល​ម៉ាស៊ីន​ទឹក​សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ បាន​បាញ់​ទឹក​បាច​សាច​ដាក់​ផ្លូវ​ថ្នល់។ មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​បើក​កាត់​តាម​នោះ នៅ​ខាង​មុខ​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​បើក​កាត់​ពី​មុខ​ក្បាល​ម៉ាស៊ីន​ទឹក​នោះ ខ្ញុំ​នឹង​បាន​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ នេះ​ជា​ឱកាស​ល្អ​ណាស់!  វា​ប្រឡាក់​ដី​ក្រាស់​បន្តិច​ ដោយសារ​ខ្ញុំ​មិន​បាន​លាង​វា​ប្រហែល​១​ខែ​ហើយ។ ដូចនេះ ខ្ញុំ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន​ឡាន ​បើក​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ទឹក​បាញ់​សាច​នោះ។

ពន្លឺ​ថ្ងៃ​បាន​ចាំង​មក​លើ​ឡាន​របស់​ខ្ញុំ ដែល​មាន​ពណ៌​ខ្មៅ ពេញ​មួយ​ព្រឹក​ហើយ ធ្វើ​ឲ្យ​កញ្ចក់ និង​ផ្ទៃខាង​ក្នុង​របស់​វា​មាន​កម្តៅ​ក្តៅ។ តែ​ទឹក​ដែល​បាន​បាញ់​ចេញ​មក ជា​ទឹក​ត្រជាក់។ គ្រាន់​តែ​ទឹក​ត្រជាក់​បាន​បាញ់​ប៉ះ​ចំ​កញ្ចក់​ខាង​មុខ​ដែល​មាន​កម្តៅ​ក្តៅ​ភ្លាម ស្នាម​ប្រេះ​បាន​លេច​ឡើង យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ នៅ​លើ​កញ្ចក់​នោះ ពី​លើ​មក​ក្រោម។ ការ​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នោះ ប្រែ​ក្លាយ​ជា​ការ​បង់​ប្រាក់​ជា​ច្រើន ដើម្បី​ជួស​ជុល​កញ្ចក់​ឡាន។

បើ​ខ្ញុំ​បាន​ “ឈប់​បង្អង់​សិន” ដើម្បី​គិត​ពិចារណា ឬ​អធិស្ឋាន មុន​នឹង​សម្រេច​ចិត្ត​បើក​ឡាន​ចូល​ទៅ​ក្នុង​កន្លែង​ទឹក​បាញ់​សាច់​នោះ ម្ល៉េះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ត្រូវ​ជួស​ជុល​កញ្ចក់​ឡាន​ដែរ។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ប្រជាជន​អ៊ីស្រាអែល​ធ្លាប់​ជួប​រឿង​ដូចនេះ ក្នុង​កាលៈទេសៈ ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជួយ​ពួកគេ​បណ្តេញ​ជាតិ​សាសន៍​ដទៃ ខណៈ​ពេល​ដែល​ពួក​គេ​ចូល​ទឹក​ដី​សន្យា ដែល​ព្រះអង្គ​នឹង​ប្រទាន​ពួក​គេ(​យ៉ូស្វេ ៣:១០) ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជួប​ការ​ល្បួង ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែ​មាន​ជាតិ​សាសន៍​មួយ បាន​ឃើញ​ពួក​អ៊ីស្រាអែល​មាន​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ជា​ច្រើនដង ក៏​បាន​ប្រើ​នំប៉័ង​ដែល​ខូច​ដុះ​ផ្សិត មក​បញ្ឆោត​ពួក​គេ​ឲ្យ​ជឿ​ថា ខ្លួន​ជា​ប្រជាជន​ដែល​មក​ពី​ស្រុក​ឆ្ងាយ។ “នោះ​ពួក​អ៊ីស្រាអែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ឡើយ ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ”(យ៉ូស្វេ ៩:១៤-១៥) ដោយ​ល្មើស​នឹង​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ដោយ​មិន​ដឹង​ខ្លួន។

ពេល​ណា​យើង​យក​ការ​អធិស្ឋាន​ជា​ជម្រើស​ទី​១ មិន​មែន​ជម្រើស​ចុង​ក្រោយ គឺ​មាន​ន័យ​ថា យើង​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​ទិសដៅ ប្រាជ្ញា និង​ព្រះពរ។ នៅ​ថ្ងៃ​នេះ សូម​ព្រះ​អង្គ​ជួយ​យើង​ ឲ្យ​ឈប់​បង្អង់​សិន ដើម្បី​អធិស្ឋាន។—James Banks

តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វីខ្លះ ដោយ​មិន​បាន​ទូល​សួរ​ព្រះ​អង្គ​ជា​មុន? តើ​អ្នក​មាន​ការ​អ្វី ដែល​ត្រូវ​ទូល​សួរ​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ប្រាជ្ញា “ដោយ​ព្រះ​ទ័យ​សប្បុរស” និង “ដោយ​មិន​ចាប់​កំហុស”(យ៉ាកុប ១:៥) ដល់​អ្នក​ដែល​ទូល​សូម។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ឈប់​បង្អង់​សិន ដើម្បី​ជជែក​ជា​មួយ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩