ព្រឹក

ក្តីសង្ឃឹមដែលនាំយើងឆ្លងកាត់ខ្យល់ព្យុះ
ដោយXochitl Dixon
May 31, 2022
ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ។ ទំនុកដំកើង ១០៧:២៩ កាលពីរដូវផ្ការីក ឆ្នាំ២០២១ អ្នកដេញតាមខ្យល់ព្យុះបួនប្រាំនាក់ បានថតវីដេអូ និងថតបានរូបឥន្ទធនូ នៅក្បែរខ្យល់កួចយក្សថូនេដូ នៅរដ្ឋតិចសាស់។ ក្នុងវីដេអូមួយនោះ គេឃើញមានដើមស្រូវសាឡីជាច្រើនគំនរ ត្រូវកម្លាំងខ្យល់គួចឡើងទៅលើ បង្កើតជារូបរាងវែងៗ។ ឥន្ទធនូក៏បានបង្ហាញខ្លួនកាត់តាមផ្ទៃមេឃពណ៌ខ្មៅ ហើយចំកោងខ្លួន ទៅរកខ្យល់កួចយក្សនោះ។ ក្នុងវីដេអូមួយទៀត គេឃើញមនុស្សឈរមើលហេតុការណ៍នេះ នៅតាមចិញ្ចើមផ្លូវ ហើយគយគន់ឥន្ទធនូជានិមិត្តរូបនៃសេចក្តីសង្ឃឹម នៅក្បែរខ្យល់កួចដ៏កាចសាហាវ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០៧ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើងឲ្យមានក្តីសង្ឃឹម ដោយងាកទៅរកព្រះ ក្នុងពេលដ៏ពិបាក។ គាត់បានពិពណ៌នា អំពីអ្នកខ្លះ ដែលកំពុងស្ថិតក្នុងស្ថានភាពដែលប្រៀបដូចជាខ្យល់ព្យុះ ដោយឥតមានយោបល់ (ខ.២៧)។ បន្ទាប់មក “គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ”(ខ.២៨)។ ព្រះទ្រង់ជ្រាបថា ជួនកាល កូនៗរបស់ព្រះអង្គពិបាកនឹងរកឃើញក្តីសង្ឃឹម ពេលដែលជីវិតរបស់ពួកគេហាក់ដូចជាកំពុងជួបខ្យល់ព្យុះ។ ស្ថិតក្នុងពេលបែបនេះ យើងចាំបាច់ត្រូវនឹកចាំ អំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ ជាពិសេស នៅពេលដែលយើងឃើញភាពងងឹត និងការភ័ន្តភាំង។ ខ្យល់ព្យុះបានមកដល់ជីវិតយើង ប្រៀបដូចជាឧបសគ្គ ក្នុងលក្ខណៈជាភាពជ្រួលច្របល់ក្នុងផ្លូវអារម្មណ៍ ឬក្នុងលក្ខណៈជាភាពតានតឹងក្នុងផ្លូវចិត្ត តែព្រះទ្រង់អាចធ្វើឲ្យខ្យល់ព្យុះស្ងប់ ដោយមានបន្ទូលតែមួយព្រះឱស ហើយដឹកនាំយើង ទៅរកកន្លែងជ្រកកោន(ខ.២៩-៣០)។ យើងប្រហែលមិនមានភាពធូរស្រាល តាមរបៀប ឬពេលវេលាដែលយើងចង់បាននោះទេ តែយើងអាចទុកចិត្តថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យាព្រះអង្គ ដែលមានចែងក្នុងព្រះគម្ពីរ។ សេចក្តីសង្ឃឹមដ៏ស្ថិតស្ថេរ ដែលព្រះអង្គប្រទាន នឹងនាំយើងឆ្លងផុតខ្យល់ព្យុះគ្រប់យ៉ាង។—Xochitl Dixon តើនៅពេលណា អ្នកពិបាកនឹងស្វែងរកក្តីសង្ឃឹម ក្នុងអំឡុងពេលដែលមានខ្យល់ព្យុះក្នុងជីវិតអ្នក? តើព្រះទ្រង់បានមានបន្ទូលសន្យាអ្វីខ្លះ ក្នុងព្រះគម្ពីរ ដើម្បីឲ្យអ្នកមានក្តីសង្ឃឹម? ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានក្តីសង្ឃឹម ទោះមានរឿងអ្វីកើតឡើងក្នុងជីវិតទូលបង្គំក៏ដោយ។ គម្រោងអានព្រះគម្ពីររយៈពេល : ១ឆ្នាំ២របាក្សត្រ ១៣-១៤ និង យ៉ូហាន ១២:១-២៦
ប្រភេទ
ល្ងាច

ឲ្យអំណោយ ដោយក្តីស្រឡាញ់
ដោយKirsten Holmberg
May 31, 2022
នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។ ម៉ាថាយ ៦:៤ រៀងរាល់ថ្ងៃ លោកគ្លែន(Glen) តែងតែទៅទិញកាហ្វេពេលព្រឹក នៅហាងលក់កាហ្វេនៅក្បែរតំបន់គាត់រស់នៅ ដែលនៅទីនោះ អ្នកទិញត្រូវបើកឡានបន្តកន្ទុយគ្នាជាជួរ ចូលតាមច្រកតែមួយ ដើម្បីរង់ចាំទិញកាហ្វេម្តងម្នាក់ៗ។ ហើយជារៀងរាល់ថ្ងៃ គាត់ក៏បានចេញថ្លៃកាហ្វេឲ្យអ្នកបើកឡាន ដែលកំពុងរង់ចាំខាងក្រោយគាត់ជានិច្ច ដោយគ្រាន់តែប្រាប់អ្នកគិតលុយ ឲ្យជូនពរអ្នកនោះឲ្យសុខសប្បាយ។ លោកគ្លែនមិនបានស្គាល់ពួកគេទេ។ គាត់ក៏មិនបានដឹង អំពីការឆ្លើយតបរបស់ពួកគេដែរ។ គាត់គ្រាន់តែជឿថា វាជាទង្វើតូចបំផុតដែលគាត់អាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃមួយ គាត់ក៏បានដឹង អំពីឥទ្ធិពលនៃទង្វើរបស់គាត់ ពេលគាត់អានសំបុត្រអនាមិកមួយ ដែលគេបានផ្ញើមកក្រុមហ៊ុនកាសែត ក្នុងតំបន់គាត់។ គាត់ក៏បានដឹងថា អំណោយដែលគាត់បានឲ្យគេ ដោយចិត្តសប្បុរស នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ បានបណ្តាលឲ្យអ្នកបើកឡាន នៅពីក្រោយឡានគាត់ បានផ្លាស់ប្តូរគំនិត លែងចង់សម្លាប់ខ្លួន នៅថ្ងៃនោះ។ លោកគ្លែនបានឲ្យអំណោយជាប្រចាំថ្ងៃ ដល់អ្នកបើកបរឡាន នៅពីក្រោយឡានគាត់ ដោយមិនចង់បានការអរគុណ ឬការសរសើរឡើយ។ ទើបតែលើកនេះទេ ដែលគាត់បានមើលឃើញឥទ្ធិពល នៃអំណោយដ៏តូចរបស់គាត់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់ព្រះយេស៊ូវ ឲ្យយើងធ្វើទាន ដោយមិនឲ្យដៃស្តាំ ដឹងអំពីការដែលដៃឆ្វេងធ្វើ(ម៉ាថាយ ៦:៣)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងជំរុញយើង ឲ្យធ្វើទាន ឬឲ្យអំណោយ ដោយមិនចង់បានការទទួលស្គាល់ ដូចលោកគ្លែនផងដែរ។ ពេលណាយើងឲ្យអ្វីមួយ ដល់នរណាម្នាក់ ដោយក្តីស្រឡាញ់ដល់ព្រះ ដោយមិនចង់បានការសរសើរពីអ្នកដទៃ នោះយើងអាចទុកចិត្តថា ព្រះអង្គនឹងប្រើអំណោយរបស់យើង ទោះតូចឬធំក្តី ដើម្បីជួយបំពេញតម្រូវការរបស់អ្នក ដែលទទួលជឿព្រះអង្គ។—Kirsten Holmberg តើអ្នកធ្លាប់បានទទួលអំណោយពីជនអនាមិក យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចឲ្យអំណោយដល់អ្នកដទៃ ដោយលាក់កំបាំង យ៉ាងដូចម្តេចខ្លះ? ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រើទូលបង្គំ ដើម្បីបំពេញតម្រូវការអ្នកដទៃ និងបំពេញតម្រូវការទូលបង្គំ តាមរយៈពួកគេ។ សូមព្រះអង្គជួយទូលបង្គំ កុំឲ្យស្វែងរកការសរសើរ ពេលដែលទូលបង្គំឲ្យអំណោយ តាមរបៀបដែលថ្វាយសិរីល្អដល់ព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៥-១៦ និង យ៉ូហាន ១២:២៧-៥០