ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត។ ទំនុកដំកើង ៤២:៥
ក្នុងអំឡុងពេលដំណើរកម្សាន្ត នៅខែតុលា ការឈឺចាប់ដ៏រ៉ាំរ៉ៃក្នុងរូបកាយរបស់ខ្ញុំបានរើឡើងវិញ បានជាខ្ញុំត្រូវតយុទ្ធនឹងវា ដោយបង្ខំចិត្តចំណាយពេលពីរបីថ្ងៃដំបូង សម្រាកនៅក្នុងបន្ទប់ស្នាក់នៅ។ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ដូចជាផ្ទៃមេឃដែលកំពុងមានភាពងងឹត នៅថ្ងៃនោះ។ ទីបំផុត ពេលដែលខ្ញុំបានចេញទៅមើលទេសភាព នៅក្បែរប៉មបញ្ចាំងពន្លឺ ជាមួយស្វាមីខ្ញុំ នៅក្បែរនោះ ពពកពណ៌ខ្មៅបានបាំងបាត់ភាពស្រស់ស្អាតជាច្រើន។ តែខ្ញុំនៅតែអាចថតរូបទេសភាពភ្នំដែលមានពណ៌ព្រាលៗ ជាប់នឹងជើងមេឃ បានពីរបីប៉ុស្តិ៍។
ក្រោយមក ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យយើងមិនអាចចេញខាងក្រៅបាន នៅពេលយប់ ដូចនេះ ខ្ញុំក៏បានបើកមើលរូបថតក្នុងកាំមីរ៉ាឌីជីធល។ ខ្ញុំក៏បានហុចកាំមីរ៉ាឲ្យទៅស្វាមីខ្ញុំមើល ដោយចិត្តរំភើបយ៉ាងខ្លាំង ពេលដែលខ្ញុំបានឃើញឥន្ទធនូ នៅក្នុងរូបដែលខ្ញុំថតបាន។ មុននោះ ខ្ញុំបានផ្ដោតទៅលើផ្ទៃមេឃស្រទំ និងភាពអាប់អួរខ្លាំងពេក បានជាខ្ញុំមិនបានមើលឃើញឥន្ទធនូ ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា ហើយអាចធ្វើឲ្យខ្ញុំនឹកចាំ អំពីនិមិត្តរូបនៃក្តីសង្ឃឹម(លោកុប្បត្តិ ៩:១៣-១៦)។
ការឈឺចាប់ខាងរូបកាយ ឬផ្លូវអារម្មណ៍ច្រើនតែអាចទាញយើងទម្លាក់ចូលទៅក្នុងរណ្តៅនៃភាពអស់សង្ឃឹមដ៏សែនជ្រៅ។ យើងចង់មានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ ហេតុនេះហើយ យើងត្រូវនឹកចាំ អំពីព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ និងអំណាចចេស្តារបស់ព្រះអង្គដែលគ្មានដែនកំណត់(ទំនុកដំកើង ៤២:១-៣)។ ពេលណាយើងនឹកចាំ អំពីពេលដែលព្រះទ្រង់បានជួយយើង និងអ្នកដទៃ ម្តងហើយម្តងទៀត កាលពីមុន នោះយើងអាចទុកចិត្តថា ក្តីសង្ឃឹមរបស់យើងនៅជាប់ក្នុងព្រះអង្គ ទោះមានអារម្មណ៍ថាពិបាកចិត្តយ៉ាងណាក៏ដោយ ក្នុងពេលនេះ(ខ.៤-៦)។
ពេលណាអារម្មណ៍មិនល្អ ឬកាលៈទេសៈដ៏ពិបាកបានធ្វើឲ្យគំនិតយើងមានភាពស្រពិចស្រពិល ព្រះទ្រង់ត្រាស់ហៅយើង ឲ្យអំពាវនាវរកព្រះអង្គ អានព្រះគម្ពីរ និងទុកចិត្តលើភាពស្មោះត្រង់របស់ព្រះអង្គ(ខ.៧-១១)។ ពេលណាយើងស្វែងរកបំណងព្រះទ័យព្រះអង្គ យើងអាចពឹងផ្អែកលើជំនួយព្រះអង្គ ដើម្បីឲ្យយើងអាចរកឃើញក្តីសង្ឃឹម នៅក្នុងថ្ងៃងងឹតបំផុត។—Xochitl Dixon
តើការមានអារម្មណ៍មិនល្អ បាននាំឲ្យប៉ះពាល់ការគិតរបស់អ្នកដូចម្តេចខ្លះ? តើធ្វើដូចម្តេចឲ្យអ្នកអាចមានក្តីសង្ឃឹម ដែលស្របតាមបំណងព្រះទ័យព្រះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយវិញ្ញាណទូលបង្គំ ឲ្យមានភាពស្រស់ថ្លាឡើង ហើយបានកែប្រែការទូលអង្វរសូមសេចក្តីមេត្តា ឲ្យក្លាយជាការសរសើរដំកើង ដែលមានពេញដោយក្តីសង្ឃឹម។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៩-២០ និង យ៉ូហាន ១៣:២១-៣៨