អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ

ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ។ អេភេសូរ ៤:២៤

លោក​គ្រីស(Chris)បាន​ធ្វើ​តេស្តឈាម បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខួរ​ឆ្អឹង​ខ្នង បាន​រយៈ​ពេល​៤​ឆ្នាំ ដែល​បាន​សង្រ្គោះ​ជីវិត​គាត់។ អ្នក​បរិច្ចាគ​ខួរ​ឆ្អឹង​ខ្នង​បាន​ផ្តល់​ឲ្យ​នូវ​ខួរ​ឆ្អឹង​ខ្នង ដើម្បី​ព្យាបាល​លោក​គ្រីស ដោយ​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្តឈាម​លោក​គ្រីស​ក៏​បាន​រក​ឃើញ​ថា ឌីអិនអេ នៅ​ក្នុង​ឈាម​របស់​លោក​គ្រីស គឺ​ជា​ឌីអិនអេ​របស់​អ្នក​បរិច្ចាគ មិន​មែន​ជា​ឌីអិនអេ​របស់​គាត់​ឡើយ។ គោលដៅ​នៃ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ជំនួស​ឈាម​ខ្សោយ ដោយ​ឈាម​ដែល​មាន​សុភាព​ល្អ​របស់​អ្នក​បរិច្ចាគ។ ហើយ​សូម្បី​តែ​នៅ​ក្នុង​សំណាក​ដែល​ពេទ្យ​បាន​យក​ចេញ​ពី​ថ្ពាល់ បបូរ​មាត់ និង​អណ្តាត​របស់​លោក​គ្រីស ក៏​មាន​ឌីអិនអេ របស់​អ្នក​បរិច្ចាគ​ផង​ដែរ។ គាត់​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ទោះ​គាត់​នៅ​មាន​ការ​ចង​ចាំ រូប​រាង្គ​ខាង​ក្រៅ និង​ឌីអិនអេ ដើម​ខ្លះ​ក៏​ដោយ។

រឿង​របស់​លោក​គ្រីស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​កើត​ឡើង ក្នុង​ជីវិត​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​សង្រ្គោះ ពី​ព្រះ​យេស៊ូវ។ នៅ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ នៅ​ខណៈ​ពេល​ដែល​យើង​ជឿ​ព្រះ​យេស៊ូវ យើង​ក៏​បាន​កើត​ជា​ថ្មី(២កូរិនថូស ៥:១៧)។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ពួកគេ​មាន​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដោយ “​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ” ហើយ “​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ”(អេភេសូរ ៤:២២-២៤)។ ពោល​គឺ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​គ្រីស្ទ។

យើង​មិន​ត្រូវ​ការ​យក​សំណាក ឬ​ធ្វើ​តេស្ដ​ឈាម​ដើម្បី​ពិនិត្យ​មើល​ឌីអិនអេ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះយេស៊ូវ​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ។ ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង គឺ​តែង​តែ​បង្ហាញ​ចេញ​មក​ខាង​ក្រៅ តាម​របៀប​ដែល​យើង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដោយ “មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ”​(ខ.៣២)។—Kirsten Holmberg

តើ​ព្រះយេស៊ូវ​បាន​កែប្រែ​ចិត្ត​អ្នក​យ៉ាង​ដូចម្តេច​ខ្លះ? តើ​ការ​ផ្លាស់​ប្រែ​ខាង​ក្នុង បាន​បង្ហាញ​ចេញ​មក តាម​រយៈ​របៀប​ដែល​អ្នក​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ឬ​ទេ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ប្រទាន​ជីវិត​ថ្មី និង​ឲ្យ​ទូល​បង្គំ​កើត​ជា​ថ្មី ក្នុង​ព្រះ​អង្គ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​លះ​ចោល​ជីវិត​ចាស់ ហើយ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​វិញ។

Read New Life: The Transforming Power of the Gospel at DiscoverySeries.org/Q0417.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៤-៦ និង កិច្ចការ ២:២២-៤៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles